ជិតប្រាំបីខែនៃឆ្នាំ២០២៣ រាជរដ្ឋាភិបាលចំណាយថវិកាជាង ១៦ ពាន់លានរៀលដល់សមាជិក ប.ស.ស ជាស្រ្តីសម្រាលកូន
ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានបញ្ជាក់ឱ្យដឹងថា រយៈពេលជិតប្រាំបីខែក្នុងឆ្នាំ២០២៣នេះ ស្រ្តីសម្រាលកូនជិតបួនម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលសរុបប្រមាណជាង ១៦ ៨២៦លានរៀល។

ជាមួយគ្នានេះទឹកប្រាក់សរុបប្រមាណជាងពីរពាន់លានរៀល ត្រូវបានរាជរដ្ឋាភិបាលបើកផ្តល់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក្នុងរយៈពេល ២១ ថ្ងៃ ក្នុងខែសីហា ឆ្នាំ២០២៣នេះ។

តាមរយៈ ប.ស.ស លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យនៃបេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់នៅថ្ងៃទី២១ ខែសីហាថា បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសដាក់ចេញនូវគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ចាប់ពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី២១ ខែសីហា ទឹកប្រាក់សរុបប្រមាណជាងពីរពាន់លានរៀល ត្រូវបានរាជរដ្ឋាភិបាលបើកផ្តល់ជូនបងប្អូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ តាមរយៈ ប.ស.ស។

លោកបានបន្ថែមថា ក្នុងនោះ ស្រ្តីពិនិត្យផ្ទៃពោះមុនសម្រាលមានចំនួន ២ ៧៥០នាក់, ពិនិត្យសុខភាពក្រោយសម្រាលចំនួន ១ ១០០នាក់, កុមារអាយុក្រោម២ឆ្នាំ ដែលបានទទួលវ៉ាក់សាំងចំនួន ៧៥៤នាក់, និងស្រ្តីបានសម្រាលកូនរួចចំនួន ៣ ២២៧នាក់ ដែលមានចំនួនកូនសរុប ៣ ២៤១នាក់។
លោក ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា បើគិតចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ប.ស.សបានបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសរុបប្រមាណជាង ១៦ ៨២៦លាន ៧២ម៉ឺន រៀល ដល់សមាជិក ប.ស.ស ជាស្រ្តីសម្រាលកូនសរុបចំនួន ៣៩ ៩៤៧នាក់ និងមានចំនួនកូនសរុប ៤០ ២២៣នាក់»។

ទន្ទឹមនឹងការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនេះដែរ បេឡាជាតិសន្តិសុខសង្គម ក៏បានបើកផ្តល់តាវកាលិកផ្នែកថែទាំសុខភាពជូនសមាជិករបស់ខ្លួន ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ ដែលក្នុងរយៈពេលដូចគ្នា គឺចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី២១ ខែសីហានេះ ប.ស.ស. បានចំណាយថវិកាប្រមាណជាង ៨៣ ៨១៧លានរៀលស្មើនឹង ៤៦ ៩៩១ ករណី។
លោកបានសង្កត់ធ្ងន់ថា ៖ «តាមរយៈការផ្តល់នូវប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍ជាច្រើននេះ សរបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលបានផ្តល់ការគាំពារ និងយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសកម្មករនិយោជិត តាមរយៈគោលនយោបាយដែលបានដាក់ចេញថ្មីៗជាបន្តបន្ទាប់»។

លោក ហេង សុផាន់ណារិទ្ធ ធ្លាប់បានបញ្ជាក់កាលពីសប្តាហ៍មុនថា រដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា នឹងបន្តអនុវត្តនូវកម្មវិធីនានា ក៏ដូចជាកម្មវិធីនៃការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ ឆ្នាំ បើទោះបីជាមានការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីថ្មីក៏ដោយ។
លោកថា ការផ្តល់ប្រាក់ឧបត្ថម្ភនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលកើតចេញពីកម្មវិធីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការចូលរួមលើកកម្ពស់សុខមាលភាពមាតា ទារក ជាដើម៕ ដោយ៖ នាង សុគន្ធា