អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ដំណើរអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ» ដល់មន្រ្តីរបស់ខ្លួន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ដំណើរអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ (សម្បត្តិវប្បធម៌ បរិស្ថាន និងសង្គមមនុស្ស)» ដើម្បីផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ និងធ្វើការស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរផងដែរ។

សិក្ខាសាលានេះបានរៀបចំឡើងនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីមន្រ្តី-បុគ្គលិកប្រមាណ១០០នាក់ក្រោមអធិបតីភាពលោក សុខ លក្ខិណា តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាអ្នកតំណាងគ្រប់គ្រងបរិស្ថានអង្គរ។

យោងតាមអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សិក្ខាសាលានេះ មានការធ្វើនូវបទបង្ហាញចំនួនបីសំខាន់ៗ ពីវាគ្មិនដែលជាមន្រ្តីជំនាញរបស់អាជ្ញាធរជាតិអប្សរា។ បទបង្ហាញនោះមាន៖ សម្បត្តិវប្បធម៌-បរិស្ថាន និងសង្គមមនុស្ស, ការរួមចំណែករបស់នាយកដ្ឋានគ្រប់គ្រងដីធ្លីបេតិកភណ្ឌក្រុង និងសហគមន៍ ក្នុងដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ និងចុងក្រោយបទបង្ហាញពី ប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងការជួសជុល។

សូមរំឮកថា អាជ្ញាធរជាតិអប្សរា តែងតែរៀបចំសិក្ខាសាលា ស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរជាទៀងទាត់បួនដងក្នុងមួយឆ្នាំ ដល់មន្រ្តី-បុគ្គលិកគ្រប់រូបដើម្បីការចូលរួមអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ជួយថែរក្សាការពារមរតក និងបរិស្ថានអង្គរឱ្យបានគង់វង្ស។

ទាក់ទងនឹងសិក្ខាសាលានេះ លោក ឡុង កុសល អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី២១ ខែសីហាថា តំបន់រមណីយដ្ឋានអង្គរ បានទទួលបានកម្រិត ISO 14001 ជារៀងរាល់ឆ្នាំជាប់ៗគ្នា ក្នុងរយៈពេល ១០ឆ្នាំ កន្លងមកនេះ។

លោកបន្តថា បញ្ហានេះ ទាមទាឱ្យអាជ្ញាធរជាតិអប្សរាធ្វើការបណ្តុះបណ្តាល មន្ត្រី និងបុគ្គលិកជាប្រចាំ ដើម្បីឱ្យពួកគាត់ស្វែងយល់ និងធ្វើបច្ចុប្បន្នភាពនូវព័ត៌មានថ្មីៗ ទៅលើនីតិវិធីនៃការអនុវត្តការងារ ជាពិសេសសន្សំសំចៃចំពោះការប្រើប្រាស់ធនធានដែលមានបច្ចុប្បន្ន ឱ្យមានប្រសិទ្ធភាពខ្ពស់។

មួយវិញទៀត លោក ឡុង កុសល ក៏បានបញ្ជាក់ដែរថា សិក្ខាសាលាដែលត្រូវបានរៀបចំនេះ គឺជាគោលបំណងរបស់អាជ្ញាធរជាតិអប្សរា ក្នុងការពង្រឹងសមត្ថភាពរបស់មន្ត្រី ឱ្យមានប្រសិទ្ធិភាពក្នុងការអនុវត្តការងារនៅពេលអនាគត ព្រោះថា នាពេលអនាគតមន្ត្រីទាំងអស់នោះ គឺជាអ្នកបន្តវេនលើការងារថែរក្សា អភិរក្ស ប្រកបដោយចីរភាពនូវរមណីយដ្ឋានអង្គរនេះ។ បើពួកគាត់មិនទទួលបានការអប់រំ និងពង្រឹងសមត្ថភាព ឱ្យបានត្រឹមត្រូវទេ វានឹងនាំឱ្យមានការខកខានចំពោះការអនុវត្តការងារដោយប្រការណាមួយនៅពេលអនាគត។

លោកបានថ្លែងថា ៖ «ដូច្នេះ ទាំងអស់គ្នា ត្រូវតែធ្វើការស្វែងយល់ឱ្យទទួលបាននូវព័ត៌មានសំខាន់ៗពាក់ព័ន្ធទៅនឹងវិធីសាស្ត្រ និងចក្ខុវិស័យផ្សេងៗដែលអាជ្ញាធរជាតិអប្សរាដាក់ចេញ។ មួយវិញទៀត វាជាការពង្រឹងផ្ទៃក្នុងរបស់ខ្លួនឯងផង ប៉ុន្តែអ្វីដែលសំខាន់ធ្វើឱ្យមន្ត្រីបុគ្គលិករបស់យើងស្វែងយល់បរិស្ថានប្រព័ន្ធគ្រប់គ្រងអង្គរ ឱ្យបានច្បាស់លាស់»។

បើតាមលោក ឡុង កុសល បរិស្ថានមនុស្ស ធម្មជាតិ និងប្រាសាទ គឺជាផ្នែកមួយនៃបេតិកភណ្ឌ ដែលទាំងអស់នេះមិនអាចខ្វះគ្នាបាននោះទេ។ ដូច្នេះ ការរៀបចំសិក្ខាសាលាផ្ទៃក្នុងនាពេលនេះ ពិតជាមានសារៈសំខាន់៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner