ក្រសួងសុខាភិបាលសម្រេចបិទមន្ទីរពេទ្យនិងមន្ទីរសម្រាកព្យាបាលឯកជនពីរកន្លែងក្រោយរកឃើញថាមិនបានគោរពលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានសម្រេចបិទនិងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរពេទ្យ«ប៊ីធនកម្ពុជា» និងមន្ទីរសម្រាកព្យាបាលឯកជន «ស្ពានមង្គល» ក្រោយបានរកឃើញថា មន្ទីរពេទ្យទាំងពីរនេះមិនបានគោរពលក្ខខណ្ឌ បច្ចេកទេស មិនគោរពកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកមន្ទីរពេទ្យ និងមិនអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ។
នេះបើយោងតាមសេចក្តីសម្រេចពីរផ្សេងគ្នា ដែលចុះហត្ថលេខា ដោយ លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនៅថ្ងៃទី២០ និងទី២១ ខែសីហា ឆ្នាំ២០២៣។
មន្ទីរពេទ្យ «ប៊ីធនកម្ពុជា» មានទីតាំងនៅផ្ទះលេខ៥០៦ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងមន្ទីរសម្រាកព្យាបាល «ស្ពានមង្គល» មានទីតាំងស្ថិតនៅផ្ទះលេខ ៥១០ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន បានឱ្យដឹងថា ៖ «ការបិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរពេទ្យ «ប៊ីធនកម្ពុជា» ដោយមូលហេតុមន្ទីរពេទ្យនេះមិនបានគោរពលក្ខខណ្ឌបច្ចេកទេស មិនគោរពកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកមន្ទីរពេទ្យ និងមិនអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ»។
លោកជំទាវបានពន្យល់ថា បន្ទាប់ពីក្រសួងសុខាភិបាលបានសម្រេចបិទនិងដកហូតសេចក្ដីសម្រេចស្តីពីការបើកមន្ទីរពេទ្យ “ប៊ីធនកម្ពុជា” ហើយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងបន្តនីតិវិធីស្រាវជ្រាវ និងអនុវត្តវិធានការច្បាប់ជាធរមាន ចំពោះម្ចាស់មន្ទីរពេទ្យ និងគ្រូពេទ្យដែលពាក់ព័ន្ធក្នុងករណីនេះ។
លោកជំទាវបញ្ជាក់ថា ៖ «ដើម្បីពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ក្រសួងសុខាភិបាល សូមណែនាំដល់ម្ចាស់មូលដ្ឋានសុខាភិបាល ឯកជនទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងផ្តល់សេវាប្រកបដោយគុណភាព សុវត្ថិភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈដោយ ស្មារតីទទួលខុសត្រូវខ្ពស់»។
ដូចគ្នានេះដែរ ដោយយោងតាមការចុះត្រួតពិនិត្យរបស់ក្រុមការងារចម្រុះ នៅមន្ទីរសម្រាកព្យាបាល ស្ពានមង្គល បានពិនិ ត្យ ស្រាវជ្រាវករណីស្លាប់អ្នកជំងឺម្នាក់ក្រោយពីបានបញ្ជូនពីមន្ទីរសម្រាកព្យាបាលនេះដោយរថយន្តគិលានសង្គ្រោះទៅ សង្គ្រោះបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែសីហា និងបានសន្និដ្ឋានថា មន្ទីរសម្រាកព្យាបាល ស្ពានមង្គល មានចំណុចខ្វះខាតមួយចំនួន ក្នុងការធ្វើរោគវិនិច្ឆ័យ បច្ចេកទេសជួយ សង្គ្រោះបន្ទាន់ និងពេលបញ្ជូនអ្នកជំងឺ។
លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រសួងសុខាភិបាលបានសម្រេចបិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរសម្រាកព្យាបាល ឯកជនឈ្មោះ ស្ពានមង្គល ចាប់ពីពេលនេះតទៅ។
ទាក់ទងនឹងករណីនេះដែរ លោក ឡី សុភាព ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានគាំទ្រចំពោះវិធានការ និងចំណាត់ការរបស់ក្រសួងលើមន្ទីរពេទ្យ «ប៊ីធនកម្ពុជា» និងមន្ទីរសម្រាកព្យាបាលឯកជន «ស្ពានមង្គល» នេះ ព្រោះមន្ទីរពេទ្យនេះ មិនគោរពតាមច្បាប់របស់ប្រទេសកម្ពុជា និងមានកំហុសបច្ចេកទេស ដោយឱ្យមនុស្សមិនមានជំនាញពេទ្យ និងគ្មានអាជ្ញាប័ណ្ណគណៈគ្រូពេទ្យកម្ពុជា ទៅព្យាបាលមនុស្ស បណ្តាលឱ្យស្លាប់។
លោកបានប្រាប់ឱ្យដឹងថា៖ «ការបិទនេះ វាសមស្រប និងសមហេតុសមហេតុផលហើយ។ ដូច្នេះ ខ្ញុំសុំប្រកាសគាំទ្រ បើមិនដូច្នោះទេ វានឹងធ្វើឱ្យមនុស្ស ស្លាប់កាន់តែច្រើន ពេលទៅព្យាបាលនៅពេទ្យហ្នឹង»។
សូមរំលឹកថា កាលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ មានស្ត្រីម្នាក់ជាជនជាតិចិន មានអាការៈ មិនស្រួលខ្លួនហូបបាយមិនបានក៏ធ្វើដំណើរទៅមន្ទីរពេទ្យ ប៊ីធនកម្ពុជា ដើម្បីពិនិត្យសុខភាព។ពេលនោះលោកគ្រូពេទ្យក៏បានដាក់សេរ៉ូមបានចំនួនពីរកំប្លោក ស្រាប់តែស្លាប់ភ្លាមៗនៅក្នុងមន្ទីរពេទ្យនោះ រហូតមានចុះពិនិត្យ និងសម្រេចបិទមន្ទីរពេទ្យនេះតែម្តង៕ ដោយ៖ គឹម យុត្ថារ៉ូ

