សហរដ្ឋអាម៉េរិក រំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយរុស្ស៊ី សម្រាប់ការគ្រប់គ្រងសព្វាវុធ
សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក នឹងចេញផុតជាផ្លូវការពីសន្ធិសញ្ញាកងកម្លំាងនុយក្លេអ៊ែររយៈចម្ងាយមធ្យមឆ្នំា១៩៨៧ ហៅកាត់ថា INF នៅដើមខែសីហាខាងមុខនេះ ហើយថា សន្ធិសញ្ញាស្តីពីសព្វាវុធមួយទៀតឈ្មោះថា ញ៉ូវ ស្តាត (New START) ក៏ទំនងជានឹងចាប់ផ្តើមជាថ្មីផងដែរ នេះបើតាមទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន។
ដោយឡែកនៅថ្ងៃពុធដដែលនេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងអះអាងដែរថា រូបលោកកំពុងរំពឹងថា នឹងអាចឈានដល់កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងសព្វាវុធថ្មីរវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ី។
សូមរំលឹកផងដែរថា សហរដ្ឋអាម៉េរិក បានចោទប្រកាន់រុស្ស៊ីថា បានរំលោភសន្ធិសញ្ញា INF ហើយបន្ទាប់មក ទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមនីតិវិធីដកខ្លួនចេញ កាលពីខែកុម្ភៈកន្លងទៅ ដោយដំណើរការនេះនឹងចប់ជាស្ថាពរនៅថ្ងៃទី០២ ខែសីហាខាងមុខ។ រីឯសន្ធិសញ្ញា ញ៉ូវ ស្តាត នឹងត្រូវផុតសុពលភាពនៅឆ្នាំ២០២១ ដោយវាគឺជាសន្ធិសញ្ញា ស្តីពីការគ្រប់គ្រងសព្វាវុធតែមួយគត់នាពេលបច្ចុប្បន្ន រវាងប្រទេសទាំងពីរ៕ធ.ដ



