ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយនិងទាក់ទាញទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៣-២០២៦ត្រូវបានដាក់ឱ្យអនុវត្ត
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦» ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុងឱ្យមកកម្សាន្តក្នុងខេត្តសៀមរាបប្រសើរឡើងវិញ។
យោងតាមសេចក្ដីប្រកាសដែលបានចុះហត្ថលេខាដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ខែសីហាបានឱ្យដឹងថាផ្អែកទៅតាមការអនុវត្តផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦»។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា គោលបំណងនៃផែនការយុទ្ធសាស្រ្ត គឺដាក់ចេញនូវសកម្មភាពផ្សព្វផ្សាយនិងផ្តោតសំខាន់លើការទាក់ទាញប្រភពទីផ្សារទេសចរណ៍គោលដៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ តាមរយៈការធ្វើអាទិភាវូបនីយកម្មជម្រើសសកម្មភាពផ្សព្វផ្សាយ និងទាក់ទាញទេសចរសម្រាប់ខេត្តសៀមរាប តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ស្របតាមការវិវត្តនៃបរិបទទីផ្សារ និងបង្កើនកិត្តិនាមខេត្តសៀមរាបជា «តារារះនាទិសឧត្តរ»។
សេចក្តីប្រកាសបានបន្តទៀតថា ៖ «ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលបំណងនេះ ផែនការយុទ្ធសាស្រ្តនេះបានកំណត់នូវគោលដៅសំខាន់ៗរួមមាន៖ទាក់ទាញប្រភពទីផ្សារទេសចរណ៍សំខាន់ៗសម្រាប់ខេត្តសៀមរាប និងពង្រឹងការផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាប តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយឱ្យកាន់តែមានប្រសិទ្ធភាព ដោយដាក់ចេញនូវ ២១សកម្មភាពអនុវត្តសម្រាប់ ឆ្នាំ២០២៣-២០២៦»។
សកម្មភាពអនុវត្តទាំងនោះ មានគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុងឱ្យមកកម្សាន្តក្នុងខេត្តសៀមរាបឡើងវិញ ឱ្យបានកម្រិតស្មើ ឬប្រសើរជាងមុនពេលវិបត្តិជំងឺកូវីដ១៩ ដោយសម្រេចឱ្យបាននូវចំនួនភ្ញៀវទេសចរអន្តរជាតិប្រមាណបីលាននាក់ និងភ្ញៀវទេសចរជាតិប្រមាណបួនលាននាក់ នៅត្រឹមឆ្នាំ២០២៦។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងថា ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរខេត្តសៀមរាបនេះ ជាការជំរុញទៅដល់អន្តរវិស័យដែលជាអ្នកផ្គត់ផ្គង់សេវាកម្មទាំងអស់ក្នុងវិស័យទេសចរណ៍ រួមជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងវិស័យនេះ ត្រូវប្រឹងប្រែង និងខិតខំធ្វើយ៉ាងណាឱ្យខេត្តសៀមរាប ក្លាយទៅជាតំបន់មានភាពទាក់ទាញឡើងវិញ។
លោកបន្តថា ដំណើរជំរុញនេះ វាមិនមែនមានតែកម្ពុជានោះទេ សូម្បីប្រទេសជិតខាងក៏ដូចគ្នាដែរ មានការរៀបចំផែនការយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរផងដែរ។
លោក ហូ វណ្ឌី បានប្រាប់ថា ៖ « ទាល់យើងមានផែនការយុទ្ធសាស្ត្រ ឬក៏គោលការណ៍ដាក់ចេញហ្នឹងហើយ ដើម្បីធ្វើឱ្យមានការកើនឡើងម្ដងបន្ដិចៗ ព្រោះយើងមិនអាចធ្វើឱ្យកើនភ្ញៀវបានភ្លាមៗនោះទេ ខណៈដែលពិភពលោកទាំងមូលកំពុងប្រឈមនឹងភាពច្របូកច្របល់ ក៏ប៉ុន្តែវាក៏ល្អផងដែរ នៅក្នុងតំបន់ដែលមិនមានបញ្ហាអីធំដុំ ដែលកម្ពុជា និងប្រទេសជិតខាង មានសម្ព័ន្ធភាពល្អនឹងគ្នា។ ដូច្នេះ កន្លែងហ្នឹងហើយអាចធ្វើឱ្យយើងឈានដល់កើនឡើងភ្ញៀវទេសចរឡើងវិញ»។
លោកបន្ថែមថា ផែនការយុទ្ធសាស្ត្រនេះ បានផ្ដល់ប្រយោជន៍ដំបូងគេបង្អស់ដល់អ្នកដែលរកទទួលទានក្នុងវិស័យទេសចរណ៍ទាំងផ្នែកឯកជន និងរដ្ឋ។ ហេតុនេះហើយនៅពេលស្ថាប័នឯកជន បានទទួលចំណូលពីការបម្រើសេវាកម្មដល់ភ្ញៀវទេសចរ គឺមានន័យពួកគាត់បានទទួលទុន ហើយមន្ត្រីរាជការបានទទួលប្រាក់ខែ។
លោក ហូ វណ្ឌី បានបន្ថែមថា ក្រៅពីនេះ វាក៏បានផ្ដល់ប្រយោជន៍ដោយប្រយោលសម្រាប់អ្នកដែលផ្គត់ផ្គង់សេវាកម្មដែលមិនផ្ទាល់ដល់ភ្ញៀវទេសចរផងដែរ៕ ដោយ៖ ជា សុខនី
