រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ សៀវភៅ អាសិប ផ្នែកទី១ នឹងបម្រើដល់វិស័យឯកជនក្នុងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងដ៏ធំនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងថា ការបោះពុម្ពផ្សាយសៀវភៅដែលមានចំណងជើងថា «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់» នឹងបម្រើដល់វិស័យឯកជនក្នុងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងដ៏ធំនេះហើយក៏អាចឱ្យវិស័យឯកជនទទួលបានប្រភពនៃកំណើនថ្មី ដើម្បីបង្កើតភាពរុងរឿងកាន់តែច្រើនសម្រាប់ប្រទេស។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធ នៃការបោះពុម្ពផ្សាយសៀវភៅនេះ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា។

សៀវភៅស្តីពី «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់» នេះ ត្រូវបាននិពន្ធរួមគ្នាដោយ លោកសាស្ត្រាចារ្យ សុក ស៊ីផាន់ណា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងលោកស្រី SOK Rosette ប្រធាននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។

តាមរយៈក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា ការបោះពុម្ពផ្សាយសៀវភៅនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ខណៈដែលអាសិប គឺជាប្រធានបទដែលលោក ស្រលាញ់ពេញចិត្តយ៉ាងខ្លាំងក្នុងអាណត្តិជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់លោក។

ឯកឧត្តមមានប្រសាសន៍ថា ៖ «អាសិប ត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក, ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់, ទប់ទល់នឹងទំនោរនៃការប្រឆាំងសកលភាវូបនីយកម្មនិងការការពារនិយម ហើយក៏ជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន ដែលមានដប់ប្រាំប្រទេសជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន ២៦,២ ទ្រីលានដុល្លារអាម៉េរិក»។ អាសិប តំណាងឱ្យ ៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក, ២៨ភាគរយ នៃពាណិជ្ជកម្មពិភពលោក និង ៣២,៥ភាគរយ នៃការវិនិយោគសកល»។

បើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងពេលនៃការធ្វើជាប្រធានអាស៊ានលើកទី២ នៅឆ្នាំ២០១២ កម្ពុជាបានតស៊ូមតិ និងប្រមូលផ្តុំកិច្ចព្រមព្រៀងក្នុងចំណោមដៃគូពាណិជ្ជកម្មអាស៊ាន ដើម្បីទទួលបានការឯកភាពគ្នាផ្តួចផ្តើមចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ និងនៅពេលបន្តបន្ទាប់ទៀត ដោយបានចំណាយពេលជាង ៨ ឆ្នាំដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ។

ក្រោយពីចូលរួមឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចូលរួមក្នុងពិធីសម្ពោធនៃការបោះពុម្ពផ្សាយសៀវភៅនេះដែរនោះ បានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកជាភាសាអង់គ្លេស ដែលមានអត្ថន័យជាភាសាខ្មែរថា ៖« សូមអបអរសាទរចំពោះ ឯកឧត្តមបណ្ឌិត សុខ ស៊ីផាន់ណា និងលោក សុខ ខៀវ រ៉ូសេត, ដែលបានបោះពុម្ពសៀវភៅ ដែលបង្ហាញពីការយល់ដឹងផ្តោតលើការវិភាគភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងច្បាប់។ វាជាការរួមចំណែកគួរឱ្យកត់សម្គាល់ក្នុងការយល់ដឹងអំពីសក្ដានុពលសកលលោកដ៏ស្មុគស្មាញនេះ »។

ទាក់ទិនទៅនឹង កិច្ចព្រមព្រៀងអាសិប(RCEP) នេះដែរ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់នៅថ្ងៃទី២១ ខែសីហាថា ដោយសារ RCEP ជាកិច្ចព្រមព្រៀងថ្នាក់តំបន់ ដូច្នេះកម្ពុជាក៏មានបញ្ហាប្រឈមច្រើនដែរ ជាពិសេសត្រូវប្រកួតប្រជែងជាមួយប្រទេសជិតខាងដែលនាំចេញផលិតផលកសិកម្ម ដូចជាវៀតណាម និងថៃ។

លោកបានលើកឡើងបែបនេះថា ៖ «កសិកម្ម គឺជាទំនិញសំខាន់ និងចាំបាច់ ដែលយើងទទួលបានភាពអនុគ្រោះក្នុងកិច្ចព្រមព្រៀង RCEP ដូចនេះក្រៅពីការនាំចេញវត្ថុធាតុដើមកសិកម្មហើយ យើងក៏ត្រូវចេះកែច្នៃវត្ថុធាតុដើម ដែលយើងមានផងដែរ»។

ជាមួយគ្នានេះដែរ លោក គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានប្រាប់ឱ្យដឹងដែរថា RCEP បានអនុញ្ញាតឱ្យកម្ពុជានាំចេញបានគ្រប់មុខទំនិញទៅប្រទេសសមាជិកអាស៊ានទាំង ១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន ៥ ទៀត។

ទោះជាយ៉ាងណាក៏ដោយលោកយល់ឃើញថា ដើម្បីជំរុញឱ្យការនាំចេញរបស់កម្ពុជាមានកំណើន គឺត្រូវជំរុញផលិតកម្ម ដោយផ្អែកលើកត្តាចំនួនបួន។

លោកបានបញ្ជាក់ថា ៖ «គួរទប់ស្កាត់ការរីកដុះដាលនៃទីផ្សារអចលនទ្រព្យ ដែលមនុស្សមួយចំនួនធំដែលមានលុយឈប់វិនិយោគលើកសិកម្ម បែរជាវិនិយោគលើអចលនទ្រព្យ, ត្រូវបណ្តុះបណ្តាលកម្មករជំនាញឱ្យបានច្រើន, ត្រូវលើកកម្ពស់វិស័យផលិតបច្ចេកទេស និងការប្រើប្រាស់គ្រឿងគីមី និងកាត់បន្ថយការប្រព្រឹត្តអំពើពុករលួយនៅក្នុងវិស័យពន្ធដារ ដើម្បីបង្កើតឱ្យមានភាពស្មើគ្នានៅក្នុងការប្រកួតប្រជែង»។

ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងរយៈពេលប្រាំពីរខែ ក្នុងឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជាសមាជិកអាសិប(RCEP) សម្រេចបាន ៤.៥៩០លានដុល្លារ កើនឡើង ២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕ ដោយ៖ វណ្ណ សុជាតា

ads banner