ប៉ាគីស្ថានចាប់ខ្លួនមេបក្សប្រឆាំង ដោយចោទប្រកាន់ថាបានធ្វើឱ្យបែកធ្លាយព័ត៌មានសម្ងាត់ បង្កឱ្យបះពាល់ដល់ប្រយោជន៍ជាតិ
អ៊ីស្លាម៉ាបាដ៖ ទីភ្នាក់ងារស៊ើបអង្កេតកំពូលរបស់ប្រទេសប៉ាគីស្ថានបានចាប់ខ្លួនមេដឹកនាំប្រឆាំងម្នាក់ដែលជាជំនួយការជិតស្និទ្ធរបស់អតីតនាយករដ្ឋមន្ត្រី លោក អ៊ីមរ៉ាន ខាន់ (Imran Khan)។ លោកត្រូវបានកាត់ទោសពីបទលាតត្រដាង និងធ្វើឱ្យបែកធ្លាយព័ត៌មានអាថ៌កំបាំងផ្លូវការ និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋប៉ាគីស្ថាន។ នេះបើយោងតាមឯកសារសំណុំរឿងកាលពីថ្ងៃអាទិត្យកន្លងទៅ។
នេះគឺជាការវិវឌ្ឍចុងក្រោយបង្អស់នៅក្នុងការប្រឈមមុខដាក់គ្នារវាងរដ្ឋបាលរបស់នាយករដ្ឋមន្ត្រី លោក ហ្សេបាស ហ្សារីហ្វ (Shehbaz Sharif) ដែលកំពុងផុតអាណត្តិ និងអ្នកកាន់តំណែងមុនគឺលោក ខាន់ ដែលត្រូវបានចាប់ដាក់ពន្ធនាគារកាលពីដើមខែនេះ ដោយចោទពីបទប្រព្រឹត្តអំពើពុករលួយ។
លោក ហ្សា ម៉ាមូដ ហ្គោរ៉េស៊ី (Shah Mahmood Qureshi) ដែលជារដ្ឋមន្ត្រីការបរទេសពីរសម័យកាលមកហើយ ក៏ត្រូវបានចាប់ខ្លួនដោយទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធកាលពីយប់ថ្ងៃសៅរ៍នៅឯផ្ទះរបស់លោកក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ដោយចោទប្រកាន់ពីបទលាតត្រដាងលិខិតមួយដែលបានអះអាងថា លោក ខាន់ ត្រូវបានទម្លាក់ចេញពីអំណាចដោយសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។
យ៉ាងណាក៏ដោយ លិខិតនោះមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ ប៉ុន្តែជាក់ស្តែង វាគ្រាន់តែជាការឆ្លើយឆ្លងការទូតរវាងឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅវ៉ាស៊ីនតោន និងក្រសួងការបរទេសនៅទីក្រុងអ៊ីស្លាម៉ាបាដតែប៉ុណ្ណោះ។
គួររំឭកថា បុរសខ្លាំងលោក ខាន់ ត្រូវបានបណ្តេញចេញពីសភាក្នុងខែមេសា ឆ្នាំ២០២២ តាមរយៈការបោះឆ្នោតដកទំនុកចិត្ត។ ប៉ុន្តែ លោកបានទទូចថា គម្រោងការដកដំណែងរបស់លោកចេញគឺជាការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន រដ្ឋាភិបាលរបស់លោក ហ្សារីហ្វ និងពួកក្រុមយោធា។ ទោះយ៉ាងណា ភាគីទាំងបីនេះតែងតែបានបដិសេធការចោទប្រកាន់នេះ។
យោងតាមឯកសារសំណុំរឿងទាក់ទងនឹងការចាប់ខ្លួនរបស់លោក ហ្គោរ៉េស៊ី បានបញ្ជាក់ថា លោករួមជាមួយនឹងលោក ខាន់ និងអ្នកដែលត្រូវបានចាប់ខ្លួនផ្សេងទៀត បានចូលរួមក្នុងការបញ្ជូនព័ត៌មានដែលជាខ្លឹមសារក្នុងលិខិតសម្ងាត់ទៅកាន់បុគ្គលដែលគ្មានការអនុញ្ញាត ដោយការបំភ្លៃការពិតដើម្បីសម្រេចបាននូវចេតនាទុច្ចរិត និងផលប្រយោជន៍ផ្ទាល់ខ្លួន។
ឯកសារសំណុំរឿងនោះក៏បានអះអាងថា ពួកគេបានសមគំនិតក្នុងការប្រើប្រាស់ខ្លឹមសារនៃលិខិតនោះក្នុងចេតនាបង្កគ្រោះថ្នាក់។ លោក ហ្គោរ៉េស៊ី ត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីលោកបានធ្វើសន្និសីទកាសែតទាមទារយុត្តិធម៌សម្រាប់គណបក្សរបស់លោក ខាន់។ លោកបានបញ្ជាក់ថា អ្នកគាំទ្រជាច្រើនកំពុងស្ថិតក្នុងការឃុំឃាំង ហើយបានព្រមានប្រឆាំងនឹងការពន្យារពេលនៃការបោះឆ្នោតដែលគ្រោងធ្វើនៅចុងឆ្នាំនេះ។
គួរដឹងដែរថា លោក ខាន់ ដែលកំពុងជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំនៅក្នុងពន្ធនាគារដ៏មានសុវត្ថិភាពខ្ពស់មួយក្នុងខេត្ត ភូនចាប (Punjab) ភាគខាងកើតប្រទេស ក៏ត្រូវបានចាប់ខ្លួននៅក្នុងសំណុំរឿងស្រដៀងគ្នានេះដែរ។ ដូច្នេះហើយ លោក ហ្គោរ៉េស៊ី បានចូលកាន់មុខដំណែងជំនួសលោក ខាន់ ជាមេដឹកនាំគណបក្សប៉ាគីស្ថានតេរីក អេអ៊ីនសាហ្វ (Pakistan Tehreek-e-Insaf)។
កាលពីថ្ងៃអាទិត្យ លោក ហ្គោរ៉េស៊ី បានបង្ហាញខ្លួននៅក្នុងតុលាការទីក្រុងអ៊ីស្លាម៉ាបាដ។ មេធាវីរបស់លោក ឈ្មោះថា ហ្សា ហ្វាហាដ (Shah Fahad) បានរៀបរាប់ថា ដំបូងឡើយ ចៅក្រមបានបញ្ជាឱ្យឃុំខ្លួនលោក ហ្គោរ៉េស៊ី រយៈពេល ១៤ ថ្ងៃ ប៉ុន្តែត្រូវបានកាត់បន្ថយមកនៅត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដោយសារតែហេតុផលនីតិវិធីច្បាប់។
គួរដឹងដែរថា លោក ខាន់ មានបណ្ដឹងជាង ១៥០ សំណុំរឿងដែលបានប្ដឹងប្រឆាំងនឹងរូបលោក រួមទាំងការចោទប្រកាន់ពីបទពុករលួយ អំពើភេរវកម្ម និងបទញុះញង់មនុស្សឱ្យប្រើអំពើហិង្សានៅក្នុងការតវ៉ាកាលពីខែឧសភា ដោយកាលនោះ អ្នកគាំទ្ររបស់លោកបានវាយប្រហារទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលនិងយោធានៅទូទាំងប្រទេសទៀតផង៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ ABC News
Pakistan arrests opposition leader accused of exposing official secrets, harming national interest