ប្រទេសអាស៊ាននឹងចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងទឹកប្រាក់ប្រមាណពីរពាន់ពាន់លានដុល្លារអាមេរិក
ហ្សាការតា៖ អាស៊ានកំពុងពង្រឹងសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនដើម្បីកែលម្អរំហូរពាណិជ្ជកម្ម និងការ វិនិយោគឆ្លងព្រំដែន ដោយប្រើប្រាស់ថវិកាចំនួនប្រមាណពីរពាន់ពាន់លានដុល្លារអាមេរិក(២.៧ ពាន់ពាន់លានដុល្លារសិង្ហបុរី) ទៅលើសេដ្ឋកិច្ចឌីជីថលនៅឆ្នាំ ២០៣០។
ការចរចាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលទូទាំងតំបន់នេះដែរ ធ្វើឡើងនាកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) លើកទី ៥៥ ដែលប្រារព្ធធ្វើនៅទីក្រុង Semarang ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យថ្មីៗនេះ។
កិច្ចប្រជុំ AEM ក៏បានអនុម័តនូវការសិក្សាលើកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលជាការត្រួសត្រាយផ្លូវសម្រាប់ប្រទេសសមាជិកទាំង ១០ ដើម្បីចាប់ផ្តើមការចរចា។
ការចរចារបស់ DEFA ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមជាផ្លូវការនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) លើកទី ២៣ ហើយនឹងត្រូវបានទទួលស្គាល់ជាផ្លូវការដោយមេដឹក នាំអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ នៅទីក្រុងហ្សាការតាក្នុងខែកញ្ញាខាងមុខ។
Boston Consulting Group ដែលជាក្រុមហ៊ុនប្រឹក្សាដ៏ធំរបស់អាមេរិកបានព្យាករថា សេដ្ឋកិច្ចឌីជីថលរបស់អាស៊ាននឹងកើនឡើងបីដងនៅចុងទស្សវត្សនេះ តាមរយៈការទទួលយកបច្ចេកវិទ្យាថ្មីៗ និងបន្តកើនឡើងដល់ជិតមួយពាន់ពាន់លានដុល្លារនៅឆ្នាំ ២០៣០។
លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ដែលបានចូលរួម កិច្ចប្រជុំនេះដែរបាននិយាយថា កិច្ចប្រជុំ AEM ប្រចាំឆ្នាំ បូករួមទាំងលទ្ធផលពីកិច្ចប្រជុំថ្មីនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ប្រទេសអាស៊ាន ដើម្បីរក្សាការបើកចំហទំនាក់ទំនង និងសមាហរណកម្មគ្នាទៅវិញទៅមក។
អាស៊ានជាដៃគូពាណិជ្ជកម្មធំជាងគេរបស់សិង្ហបុរីលើទំនិញ និងជាគោលដៅវិនិយោគធំជាងគេរបស់សិង្ហបុរី។ បើតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី នៅឆ្នាំ ២០២២ ពាណិជ្ជកម្មសរុបរបស់សិង្ហបុរីជាមួយអាស៊ានមានចំនួន ៣៤៤.៣ ពាន់លានដុល្លារកើនឡើងប្រហែល ១៩ភាគរយធៀបនឹងឆ្នាំមុន។ ក្នុងនោះសិង្ហបុរីបានវិនិយោគ ២៣.៩ពាន់លានដុល្លារចូលអាស៊ានក្នុងឆ្នាំ២០២២ កើនឡើង៨ភាគរយធៀបនឹងឆ្នាំមុន។
តាមរយៈកិច្ចប្រជុំនេះរដ្ឋមន្ត្រីអាស៊ានក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដើម្បីជួយអាជីវកម្មក្នុងតំបន់ឱ្យកាន់តែមានភាពប្រសើរឡើងក្នុងការបង្កើនឥទ្ធិពល និងរក្សាកម្មសិទ្ធិបញ្ញា (IP) នៃផលិតផលរបស់ពួកគេផងដែរ។
កិច្ចប្រជុំនេះក៏បានកត់សម្គាល់ផងដែរថា ទោះបីជាអតិផរណាពិភពលោកបានធូរស្រាលក៏ដោយ ប៉ុន្តែតម្លៃនៃទំនិញម្ហូបអាហារ និងថាមពលនៅតែផុយស្រួយ ដោយសារតែការរំខានដល់ការផ្គត់ផ្គង់ ដែលបណ្តាលមកពីជម្លោះអូសបន្លាយនៅអឺរ៉ុបខាងកើត។
ម្យ៉ាងទៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានក៏បានទទួលស្គាល់ថា ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដោយប្រទេសសេដ្ឋកិច្ចធំៗ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរំពឹងទុកសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី វិស័យធនាគារក្នុងតំបន់នៅតែមានស្ថិរភាព៕
ប្រែសម្រួល៖កែវ បុស្បា
ប្រភព៖ Asean countries to begin talks on $2.7 trillion digital economy pact by end-2023