បុរសម្នាក់នៅខេត្តកំពង់ចាមកែច្នៃចេកទៅជា​ស្ករ និងស្រាដាក់លក់ក្នុងផ្សារទំនើបនិងអាចនាំទៅក្រៅប្រទេស

កំពង់ចាម៖ ចេក គឺជាដំណាំ​មួយ​ប្រភេទដ៏ពេញនិយម និងជាតម្រូវការ​សម្រាប់មនុស្សគ្រប់រូប​ទាំងនៅ​កម្ពុជា និង​បរទេស​។ ផ្លែចេកតែងត្រូវបានពលរដ្ឋខ្មែរ យកទៅកែច្នៃ​ជាបង្អែម និងអាហារ​ជាច្រើនប្រភេ​ទ​ទៅ​តាមតម្រូវការ និងចំណង់​ចំណូលចិត្ត​។

ប្រើប្រាស់អត្ថប្រយោជន៍នៃផ្លែចេក បុរសម្នាក់​នៅឃុំ​តាអុង​ ស្រុក​ចម្ការលើ ខេត្តកំពង់ចាម បានកែច្នៃចេក ទៅ​ជាផលិតផលស្ករចេកដែលអាចនាំចេញទៅបរទេស និងស្រាចេកដែលអាចដាក់លក់​ក្នុងផ្សារ​ទំនើបធំៗទូទាំងប្រទេសផងដែរ។

លោក លឹម ផារ៉ា ​នាយក​ប្រតិបត្តិ​សហគ្រាស​គំនិត​ថ្មីដែលកែច្នៃចេកទៅជាស្ករ និងស្រា បានប្រាប់​ឱ្យដឹងថា ​មូលហេតុ​​ដែល​នាំ​ឱ្យលោក​​ឈាន​ដល់​ការ​បង្កើត​សហគ្រាស​នេះ​ឡើង ​​ដោយ​សារ​បញ្ហា​កកស្ទះ​កសិផល​ចេក​ខ្មែរ ទើប​លោក​ស្វែង​រក​គំនិត​ក្នុង​ការ​កែច្នៃ​កសិផល​ទាំង​នោះ។ ម្យ៉ាងគឺ​ដោយ​សារ​តែ​លោក​​ផ្ទា​ល់ និង​គ្រួសារ​មាន​បទពិសោធន៍​ច្រើន​ជាមួយនឹង​​កសិផល​ប្រភេទ​នេះ​ ដ្បិត​​នៅ​ឃុំ​តាអុង​ ស្រុក​ចម្ការលើ​ជា​តំបន់​ដែល​ដាំដុះ​ចេក​ច្រើន​​។

សហគ្រាសមួយនេះបានបង្កើតឡើងតាំង​ពី​ឆ្នាំ ២០១៣ ដោយដើម​ឡើយ គឺ​មាន​ការ​កែច្នៃ​ត្រឹម​តែ​ផលិ​តផល​ស្ករ​ចេក​ប៉ុណ្ណោះ​។ លុះដល់ឆ្នាំ ២០១៥​ ដោយ​ហេតុថា​បន្ទាប់​ពី​គាប​យក​ទឹកចេក​ដើម្បី​ផលិត​ស្ករ​ចេ​ក​រួច​ កាក​របស់​វា​គឺ​ត្រូវ​ចោល​ ដូចនេះហើយ​ទើប​ម្ចាស់សហគ្រាសរូបនេះ​យក​សាច់​ចេក​ទាំង​នោះ​បន្ត​កែច្នៃ​ទៅ​ជា​ស្រា​ដែល​មាន​គុណ​ភាព​មួយ​មុខ​ថែម​ទៀត​។

ទាក់ទិនទៅនឹង ការ​កែច្នៃ​ស្ករ​ចេក​ លោក លឹម ផារ៉ា បានឱ្យដឹងថា  ​មាន​ផល​វិបាក​ខ្លាំងនៅគ្រាដំបូង​ ពោល​ទាំង​ការ​ផលិត​ម៉ាស៊ីន​ដើម្បី​កែច្នៃ ហើយ​វា​ក៏​ទាមទារ​ពេល​ក្នុង​ការ​ស្រាវជ្រាវ​យូរ​ដោយ​ហេតុ​ថា​ពុំ​មាន​ប្រទេ​ស​​ផ្សេង​ផលិត​ផលិតផល​ប្រភេទ​នេះ​ឡើយ។ ការស្រាវជ្រាវ និងផលិតម៉ាស៊ីន បាន​ចាយ​ពេល​អស់​រយៈ​ប្រ​មា​ណ​ពីរឆ្នាំ​ទើប​អាច​ចាប់​ផ្ដើម​ដំណើរការ​កែច្នៃ​បាន ។

លោក លឹម ផារ៉ា បានរៀបរាប់ឱ្យដឹងថា ​ស្ករ​ចេក​ គឺ​ជា​ស្ករ​មួយ​ប្រភេទ​ដែល​អាច​ប្រើប្រាស់​បាន​ដូច​ស្ករស​ដែ​រ​ ហើយ​ថែម​ទាំង​មាន​កម្រិត​ជាតិ​ផ្អែម​តិច​ជាង​ទៀត​ផង។ លោកបាន​បញ្ជាក់​ថា ​បើ​យោង​តាម​ឯកសារ​ស្រាវ​ជ្រា​វ​មួយ​ចំនួន​ស្ករ​ចេក​នេះ​អាច​ជួយ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​ជា​អត្ថប្រយោជន៍​សុខភាព និង​មាន​អត្ថ​ប្រយោជន៍​មួយ​ចំនួន​ទៀតផងដែរ​។

មកទល់បច្ចុប្បន្ន ស្ករចេករបស់សហគ្រាស​គំនិត​ថ្មីត្រឹមតែមានលក់នៅផ្សារទំនើបធំៗ​នៅស្រុកខ្មែរ​ប៉ុណ្ណោះទេ តែស្ករមួយប្រភេទនេះថែមទាំងអាចនាំចេញទៅក្រៅប្រទេសដូចជា ប្រទេសអាល្លឺម៉ង់ និង​ប្រទេសកូរ៉េ​ដែរ។

ដោយឡែក សម្រាប់​ការ​កែច្នៃ​ស្រា​ចេក​វិញ​ លោក លឹម ផារ៉ា បាន​ឱ្យ​ដឹង​ថា​  មួយ​ផ្នែក​គឺ​បាន​មក​ពី​រូបមន្ត​ដូ​នតារបស់លោក ​ពោល​គឺ​អ្នក​ជំនាញ​ក្នុង​តំបន់​របស់​លោក​ និង​មួយ​ផ្នែក​ទៀត​ ​បាន​​មក​ពី​មិត្តភ័ក្ដិ​ដែល​មាន​ជំនា​ញ​ស្តង់ដា​រ​ក្នុង​ការ​កែច្នៃ​ស្រា​ បូក​បញ្ចូល​គ្នា​ទើប​ឈាន​ដល់​ការ​អភិវឌ្ឍ​ស្រា​នេះ​ឱ្យ​ទៅ​ជា​ផលិតផល​ស្តង់ដារ​ និង​គុ​ណភាព​ខ្ពស់​។

បច្ចុប្បន្ន​ស្រា​ចេក របស់​សហគ្រាស​គំនិត​ថ្មី​ បាន​ដាក់​លក់​នៅ​តាម​បណ្ដាល​ផ្សារ​ទំនើប​ធំៗ​ជា​ច្រើន​ដូចជា៖​ ផ្សារ​ទំនើប​ជីបម៉ុង, ផ្សារ​ទំនើប​អ៊ីអន, ផ្សារ​ម៉ាត​ 7 Eleven និង​ផ្សារ​ទំនើប​​​នៅ​ខេត្ត​ព្រះសីហនុ ខណៈ​​មុន​ពេល​មាន​វិបត្តិ​កូវីដ១៩ ស្រា​មួយ​ប្រភេទ​នេះ​មាន​វត្តមាន​នៅ​តាម​បណ្ដា​ផ្សារ​តូច​ធំ ៤០០​កន្លែង​ឯណោះ។

លោក លឹម ផារ៉ា​ បាន​ឱ្យ​ដឹង​ដែរ​ថា ៖ «ស្រា​ចេក​នេះ​មាន​រសជាតិ​ផ្អែម​ដែល​ស្រដៀង​ទៅ​នឹង​ស្រា​ទំពាំងបាយជូរ​ដែរ​ គ្រាន់​តែ​មិន​ចត់​ខ្លាំង​ដូច​ស្រា​ទំពាំងបាយជូរ​ទេ»​។

ដំណើរការអាជីវកម្មប្រមាណជា ១០ឆ្នាំ លោក​ លឹម ផារ៉ា ក៏ថ្លែងឱ្យដឹងពី​ផល​វិបាក​នៃ​ការ​កែច្នៃ ផងដែរ ពោល​ គឺ​ការ​ខ្សត់​ចេក​តាម​រដូវ​កាល​មួយ​ចំនួន​ ដោយ​ហេតុ​ថា​កសិករ​ត្រូវ​ឆ្លាស់​ប្ដូរ​ការ​ដាំ​ទៅ​ជា​ដំណាំ​ផ្សេង​ដែល​កំពុង​មាន​ទីផ្សារ​ខ្ពស់​ ឬ​លក់​បាន​តម្លៃ​ថ្លៃ។

ក្នុង​នាម​ជា​អ្នក​កែច្នៃ​ផលិតផល​ក្នុង​ស្រុកមួយរូប និង​ជា​អនុប្រធាន​សមាគម​អ្នក​ផលិត​ចំណី​អាហារ​កម្ពុជា លោក លឹម ផារ៉ា ​ចង់​ផ្តល់​ជា​យោបល់​ទៅ​ដល់​ទាំង​កសិករ​ និង​អ្នក​ផលិត​ឱ្យ​​យោគយល់​គ្នា និង​ព្យាយាម​ស្វែ​ង​រក​ដំណោះ​ស្រាយ​ឈ្នះៗ​មួយ​រវាង​ភាគី​ទាំង​សង​ខាង​ដើម្បី​ជំរុញ​ការ​កែច្នៃ​ក្នុង​ស្រុក​។

លោកសង្កត់​ធ្ងន់​ថា ៖ «រាល់​ថ្ងៃ​បញ្ហា​ចម្បង​មួយ​គឺ កិច្ចសន្យា​កសិកម្ម ដែល​ធ្វើ​ឱ្យ​​អ្នក​ផលិត​មិន​ទុ​ក​​ចិត្ត​កសិករ ហើយ​កសិករ​មិន​ទុក​ចិត្ត​អ្នក​ផលិត។ អ៊ីចឹង​ទៅ​ធ្វើ​ឱ្យ​ទាំង​អ្នក​ផលិត និង​កសិករ​ពិបាក​ទៅ​វិ​ញ​ទៅមក អ្នក​ផលិត​ពិបាក​រក​វត្ថុ​ធាតុ​ដើម ឯ​កសិករ​ពិបាក​រក​អ្នក​ទិញ​កសិផល​»។

ជាមួយ​គ្នា​នេះ​ដែរ លោក លឹម ផារ៉ា សំណូម​ពរ​ទៅ​ដល់​អតិថិជន​ក្នុង​ស្រុក​ទាំង​អស់​ឱ្យ​ចូល​រួម​គាំទ្រ​ផលិតផល​កែច្នៃ​ក្នុង​ស្រុក​ទាំង​អស់​ ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ជាតិ​ ខណៈ​ពេល​ដែល​សេដ្ឋកិច្ច​សកល​កំពុង​ស្ថិត​ក្នុង​​សភាព​មិន​នឹងន៕

​ដោយ៖ស្រ៊ុន សិរីវឌ្ឍនៈ

ads banner