ការស្ទង់មតិ៖ ប្រជាជនថៃភាគច្រើនប្រឆាំងនឹងការបង្កើតរដ្ឋាភិបាលចម្រុះរបស់គណបក្សភឿថៃ

ថៃ៖ ការស្ទង់មតិមួយកាលពីថ្ងៃអាទិត្យ បានបង្ហាញថា ប្រជាជនថៃភាគច្រើនមិនយល់ស្របនឹងផែនការបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សដែលគាំទ្រដោយយោធា។ ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងនៅពីរថ្ងៃមុនការបោះឆ្នោតសភា ពោ​លគឺជាការបោះឆ្នោតដែលគេរំពឹងថានឹងអាចបញ្ចប់ភាពជាប់គាំងនយោបាយនៅប្រទេសថៃអស់រយៈពេលបីខែមកនេះ។​

សូម​បញ្ជាក់ថា ចំនួន ៦៤ភាគរយនៃអ្នកចូលរួមឆ្លើយសំណួរស្ទង់មតិសរុប ១ ៣១០នាក់ មិនយល់ស្រប ឬមិនយល់ស្របទាំ​ងស្រុងចំពោះគណបក្សភឿថៃដែលចង់បង្កើតរដ្ឋាភិបាលចម្រុះជាមួយគូប្រជែងដែលជាគណបក្សគាំទ្រដោយយោធា នេះ​បើយោងតាមការស្ទង់មតិដោយវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍ។​

គួរដឹងដែរថា ប្រទេសថៃបានស្ថិតនៅក្រោមការដឹកនាំដោយរដ្ឋាភិបាលចាំផ្ទះអស់រយៈពេលប្រាំខែមកហើយ ដោយ​សា​រតែត្រូវប្រឈមមុខនឹងភាពមិនប្រាកដប្រជា បន្ទាប់ពីគណបក្សដែលបានឈ្នះការបោះឆ្នោតកាលពីខែឧសភា គឺគណប​ក្សឈានទៅមុខ (Move Forward Party) ត្រូវបានរារាំងពីសំណាក់សមាជិកសភាអភិរក្សនិយម និងរាជានិយម មិនឱ្យបង្កើតរដ្ឋាភិបាលថ្មីបាន។

ក្រោយការខកខានមិនអាចបង្កើតរដ្ឋាភិបាលថ្មីបានគណបក្សដែលឈរនៅលេខរៀងទី​២ គឺគណបក្សភឿ​ថៃ ដែលជាគណបក្ស​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គ្រួសារ​មហាសេដ្ឋី​និរទេសខ្លួន និងដែលជាអតីត​នាយក​រដ្ឋមន្ត្រី លោក​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិងកំពុងខិតខំ​ប្រឹងប្រែង​បង្កើត​រដ្ឋាភិបាលវិញម្ដង។​

កាលពីថ្ងៃអាទិត្យ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលជាកូនស្រីរបស់លោកថាក់ស៊ីន និងជាបេក្ខភាពនាយករដ្ឋមន្ត្រីម្នាក់ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំងបីនាក់របស់គណបក្សភឿថៃ បានធ្វើការសុំទោសដល់អ្នកគាំទ្រ ដោយសារតែគណបក្សនេះមិនអាចរក្សាការសន្យារបស់ខ្លួនដែលថានឹងមិនចូលរួមជាមួយគណបក្សដែលគាំទ្រដោយពួកយោធា។​

លោក​ស្រី​បាន​ប្រាប់ទៅកាន់អ្នកសារ​ព័ត៌មាន​ថា ៖ «​យើង​ត្រូវ​តែ​ធ្វើ​ការ​កែ​តម្រូវ​ដើម្បី​នាំ​ប្រទេសជាតិ​ឲ្យ​ឈានទៅ​មុខបាន។ ដូច្នេះវាជាការពិតណាស់ដែលថា បក្សភឿថៃនឹងត្រូវទទួលរងនូវការរិះគន់ពីប្រជាជន។ យើងសូមធ្វើការទទួលយ​ក​នូវការរិះគន់ទាំងអស់នោះ និងសុំទោសចំពោះការធ្វើឱ្យមនុស្សជាច្រើនខកចិត្ត និងសោកសៅ»។​

លោកស្រី ផែថងថាន ក៏បានបន្ថែមថា គណបក្សភឿថៃនឹងខិតខំធ្វើការឱ្យអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហារប​ស់​ប្រទេសថៃ ប្រសិនបើខ្លួនអាចបង្កើតរដ្ឋាភិបាលបាន។ គណបក្សភឿថៃ ក៏បានរៀបចំបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបទៀតរួចជាស្រេចហើយ ដែលលោកគឺជាមហាសេដ្ឋីអចលនទ្រព្យ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin)។

គួរបញ្ជាក់ថា លោក ថាវីស៊ីន ត្រូវការសំឡេងគាំទ្រពីសភាទ្វេភាគីឱ្យបានច្រើនជាងពាក់កណ្តាល ជាពិសេសសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយរបបយោធាផ្ទាល់។

លោកស្រី ផែថងថាន បាន​លើកឡើងកាលពី​ថ្ងៃ​សៅរ៍​​ថា នៅ​ថ្ងៃ​អង្គារ៍​ទី​២២ ខែសីហា​ លោក ថាក់ស៊ីន គ្រោង​នឹង​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ បើ​ទោះ​ជាត្រូវ​ប្រឈម​នឹង​ការ​កាត់​ទោស​ជាប់​ពន្ធនាគារ​ក៏​ដោយ។ កាល​ពី​ថ្ងៃ​អាទិត្យ អ្នកស្រី​បាន​និយាយ​ថា «ការ​វិល​ត្រឡប់​របស់​លោក ថាក់ស៊ីន មិន​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយនោះ​ទេ ហើយ​គាត់​គ្រាន់​តែ​ចង់​ត្រឡប់មកនៅ​ប្រទេស​កំណើតវិញ​តែប៉ុណ្ណោះ»។​

គួររំឭកថា រដ្ឋាភិបាលដែលដឹកនាំគណបក្សភឿថៃ ត្រូវបានបណ្តេញចេញដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦ និងឆ្នាំ២០១៤។ នៅពេលនោះផងដែរ លោក ថាក់ស៊ីន និងប្អូនស្រីរបស់លោក គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានបណ្ដេញចេញពីប្រទេសថៃ ដោយសារតែមានទំនាស់ផលប្រយោជន៍រវាងបក្ស និងឥស្សរជនដ៏មានឥទ្ធិពល និងពួកយោធារាជានិយម។​

យោងតាមការស្ទង់មតិកាលពីថ្ងៃអាទិត្យ សំឡេងគាំទ្ររបស់លោកស្រី ផែនថងថាន ឱ្យក្លាយជានាយករដ្ឋមន្ត្រីមានចំនួន​ ៣៨,៦ភាគរយ បន្ទាប់មកលោក ថាវីស៊ីន មានចំនួន ៣៦,៦ភាគរយ។ កាលពីថ្ងៃព្រហស្បតិ៍ផងដែរ គណបក្សភឿថៃក៏ទទួលបានការប្រកាសគាំទ្រពីគណបក្សរួមថៃសាងជាតិ (United Thai Nation Party) ដែលជាដៃគូប្រជែងនិងជាគណបក្សដែលមានការគាំទ្រដោយពួកយោធា។​

បន្ថែមលើនេះ សមាជិកសភាមកពីគណបក្សផាឡាំងប្រាឆារ៉ាត់ (Palang Pracharat Party) ក៏ធ្លាប់បានប្រកាសគាំទ្រគណបក្សភឿថៃ ឱ្យដឹកនាំបង្កើតរដ្ឋាភិបាល ដើម្បីដោះស្រាយភាពជាប់គាំងនយោបាយដែលបានអូសបន្លាយយ៉ាងយូរ៕​

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ Reuters

Most Thais oppose plan for Pheu Thai-military coalition government – poll

https://www.reuters.com/world/asia-pacific/most-thais-oppose-plan-pheu-thai-military-coalition-government-poll-2023-08-20/

ads banner