រដ្ឋសភា នឹងបោះឆ្នោតជាកញ្ចប់ជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃនេះ

ភ្នំពេញ៖ ប្រធាន អនុប្រធានរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា នឹងប្រសូត្រឡើងនៅ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។

ការបន្តសម័យប្រជុំលើកទី១ នាព្រឹកថ្ងៃនេះ មានរបៀបវារៈតែមួយប៉ុណ្ណោះ គឺការបោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា, ក្បាលម៉ាស៊ីនគណៈកម្មការទាំង១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល ក្រោយពីតំណាងរាស្រ្តទាំង ១២៥រូប ត្រូវបានប្រកាសសុពលភាព និងស្បថចូលកាន់តំណែង។ បន្ទាប់ពីបោះឆ្នោតរួច នឹងមានសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាគណបក្សឈ្នះឆ្នោត។

សូមជម្រាបថា ក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្តិថ្មី ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន បង្ហើបរួចផងដែរ ដោយក្នុងនោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ត្រូវបានគាំទ្រដោយសមាជិកអចិន្ត្រៃយ៍បក្ស ឱ្យធ្វើជាប្រធានរដ្ឋសភា ខណៈឯកឧត្តម ជាម យៀប ជាអនុប្រធានទី១ និងឯកឧត្តម វង សូត ជាអនុប្រធានទី២។

ដោយឡែកក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មានឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពីសម្តេចតេជោ ហ៊ុន សែន ដែលនឹងទៅកាន់តំណែងប្រធានព្រឹទ្ធសភា នៅពេលខាងមុខ។

គណៈរដ្ឋមន្ត្រីថ្មីនេះ មានឧបនាយករដ្ឋមន្ត្រី ១០រូប និងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី ៤០រូបទៀត ដែលភាគច្រើន គឺជាយុវជនបន្តវេន ។ រដ្ឋសភា និងរាជរដ្ឋាភិបាល នីតិកាលទី៧ គឺជារបត់នយោបាយថ្មីរបស់កម្ពុជា ដែលមានការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដែលគណបក្សប្រជាជនកម្ពុជា ជាបក្សកាន់តំណែង៦អាណត្តិ កន្លងមក ចាត់ទុកថា ជាការផ្លាស់ប្តូរ ដើម្បីបន្តធានាដល់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា រយៈកាលយូរអង្វែង ។

ស្របពេលសម័យប្រជុំលើកទី១ នៃរដ្ឋសភា សម្រាប់នីតិកាលទី៧ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ សីហា ខណៈក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្តិទី៧ កំពុងតែចាប់ផ្តើមដំណើរការផងនោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា កម្ពុជា ចាប់ផ្តើមផ្លាស់ប្តូររបត់នយោបាយរបស់ខ្លួនប្រកបដោយសញ្ញាណវិជ្ជមាន និងនិរន្តរភាពយូរអង្វែង។

លោកបណ្ឌិត បានបន្តថា ប្រវត្តិសាស្រ្តកម្ពុជាក្នុងពេលបច្ចុប្បន្ន កំពុងឆ្ពោះទៅរករបត់ផ្លាស់ប្តូរមួយដែលមិនធ្លាប់មាន ដោយសារការរៀបចំបន្តវេនប្រកបដោយនិរន្តរភាព ដែលជាការធានាដល់សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាប្រយោជន៍ដល់ប្រជាជនខ្មែរគ្រប់រូប ។

អ្នកជំនាញវិទ្យាសាស្រ្តនយោបាយរូបនេះ បានលើកឡើងទៀតថា កិច្ចការសំខាន់ៗ ដែលរាជរដ្ឋាភិបាល គួរតែចាប់ផ្តើម ហើយប្រើប្រាស់កណ្តាប់ដែកជាបន្ទាន់ គឺ ការដោះស្រាយបញ្ហាប៉ះពាល់ជីវភាព គម្លាតនៃការអភិវឌ្ឍសង្គម សមធម៌សង្គម និងគ្រឿងញៀនជាដើម នៅក្នុងប្រទេសកម្ពុជា ។

លោកបណ្ឌិត យង់ ពៅ ក៏បានបង្ហាញសុទិដ្ឋិនិយមលើការដឹកនាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដោយការបំពេញតួនាទី និងកាតព្វកិច្ចរបស់ខ្លួន ដោយប្រើឲ្យអស់បញ្ញាញាណ សមត្ថភាព និង បទពិសោធន៍ទាំងអស់ ដើម្បីអនុវត្តឲ្យទទួលបានប្រសិទ្ធភាព និងជាគុណប្រយោជន៍ដល់សង្គមជាតិ និងប្រជាជនទាំងមូល ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner