នាយករដ្ឋមន្ត្រីថ្មី ប្ដេជ្ញាចិត្ត និងលើកឡើងពីការធានា ៥យ៉ាង ក្នុងការដឹកនាំរាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ

ភ្នំពេញ៖ រដ្ឋសភាអនុម័តគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី នាសម័យប្រជុំលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារចេញពីវិមាន រដ្ឋសភា ជាតិ ដោយបានប្ដេជ្ញាចិត្តដឹកនាំរាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីការធានា ៥យ៉ាង ក្នុងការ ដឹក នាំប្រទេស ស្របតាមគោលនយោបាយ និងផែនការរបស់គ ណបក្សប្រជាជនកម្ពុជា រួមមាន ៖

ទី១ ការធានាសន្តិភាព សន្តិសុខ ស្ថិរភាព និងការរស់នៅដោយសុខក្សេមក្សាន្ត។
ទី២ ធានាការអភិវឌ្ឍសេដ្ឋកិច្ច និងគោលការនិតិរដ្ឋ យុត្តិធម៌ និងពង្រឹង សេវាសាធារណៈ ,ការបន្តការទាក់ទាញ និងផ្ដល់ការវិនិយោគ សាធារណៈ ,ការយកចិត្តទុកដាក់ លើសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលើក កម្ពស់សហគ្រិនធុនតូច និងមធ្យម, ការជំរុញធ្វើបដិវត្តបច្ចេកវិទ្យា។

ទី៣ ការជំរុញ និងកែលម្អសេដ្ឋកិច្ចប្រជាពលរដ្ឋ ក្នុងការជួយជំរុញ ការអភិវឌ្ឍដល់យុវជន និងជួយកសិករ ក៏ដូចជាការដំឡើងប្រាក់ ឈ្នួលដល់កម្មករ និងប្រាក់បៀវត្សដល់មន្ត្រីរាជការ។
 
ទី៤ ការធានា និងការពង្រឹងការគាំពាសង្គម ជាពិសេសជួយ ពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាដើម។

ទី៥ ការធានា និងការកសាងភាពធន់ការប្រែប្រួលអាកាសធាតុ ,ការលើកកម្ពស់សមភាពយែនឌ័រ ,ការគ្រប់គ្រងធនធានធម្មជាតិ ,ជំរុញការវិនិយោគបៃតង និងសេដ្ឋកិច្ចបៃតង និងការធានាចីរភាព បរិស្ថាន និងការត្រៀមខ្លួនជាស្រេច ក្នុងការឆ្លើយតបបញ្ហា ប្រែប្រួលអាកាសធាតុ ។
 
ឯកឧត្តមនាយករដ្ឋមន្រ្តីថ្មី នាអាណត្តិទី៧ បានបញ្ជាក់ថា៖ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ ខ្ញុំសូមសន្យា និងធ្វើការប្ដេជ្ញាជាឱឡារិក ជូនជនរួមជាតិទូទាំងប្រទេសថា ខ្ញុំនឹងប្ដូរផ្ដាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ ធានាអភិវឌ្ឍឱ្យបានសម្រេចជោគជ័យនូវកម្មវិធីគោលនយោបាយរដ្ឋាភិបាល ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋ នៅមុនពេលបោះឆ្នោត» ។
 
ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល ប្ដេជ្ញាចិត្តឥតរាថយ ក្នុងការអភិវឌ្ឍប្រទេសយ៉ាង ស្វាហាប់ ស្របតាមគោលនយោបាយទាំង៦ របស់គណបក្សប្រជាជន ដែលចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២៣នេះ។ គោលនយោបាយទាំង៦នោះ រួមមាន៖

ទី១ ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្ដប់ សុខភាពសាធារណៈ។

ទី២ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់គ្រួសារ ក្រីក្រ និងងាយរងគ្រោះ ឬងាយរងហានិភ័យ នៅទូទាំងប្រទេស។

ទី៣ ការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គម សម្រាប់ គ្រួសារក្រីក្រ និងងាយរងគ្រោះ ឬងាយរងហានិភ័យ នៅក្នុងគ្រា មានវិបត្តិសេដ្ឋកិច្ច និងគ្រោះអាសន្ន។

ទី៤ ការដាក់ចេញការអនុវត្តនូវយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានការចូលរួមនៅក្នុងសេដ្ឋកិច្ច ដែលអាចទទួលបានផល ប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។

ទី៥ ការដាក់ចេញយន្តការសម្របសម្រួលកម្មវិធីហិរញ្ញប្បទាន សម្ដៅលើការសម្របសម្រួលអាជីវកម្ម ស្វែងរកទីផ្សារ រក្សាលំនឹង កសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ ។

ទី៦ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំសង្កាត់ ដែលមានសកម្មភាពកសិកម្មទូទាំងប្រទេស និងបង្កើតឱ្យមាន សមាគមកសិករ នៅតាមជនបទ ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner