កិច្ចការសំខាន់ពីរយ៉ាង ដែលសម្ដេចតេជោ ហ៊ុន សែន ប្រាថ្នា ចង់ឃើញ អ្នកបន្តវេន ធ្វើឱ្យបានសម្រេច

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងឱកាស ធ្វើ សន្និសីទសារព័ត៌មាន ក្រោយពេលដែលកិច្ចប្រជុំរដ្ឋសភាលើកទី១ បានបញ្ចប់ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ថា មានកិច្ចការ សំខាន់ពីរយ៉ាង ដែលសម្ដេច ប្រាថ្នាចង់ឃើញអ្នកបន្តវេន ធ្វើឱ្យបាន សម្រេច ។

សម្ដេចតេជោ ហ៊ុន សែន បានលើកបង្ហាញបំណងប្រាថ្នាចង់ឃើញ អ្នកបន្តវេនធ្វើឱ្យសម្រេចបាននូវកិច្ចការសំខាន់ពីរយ៉ាង គឺ ទី១. បន្តថែរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ។ ២. សម្រេចឱ្យបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្លាយទៅជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេស មានប្រាក់ចំណូលខ្ពស់ ហើយអត្រានៃភាពក្រីក្រត្រូវកាត់បន្ថយ ឱ្យដល់ សូន្យ ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការជឿជាក់ថា គណៈរដ្ឋមន្រ្ដីថ្មី គឺមានលទ្ធភាពក្នុងការដឹកនាំប្រទេសកម្ពុជា ជាមួយនឹង កិច្ចការដែលនៅសេសសល់ និងកិច្ចការងារថ្មីៗបន្ថែមទៀត ដែលនេះ គឺជាអម្រែករបស់ថ្នាក់ដឹកនាំសម្រាប់អាណត្តិទី៧នេះ។

សម្ដេចថា រាជរដ្ឋាភិបាលថ្មី នឹងមានភាពរហ័សរហួនទៅដល់គោលដៅ ដែលក្នុងឆ្នាំ ២០៣០ កម្ពុជា នឹងក្លាយជាប្រទេសដែលមានចំណូល មធ្យម កម្រិតខ្ពស់ និងឆ្នាំ២០៥០ កម្ពុជានឹងក្លាយទៅជាប្រទេស មានចំណូលកម្រិតខ្ពស់តែម្ដង។

នៅក្ន៧ងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើង អំពីការខកចិត្តចុងក្រោយរបស់សម្ដេច ក្នុងពេលកាន់តួនាទីជានាយក រដ្ឋមន្រ្ដីនោះ គឺនៅត្រង់ថា កម្ពុជា ដែលធ្លាប់មានកំណើនស្ថិរភាព និងមានការលូតលាស់សេដ្ឋកិច្ចជាង ៧ ភាគរយក្នុងមួយឆ្នាំ ប៉ុន្ដែវិបត្តិកូវីដ-១៩ បានធ្វើឱ្យមានការរារាំងដល់សេដ្ឋកិច្ចកម្ពុជា ហើយអត្រាក្រីក្រដែលធ្លាក់ចុះដល់១០ ភាគរយទៅហើយនោះ បានកើនឡើងវិញ។

ជាមួយគ្នានេះប្រាក់សន្សំ ជាង ៤ពាន់លានដុល្លារ ដែលសម្ដេច គ្រោងទុកសាងសង់ហេដ្ឋរចនាសម្ព៏ន្ធក៏ត្រូវបាត់បង់ ដែលត្រូវយកមកជួយដល់ប្រជាជន។ សម្ដេច ក៏មានការសោកស្ដាយ ចំពោះការបាត់បង់ប្រជាជនជាង៣ពាន់នាក់ក្នុងវិបត្តិកូវីដ-១៩នេះផងដែរ ៕ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner