សម្តេចតេជោ ហ៊ុន សែន៖ ដោយសារអត្រាបោះឆ្នោតសាកលជាង ៨០% ទើបសម្រេចចិត្តចាកចេញ និងផ្ទេរឱ្យអ្នកបន្តវេន គឺ ឯកឧត្តម ហ៊ុន ម៉ាណែត

ភ្នំពេញ៖ នៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ក្រោយពេលដែលកិច្ចប្រជុំរដ្ឋសភាលើកទី១ បានបញ្ចប់ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារអាត្រាកើនឡើងចំនួននៃការបោះឆ្នោត ជាង ៨០% ល្ងាចថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ជាថ្ងៃដែលខ្ញុំសម្រេចចិត្តច្បាស់លាស់ ហើយសមល្មមដល់ពេលវេលាដែលខ្ញុំត្រូវចាកចេញ និងផ្ទេរឱ្យអ្នកបន្តវេន គឺ ឯកឧត្តម ហ៊ុន ម៉ាណែត ។

សម្តេចបានលើកឡើងថា៖ ខ្ញ៉ំដឹងប្រជាពលរដ្ឋខ្មែរនៅស្ដាយស្រណោះតួនាទីដឹកនាំរបស់ខ្ញុំ ប៉ុន្តែខ្ញុំសូមបញ្ជាក់ជូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ខ្ញុំមិនទាន់ចាកចេញពីឆាកនយោបាយនៅឡើយទេ ។ សម្តេចតេជោ បានថ្លែងបញ្ជាក់ជូនជនរួមជាតិថា៖ ខ្ញុំមានលទ្ធភាពចូលរួមក្នុងការកសាងប្រទេសជាតិ ក្នុងឋានៈជាប្រធានគណៈបក្សប្រជាជនកម្ពុជា ជាអ្នកតំណាងរាស្ត្រ និងគម្រោងអនាគតដែលមានការស្រុះស្រួលគ្នាក្នុងគណបក្សប្រជាជនរួចទៅហើយនោះ នៅខែកុម្ភៈ ឆ្នាំ២០២៤ នឹងមានការបោះឆ្នោតព្រឹទ្ធសភា ពេលនោះ លទ្ធភាពនៅក្នុងខែមីនា ឆ្នាំ២០២៤ ខ្ញុំនឹងក្លាយទៅជាប្រធានព្រឹទ្ធសភា ដូច្នេះខ្ញុំមិនទាន់ទៅណាចោលប្រជាពលរដ្ឋរបស់យើងនោះទេ ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសូមអោយប្រជាពលរដ្ឋស្ងប់ចិត្ត ដែលខ្ញុំមានការយល់ពីការស្ដាយស្រណោះចំពោះតួនាទីរបស់ខ្ញុំ ក៏ប៉ុន្តែវាមានការចាំបាច់ណាស់ដើម្បីនឹងការផ្ទេរអ្នកជំនាន់មុនឲ្យអ្នកជំនាន់នៅពេលក្រោយនៅពេលនេះ ដោយសារតែភាគច្រើនអាយុ៦០ ឬ៧០ឆ្នាំ ហើយមានរហូតទៅដល់៨០ឆ្នាំ ដូច្នេះជាការល្អបំផុតហើយដែលយើងត្រូវដកខ្លួនចេញក្នុងពេលវេលាមួយដែលសមស្របនៅពេលនេះ ឲ្យប្រគល់ការងារសម្រាប់ឲ្យអ្នកបន្តវេនជំនាន់ក្រោយ ។

សម្ដេច បានបន្តថា មានការធ្វើអត្ថាធិប្បាយខ្លះថា ហ៊ុន សែនផ្ទេរតែតំណែងទេ ក៏ប៉ុន្តែមិនបានផ្ទេរអំណាចនោះទេ នោះជាការអត្ថាធិប្បាយ របស់អ្នកដែលមិនចង់យល់ ឬអាចនិយាយបានថា ចំណេះដឹងទាបពេក ។ សម្តេចបានបញ្ជាក់ថា «ខ្ញុំគួរតែបង្រៀន អ្នកធ្វើអត្ថាធិប្បាយនោះថា តើសមាជិកសភាអនុញ្ញាតឲ្យចុះហត្ថលេខាជំនួសនាយករដ្ឋមន្ត្រីទេ ? តើប្រធានគណបក្សនយោបាយ គេអនុញ្ញាតឲ្យមានការផ្ទេរអំណាចឲ្យ ឬមានការចុះហត្ថលេខាជំនួសនាយករដ្ឋមន្ត្រីទេ ? ប្រសិនបើល្ងង់បែបនេះ តើពេលណាទៅអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាបាន? សម្តេចបញ្ជាក់ថា «នេះជាការដាស់តឿនរំឭកដល់អ្នកធ្វើអត្ថាធិប្បាយ និងវិភាគបែបឡប់មួយចំនួន ហើយបង្រៀនឲ្យមានការចេះដឹងច្រើនជាងនេះ»៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner