សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណព្រះមហាក្សត្រ, សម្តេចម៉ែ និងជនរួមជាតិដែលគាំទ្រសកម្មភាពរដ្ឋាភិបាលជាង៤០ឆ្នាំ និងការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចរយៈពេល៣៨ឆ្នាំមកនេះ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ដែលបានគាំទ្រដល់ដំណើរការនៃការដឹកនាំប្រទេសកម្ពុជារបស់សម្តេចនាពេលកន្លងមក ហើយសម្តេចក៏បានថ្លែងអំណរគុណផងដែរ ដល់ព្រះសង្ឃ និងបងប្អូនជនរួមជាតិ ដែលបានគាំទ្រសកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលជាង ៤០ឆ្នាំ និងការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេច រយៈពេល ៣៨ឆ្នាំមកនេះ ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងចាត់ទុកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ជាថ្ងៃរដ្ឋសភាបើកសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី ដើម្បីនិរន្តរភាពនៃសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។
ការថ្លែងរបស់សម្តេចតេជោយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបញ្ចប់ការបោះឆ្នោតជ្រើសតាំង ក្បាលម៉ាស៊ីនរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្ត រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
នៅថ្ងៃនេះ ការបោះឆ្នោតជាកញ្ចប់ នាសម័យប្រជុំលើកទី១ នីតិកាលទី៧ រដ្ឋសភាបានអនុម័តគាំទ្រដល់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា, លោកបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ និងលោក វង សូត ជាអនុប្រធានទី២ រួមទាំងប្រធាន និងអនុប្រធានគណៈកម្មការទាំង ១០របស់រដ្ឋសភាផងដែរ។ ជាមួយគ្នានេះ រដ្ឋសភាក៏បានបោះឆ្នោតអនុម័តទាំងស្រុង លើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «ថ្ងៃនេះចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលយើងបានធ្វើដើម្បីនិរន្តរភាព នៃសន្តិភាព និងការអភិវឌ្ឍរបស់យើង»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាចំពោះសុខភាព និងកម្លាំងរបស់សម្តេចមានលទ្ធភាព ក្នុងការបន្តតំណែងធ្វើជានាយករដ្ឋមន្ត្រី ពី៥-១០ឆ្នាំទៀត ហើយនៅប្រទេសមួយចំនួន នាយករដ្ឋមន្ត្រីត្រូវចុះពីតំណែង នៅពេលសំឡេងឆ្នោតធ្លាក់ចុះ ប៉ុន្តែសម្រាប់សម្តេចវិញ សំឡេងឆ្នោតគាំទ្រកើនឡើងខ្ពស់បំផុត មិនធ្លាប់មានរបស់គណបក្សប្រជាជន តែសម្តេចបែរជាចាកចេញទៅវិញ គឺដើម្បីធានានូវសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជារយៈពេលវែង។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា បើទោះបីជាសម្តេចឈប់ធ្វើនាយករដ្ឋមន្ត្រី តែសម្តេចមិនទាន់ឈប់ពីឆាកនយោបាយនោះឡើយ សម្តេចនៅតែជាប្រធានគណបក្សកាន់អំណាច និងធ្វើជាប្រធានព្រឹទ្ធសភា នៅខែមីនា ឆ្នាំ២០២៤ខាងមុខ ៕
ដោយ ៖ វណ្ណលុក