បណ្ឌិត ហ៊ុន ម៉ាណែត៖ គំរូវីរភាពរបស់សម្ដេចទាំងទ្វេ គឺជាកត្តាអចិន្ត្រៃយ៍នៅក្នុងសម្បជញ្ញៈ និងមនសិការរបស់យើងខ្ញុំជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងអណត្តិថ្មី

(ភ្នំពេញ)៖ គំរូវីរភាពរបស់សម្ដេចទាំងទ្វេ គឺជាកត្តាអចិន្ត្រៃយ៍នៅក្នុងសម្បជញ្ញៈ និងមនសិការរបស់យើងខ្ញុំជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងអណត្តិថ្មី ។ នេះជាការលើកឡើងរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។

ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះរូបភាព២សន្លឹក អមដោយសំណេរថា គំរូវីរភាពរបស់សម្ដេចទាំងទ្វេ គឺជាកត្តាអចិន្ត្រៃយ៍នៅក្នុងសម្បជញ្ញៈ និង មនសិការ របស់យើងខ្ញុំជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្នុងអណត្តិថ្មី ដែលនឹងជួយជំរុញយើងខ្ញុំឲ្យប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីសម្រេចបានជោគជ័យដល់ត្រចះត្រចង់ ក្នុងការបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន។

សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យមួយ តែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមាន ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

ការចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីថ្មីនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងទៅលើសមាសភាពគណៈរដ្ឋមន្រ្តី ដែលរៀបចំដោយ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ។

សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន ១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី ៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា ។

ថ្លែងក្នុងវិមានរដ្ឋសភា នាសម័យប្រជុំលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដោយបានប្ដេជ្ញាចិត្តដឹកនាំរាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ។

ឯកឧត្តមនាយករដ្ឋមន្រ្តីថ្មី នាអាណត្តិទី៧ បានបញ្ជាក់ថា៖ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ សូមសន្យា និងធ្វើការប្ដេជ្ញាជាឱឡារិក ជូនជនរួមជាតិទូទាំងប្រទេសថា ខ្ញុំនឹងប្ដូរផ្ដាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ ធានាអភិវឌ្ឍឱ្យបានសម្រេចជោគជ័យនូវកម្មវិធីគោលនយោបាយរដ្ឋាភិបាល ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋ នៅមុនពេលបោះឆ្នោត ។
 
ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល ប្ដេជ្ញាចិត្តឥតរាថយ ក្នុងការអភិវឌ្ឍប្រទេសយ៉ាងស្វាហាប់ ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២៣នេះ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner