សម្តេចតេជោ ហ៊ុន សែន៖ សមាសភាពគណៈរដ្ឋមន្រ្តីថ្មី ក៏មានប្រភពចេញពីក្មេងកំព្រាដែរ មិនមែនសុទ្ធតែកូនអ្នកធំទេ
(ភ្នំពេញ)៖ នៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ក្រោយពេលដែលកិច្ចប្រជុំរដ្ឋសភាលើកទី១ បានបញ្ចប់ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណៈរដ្ឋមន្រ្តីថ្មី ដែលមានឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មិនមែនមានសុទ្ធតែកូនអ្នកធំទេ ក៏មានប្រភពចេញពីក្មេងកំព្រា និងគ្រប់សមាសសភាពដែរ ឱ្យតែមានពួកគេមានសមត្ថភាព ។

សម្តេចតេជោ បានបញ្ជាក់ថា៖ យើងមិនមែនត្រឹមតែរៀបចំកូនមន្រ្តីជាន់ខ្ពស់ទេ នៅក្នុងហ្នឹង គឺមានគ្រប់សមាសសភាព ឱ្យតែមានលទ្ធភាព ប្រសិនបើកូនខ្ញុំមិនបានការ ក៏អត់មានការតែងតាំងដែរ ។
សម្តេចបានរំលឹកថា រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មី គឺ ឯកឧត្តម នេត្រ ភក្ត្រា គឺជាអតីតកុមារកំព្រា ដែលពេលនេះ លោកត្រូវបានបញ្ចូលទៅក្នុងសមាសភាពរាជរដ្ឋាភិបាលថ្មី ដែលមានឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ គាំទ្រដល់រាជរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីរួមចំណែកឱ្យការងារជឿនលឿនទៅមុខ ។
សម្តេចតេជោបានថ្លែងចាត់ទុកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ជាថ្ងៃរដ្ឋសភាបើកសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី ដើម្បីនិរន្តរភាពនៃសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា ។

សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យមួយ តែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមានឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ ការចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីថ្មីនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងទៅលើសមាសភាពគណៈរដ្ឋមន្រ្តី ដែលរៀបចំដោយ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ។
សភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន ១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី ៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយ គណបក្សប្រជាជនកម្ពុជា ៕


ដោយ ៖ វណ្ណលុក