រដ្ឋមន្រ្តីក្រសួងការងារថ្មី ជាកូនរាស្ត្រសាមញ្ញ និងឆ្លងកាត់ការងារតាំងពីមន្ត្រីថ្នាក់តូចតាចរហូតឡើងជារដ្ឋមន្រ្តី
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ ដែលត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាអាណាព្យាបាលលើភាគីកម្មករ ឬពលករ និងភាគីនិយោជក ឬអ្នកវិនិយោគ ដែលជាទូទៅ ភាគីទាំង២ តែងតែមានទំនាស់ផលប្រយោជន៍នឹងគ្នា ហើយងាយនឹងមើលមុខគ្នាមិនចំប្រសិនជាមានជនទី៣ ណាមួយព្យាយាមអុចអាលនោះ ។
ពិតហើយបតំណែងរដ្ឋមន្ត្រីក្រសួងការងារ គឺត្រូវបានគេចាត់ទុកថាជាកៅអីក្តៅមួយនៅក្នុងបណ្តាប្រទេសនានាលើសាកលលោក ។ នៅកម្ពុជាក៏មិនខុសគ្នានេះដែរ។
តើ ឯកឧត្តម ហេង សួរ ជាអ្នកណាដែលអង្គុយនៅលើកៅអីក្តៅមួយនេះ?
បើតាមប្រវត្តិគ្រួសារលោករដ្ឋមន្រ្តីថ្មីគឺ ជាកូនអ្នកទីក្រុងភ្នំពេញ មានឈាមជ័រជាអ្នករកស៊ីតាំងពីដូនតាមក។ ឯកឧត្តម គឺជាកូនច្បងក្នុងចំណោមបងប្អូនចំនួន៥នាក់ដែលភាគច្រើនជាពាណិជ្ជករ។

យោងតាមឯកសារផ្លូវការរិញ ឯកឧត្តម កើតនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៧៥ ប៉ុន្តែប្រភពមួយចំនួនថាកើតនៅឆ្នាំ១៩៧៤។ បច្ចុប្បន្ននេះ ឯកឧត្តម គឺជាឪពុក ដែលមានកូនចំនួន៣នាក់ក្នុងបន្ទុក ខណៈដែលភរិយាលោក គឺជាពាណិជ្ជករ និងអ្នកវិនិយោគលើផ្នែកសណ្ឋាគារ និងអចលន ទ្រព្យ។ ម្តាយរបស់លោកនៅបន្តមរតកជាអ្នកមើលថែកូនចៅពីឪពុក និងគ្រប់គ្រងចំណូលអចលនទ្រព្យ ដែលស្វាមីបន្សល់ទុក។
ជីវិតការងារ ដែលផ្តើមចេញពីអ្នកតូចតាច តាមពិតឥស្សរជននយោបាយសម្បុរស សក់ត្រង់ស្លូត ដែលកំពុងអង្គុយតំណែងរដ្ឋមន្ត្រីក្រសួងការងារនេះ ក៏ចាប់ផ្តើមចេញពីតំណែងកូនមន្ត្រីផងដែរ។ តាមឯកសារដែលរកបានពីគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីរូបនេះ បានផ្តើមធ្វើការដំបូងជាមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅឆ្នាំ ១៩៩៩ និងបានប្រឡងជាប់ជាមន្ត្រីពន្ធដាវគ្គដំបូងបង្អស់នៅដើមឆ្នាំ២០០០។ នៅឆ្នាំ២០០៤ ក្នុងខណៈដែលលោកកំពុងសិក្សាថ្នាក់ បណ្ឌិតនៅជប៉ុន លោកក៏ត្រូវបានរដ្ឋាភិបាលតែងតាំងជាតួនាទីជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទើបបង្កើតថ្មី ហើយបានតម្រូវឱ្យលោកត្រូវបង្ខំចិត្តបោះបង់សិក្សាថ្នាក់បណ្ឌិតផ្នែកពាណិជ្ជកម្មអន្តរជាតិចោល ។

នៅឆ្នាំ២០០៨ ក្រោយកាន់តំណែងបាន៤ឆ្នាំ ឯកឧត្តម ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុរបស់ក្រសួងការងារក្នុងសម័យ ឯកឧត្តម អ៉ិត សំហេង ជារដ្ឋមន្ត្រី។ ជាបន្តទៀតលោក ក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៅឆ្នាំ២០១៧ ហើយលោកក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅឆ្នាំ២០១៨ រហូតដល់បញ្ចប់នីតិកាលទី៦ មុនក្លាយជារដ្ឋមន្ត្រីក្រសួងនៅអាណត្តិទី៧នេះ ។
ចំណែកប្រវត្តិការសិក្សាវិញឯកសាររបស់គណបក្សប្រជាជនដដែល បានគូសបញ្ជាក់ថា ឯកឧត្តម ហេង សួរ ជាអតីតសិស្សវិទ្យាល័យទូលទំពូងនៅរាជធានីភ្នំពេញ ហើយនៅឆ្នាំ១៩៩៤ លោកជានិស្សិតបានទទួលអាហាររូបករណ៍ផ្នែកគណនេយ្យពាណិជ្ជកម្ម ពីវិទ្យាស្ថានជាតិគ្រប់គ្រងដែលបច្ចុប្បន្នគឺជាសាកលវិទ្យាល័យជាតិគ្រប់គ្រង។ រដ្ឋមន្ត្រីអង្គុយកៅអីក្តៅរូបនេះ ក៏ជានិស្សិតអាហារូប ករណ៍ថ្នាក់អនុបណ្ឌិតនៅប្រទេសជប៉ុនផ្នែកគោល នយោបាយពន្ធដារក្នុងឆ្នាំ២០០០-២០០២ ហើយបន្តការសិក្សាថ្នាក់បណ្ឌិតពាណិជ្ជកម្មអន្តរជាតិបន្ថែមទៀត ប៉ុន្តែត្រូវបង្ខំចិត្តបោះបង់ចោលនៅឆ្នាំ២០០៤ ព្រោះត្រូវមកទទួលតំណែងក្នុងប្រទេសកំណើតវិញ។ នេះបើតាមការបញ្ជាក់ពីមិត្តភក្តិដែលធ្លាប់សិក្សានៅជប៉ុនជាមួយគ្នា ។
ការចូលប្រឡូកកិច្ចការងារក្នុងជួររាជដ្ឋាភិបាល និងកិច្ចការគណបក្សវិញ នៅមុនការតែងតាំងជារដ្ឋមន្ត្រី ឯកឧត្តម ហេង សួរ ត្រូវបានគេដឹងថាមានតួនាទីជាច្រើនក្នុងស្ថាប័នរដ្ឋដែលបម្រើការងារជូនរាជរដ្ឋាភិបាលកម្ពុជាជាច្រើនឆ្នាំមកហើយតាំងពីមុនមកម្លេះ។ ក្នុងលោកគឺជាជំនួយការសម្តេចហ៊ុន សែន, ជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រឹក្សាការងារ ជាដើម ។

ដោយឡែកការងារនយោបាយក្នុងបក្សវិញ លោកមានតួនាទីចំនួន១២ផ្សេងគ្នាដូចជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រធានផ្នែករាជធានី-ខេត្តនៃយុវជនគណបក្ស ប្រជាជនកម្ពុជា ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសាធារណរដ្ឋកូរ៉េ ជប៉ុន និងម៉ាឡេស៊ី និងអនុ ប្រធានក្រុមការងារកសាងពង្រឹងគណបក្សប្រចាំសាធារណ រដ្ឋកូរ៉េ ថៃម៉ាឡេស៊ី និងជប៉ុនជាដើម ។
ចំពោះចរិត្តលក្ខណៈការងារ ឯកឧត្តម ជាកូនរាស្ត្រសាមញ្ញលោក ហេង សួរ ជាមនុស្សរួសរាយ ងាយនឹងចូលគេចូលឯង ប៉ុន្តែលោកម៉ឺងម៉ាត់ និងហ្មត់ចត់នឹងការងារ ដោយលោកត្រូវការទាំងគុណភាព និងការទទួលខុសត្រូវពីអ្នកពាក់ព័ន្ធ។ នេះបើតាមអ្នកដែលធ្លាប់ធ្វើការជាមួយ ឯកឧត្តមដ ហេង សួរ។ មិនតែប៉ុណ្ណោះ លោក ក៏មិនរាថយចំពោះការចោទប្រកាន់នានាពីអ្នកដែលបាត់បង់ផលប្រយោជន៍ ឬមានចេតនាបំផ្លាញសង្គមឡើយ ពោលគឺឱ្យតែសកម្មភាព និងទង្វើររបស់លោក អាចនាំមកនូវប្រយោជន៍ ឬការពានូវប្រយោជន៍របស់ប្រជាពលរដ្ឋភាគ ច្រើនលើសលប់។យ៉ាងណាក៏ដោយ នៅក្នុងអាណត្តិទី៧នេះដែលដឹកនាំដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អ្នកកាន់តំណែងកៅអីកំពូលៗរបស់រដ្ឋាភិបាលគេសង្កេតឃើញអ្នកកាន់តំណែងមានប្រភពចេញពីកូនរាស្ត្រសាមញ្ញមានទាំងអ្នកអតីតក្មេងវត្តផងដែរ ៕

ដោយ ៖ ម៉ាដេប៉ូ