នាយករដ្ឋមន្រ្តីជប៉ុនអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ផែនការបាញ់បង្ហោះផ្កាយរណប
តូក្យូ៖ មេដឹកនាំជប៉ុននៅថ្ងៃទី២២ ខែសីហានេះ បានទទូចឱ្យកូរ៉េខាងជើងបញ្ឈប់ផែនការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន។
នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា នៅថ្ងៃទី២២ ខែសីហានេះ បានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ផែនការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន ពោលជិតបីខែបន្ទាប់ពីទីក្រុងព្យុងយ៉ាងបរាជ័យ ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ជូនផ្កាយរណបយោធាទៅកាន់ទីអវកាស។

លោក ហ៊្វូមីអូ គីស៊ីដា បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា ខ្ញុំបានណែនាំក្រុមរដ្ឋមន្ត្រីឱ្យផ្តល់ព័ត៌មានដល់សាធារណៈជន និងសហការជាមួយប្រទេសពាក់ព័ន្ធ ក៏ដូចជាអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ការបាញ់បង្ហោះផ្កាយរណប និងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីរៀបចំសម្រាប់ព្រឹត្តិការណ៍ដែលមិនអាចទាយទុកជាមុន។

ដោយឡែកកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារនេះដែរថា គំរោងបាញ់បង្ហោះផ្កាយរណបយោធារបស់កូរ៉េខាងជើង នឹងក្លាយជា “ទង្វើខុសច្បាប់” ព្រោះវាតម្រូវឱ្យប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោងដែលត្រូវបានហាមឃាត់។ ជាមួយគ្នានេះ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង គឺជាការបំពានយ៉ាងច្បាស់លើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ប្រតិកម្មរបស់ប្រទេសទាំងពីរបានកើតមានឡើងបន្ទាប់ពីកូរ៉េខាងជើងបានជូនដំណឹងដល់ឆ្មាំឆ្នេរសមុទ្រជប៉ុន អំពីការបាញ់បង្ហោះផ្កាយរំណប គ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែសីហាខាងមុខនេះ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា