ក្រុងហ្សាការតា ណែនាំបុគ្គលិកសិស្សនិស្សិត ឱ្យសិក្សា និងធ្វើការពីផ្ទះដើម្បីទប់ស្កាត់ការបំពុលខ្យល់

ហ្សាការតា៖ នៅចំពោះមុខកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងមកដល់នៅខែកញ្ញា​ឆាប់ៗខាងមុខនេះ រដ្ឋបាលក្រុងហ្សាការ​តា បានដាក់គោលការណ៍ធ្វើការ ពីចម្ងាយសម្រាប់បុគ្គលិកទីក្រុង និងសិស្សនិស្សិត គឺដើម្បី​ទប់ស្កាត់​កា​រ​បំពុល​បរិយាកាសកម្រិត​ធ្ងន់ធ្ងរ​ដែល​បាន​ធ្វើ​ឱ្យ​ទីក្រុងដ៏មមាញឹក​នេះ​មាន​ភាព​ច្របូកច្របល់​ក្នុង​រយៈពេល​ប៉ុ​ន្មាន​ខែ​ចុងក្រោយ​។

បើយោងតាមទិន្នន័យចងក្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាគុណភាពខ្យល់របស់ប្រទេសស្វីស IQAir ទីក្រុងហ្សា​ការតារបស់ឥណ្ឌូណេស៊ី តែងតែជាប់ក្នុងចំណោមទីក្រុងទាំង ១០ លើពិភពលោកដែលមានការបំពុ​ល​ខ្លាំងបំផុត។

លោក Sigit Wijatmoko ប្រធានទីភ្នាក់ងារព័ត៌មាន និងស្ថិតិស្តីទីនៃទីក្រុងហ្សាកាតា បាននិយាយថា ទីក្រុ​ងនឹងចាប់ផ្តើមអនុវត្តគោលនយោបាយ ដោយតម្រូវឱ្យបុគ្គលិកទាំងអស់ក្នុងទីក្រុងចំនួន ៥០ភាយរយត្រូវធ្វើការពីចម្ងាយ ចាប់ពីសប្តាហ៍នេះរហូតដល់ថ្ងៃទី ២១ ខែតុលា។

លោក Sigit បន្ថែមថា ការរៀបចំនេះនឹងអនុវត្តចំពោះបុគ្គលិកទូទៅ លើកលែងតែបុគ្គលិកដែលធ្វើការក្នុងសេវាសាធារណៈដោយផ្ទាល់។ លោក Sigit បានបន្ថែមថា គោលនយោបាយការងារពីចម្ងាយនឹងត្រូវបានពង្រីកដល់ ៧៥ ភាគរយសម្រាប់តំបន់ដែលមានការិយាល័យនៅជិតនឹងកន្លែងប្រជុំកំពូលអាស៊ាន។

ជាមួយគ្នានេះទីក្រុងក៏នឹងបញ្ជាឱ្យសាលារៀនដែលមានទីតាំងនៅជុំវិញកន្លែងប្រជុំកំពូលអាស៊ាន អនុវត្តកា​ររៀនសូត្រពីចម្ងាយ ចំនួន ៥០ភាគរយ អំឡុងពេលកិច្ចប្រជុំផងដែរ។ គួរជម្រាបថា កិច្ចប្រជុំកំពូលអាស៊ា​ននេះគ្រោងធ្វើឡើងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី​៧ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និបាត ហ្សាការតា(Jakarta) ភាគខាងត្បូងនៃទីក្រុង។

ក្រៅពីការដាក់គោលការណ៍ ការធ្វើការងារ និងការសិក្សាពីចម្ងាយ រដ្ឋបាលក្រុងហ្សាកាតាក៏បាននឹងកំពុងធ្វើ​ការជាមួយរដ្ឋាភិបាលកណ្តាល ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការបំភាយយានយន្តនៅក្នុងទីក្រុងរបស់ខ្លួនផងដែរ។

ក្រសួងបរិស្ថាន និងរុក្ខាប្រមាញ់ ឥណ្ឌូណេស៊ី បានធ្វើតេស្តការបំភាយឧស្ម័ន លើយានយន្តរបស់បុគ្គលិកទាំ​ងអស់ក្នុងទីក្រុងកាលពីថ្ងៃព្រហស្បតិ៍។ លើសពីនេះក្រសួង​នឹង​បន្ត​ការ​ធ្វើ​តេស្ត​ លើ​គ្រប់​យានជំនិះនៅភាគខាងត្បូងនៃ​ទីក្រុង​ហ្សាការតា​៕​

ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ Jakarta city employees, students told to work, study from home to curb air pollution

ads banner