គិលានុបដ្ឋាយិកាដែលសម្លាប់ទារកអស់៧នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត
ឡុងដ៍៖ គិលានុបដ្ឋាយិកា Lucy Letby នឹងត្រូវចំណាយពេលអស់មួយជីវិតនៅក្នុងពន្ធនាគារក្រោយបានសម្លាប់ទារកទើបនឹងកើតចំនួនប្រាំពីនាក់។ ការសម្រេចកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិតបែបនេះ ក្រោយចៅក្រមរបស់ប្រទេសអង់គ្លេសបានរកឃើញថា នាងជាឃាតករដ៏កាចសាហាវ (Serial Killer) ដែលមិនគួរត្រូវបានលើកលែងឡើយ។
ការសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារពេញមួយជីវិត គឺជាករណីកម្រមានណាស់ ហើយដែលមានតែស្ត្រីបីនាក់ប៉ុណ្ណោះនៅចក្រភពអង់គ្លេសដែលបានទទួលការកាត់ទោសបែបនេះពីមុនមក។ ស្ត្រីពីរនាក់ទៀតដែលទទួលបានការកាត់ទោសបែបនេះដែរ រួមមាន Myra Hindley និងRosemary West។
សម្រាប់នាង Letby ដែលមានអាយុ ៣៣ ឆ្នាំ បានសម្លាប់ទារកចំនួនប្រាំនាក់ និងទារិកាពីរនាក់ទៀតនៅឯអង្គភាពទារកទើបនឹងកើតនៃមន្ទីរពេទ្យ Countess of Chester នៅភាគខាងជើងប្រទេសអង់គ្លេស។ ទង្វើឃាតកម្មលើទារករបស់គិលានុបដ្ឋាយិការូបនេះបានធ្វើឡើងតាំងតែពីឆ្នាំ ២០១៥ ដោយប្រើប្រាស់វិធីចាក់ប្រភេទថ្នាំអាំងស៊ុយលីន ឬខ្យល់ ឬបង្ខំឱ្យទារកទាំងនោះបៅទឹកដោះគោជាដើម។
តាមការសង្កេតករណីភាគច្រើនគឺបានធ្វើទៅលើទារកភ្លោះ ក្នុងនោះករណីមួយទារកភ្លោះទាំងពីរត្រូវបានស្លាប់ និងករណីមួយទៀតទារកភ្លោះពីរនាក់ត្រូវបានស្លាប់ក្នុងចំណោមទារកភ្លោះ ទាំង៣នាក់។
បើទោះបីជាយ៉ាងនេះក្ដីប៉ូលិសមិនបានរកឃើញហេតុផលនៅពីក្រោយទង្វើឧក្រិដ្ឋកម្មរបស់នាងទេហើយ ប៉ុន្តែចៅក្រមបាននិយាយថា មានតែ Letby ប៉ុណ្ណោះដែលដឹងពីមូលហេតុនៃសកម្មភាពរបស់នាង។
ក្នុងថ្ងៃកាត់ក្ដី នាងបានបដិសេធមិនចាកចេញពីបន្ទប់ដើម្បីស្តាប់ការកាត់ទោសរបស់នាងឡើយ ខណៈដែលករណីទូទៅគឺតម្រូវឱ្យឧក្រិដ្ឋជនត្រូវតែបានស្តាប់ពីផលប៉ះពាល់នៃសកម្មភាពរបស់ពួកគេទៅលើជនរងគ្រោះ ឬក្រុមគ្រួសាររបស់ជនរងគ្រោះ។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Rishi Sunak បានចាត់ទុកថាការបដិសេដរបស់នាងក្នុងការចូលទៅស្តាប់ពីផលប៉ះពាល់នៃសកម្មភាពរបស់នាងទៅលើជនរងគ្រោះជាទង្វើ «កំសាក»។
ខណៈដែលច្បាប់បច្ចុប្បន្នចែងថា ចៅក្រមអាចបង្កើនរយៈពេលនៃការជាប់ពន្ធនាគារលើអ្នកទោសរូបណាដែលបដិសេធមិនចូលខ្លួនទៅក្នុងការកាត់ក្ដី។
រដ្ឋាភិបាលចក្រភពអង់គ្លេសក៏បានបញ្ជាឱ្យមានការស៊ើបអង្កេតលើករណីនេះទៅលើអង្គភាពដែល Lucy Letby ធ្វើការ ដើម្បីរកសាក្សីឱ្យផ្តល់ភស្តុតាងមកបន្ថែមទៀត ក៏ដូចជាដើម្បីឱ្យប្រាកដថាមិន មានករណីផ្សេងទៀតដែលមិនទាន់រកឃើញ។
ដោយឡែក នាង Lucy Letby ត្រូវបានគេរកឃើញថាមានពិរុទ្ធកាលពីសប្តាហ៍មុន ពីបទឃាតកម្មចំនួនប្រាំពីរ បន្ទាប់ពីការកាត់ទោសរយៈពេល ១០ ខែនៅតុលាការ Manchester Crown៕
កែវ បុស្បា
ប្រភព៖ Lucy Letby: killer nurse jailed for rest of her life by UK court