អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន វិលត្រឡប់ចូលស្រុកវិញ ក្រោយនិរទេសខ្លួនអស់ជាច្រើនឆ្នាំ
ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានវិញត្រឡប់ចូលមាតុភូមិកំណើតវិញ បន្ទាប់ពីបាននិរទេសខ្លួនអស់រយៈពេល ១៥ ឆ្នាំ។ នេះបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។
សារព័ត៌មានថៃ Khaosod Media បានផ្សាយថា លោក ថាក់ស៊ីន បានធ្វើដំណើរតាមរយៈជើងហោះហើរឯកជនពីប្រទេសសិង្ហបុរីមកដល់ព្រលានយន្តហោះ ដន មឿង(Don Mueang )នាទីក្រុងបាងកកនៅម៉ោង ៩ ព្រឹកថ្ងៃអង្គារនេះ ដោយមានអ្នកគាំទ្ររាប់រយនាក់ចាំទទួលស្វាគមន៍។
មុននោះ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលជាប្អូនស្រីរបស់លោក ថាក់ស៊ីន និងរស់នៅនិរទេសខ្លួនដូចគ្នា បានបង្ហោះសារនៅលើបណ្ដាញសង្គមថា៖ «ថ្ងៃដែលបងប្រុសរបស់ខ្ញុំទន្ទឹមរង់ចាំ បានមកដល់ហើយ។ រយៈពេល ១៧ ឆ្នាំមកនេះ បងរស់នៅទាំងអារម្មណ៍ឯកោ មានបញ្ហា និងនឹកផ្ទះ ប៉ុន្តែបងបានតស៊ូ»។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន ដែលពេលនេះមានអាយុ ៧៤ ឆ្នាំ បានភៀសខ្លួនទៅក្រៅប្រទេសដើម្បីគេចពីទោសជាប់ពន្ធនាគារពីបទបំពានអំណាចក្នុងឆ្នាំ ២០០៨ ពោលគឺពីរ ឆ្នាំបន្ទាប់ពីយោធាថៃ បានផ្តួលរំលំលោក ដោយចោទប្រកាន់ពីបទអំពើពុករលួយ និងមិនស្មោះត្រង់ចំពោះរាជាធិបតេយ្យ។ លោកបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ ហើយហៅវាថាធ្វើឡើងក្នុងហេតុផលនយោបាយ។
ទោះយ៉ាងណាក៏ដោយ ប៉ូលិសថៃនិយាយថា លោក ថាក់ស៊ីន នឹងត្រូវបានចាប់ខ្លួននៅពេលវិលចូលស្រុកវិញ ហើយបញ្ជូនទៅកាន់តុលាការកំពូលដោយផ្ទាល់ ដើម្បីបើកសវនាការ មុនពេលផ្ទេរទៅពន្ធនាគារ។
ការវិលចូលស្រុកវិញនាពេលនេះ ធ្វើឡើងចំពេលដែលថៃជាប់គាំងក្នុងនយោបាយក្រោយការបោះឆ្នោតកាលពីខែឧសភា និងចំថ្ងៃដែលសភាថៃគ្រោងនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីដឹកនាំរដ្ឋាភិបាលថ្មី ក្រោយពីបរាជ័យអស់រយៈពេលប៉ុន្មានលើករួចមក។
ការបោះឆ្នោតក្នុងសភាលើកនេះ មានលោក ស្រេថា ថាវីស៊ីន មកពីគណបក្សភឿថៃ ជាបេក្ខជននាយករដ្ឋមន្រ្តី។ គណបក្សភឿថៃ ដែលដឹកនាំដោយគ្រួសារត្រកូល ស៊ីណាវ៉ាត់ បានបង្ហាញការជឿជាក់ថា លោក ស្រេថា នឹងជាប់ការបោះឆ្នោតនេះ។
ចំណែកសម្ព័ន្ធភាពចម្រុះនយោបាយថ្មី ដែលបក្សភឿថៃបង្កើតឡើងក្រោយដកខ្លួនចេញពីសម្ព័ន្ធភាពជាមួយគណបក្សចលនាឆ្ពោះទៅមុខ (MFP) របស់លោក ភីតា លីមចារ៉នរ៉ាត អាចផ្ដល់សម្លេងគាំទ្រពីសមាជិកសភាជាប់ឆ្នោតដល់បេក្ខភាពរបស់លោក ស្រេថា ត្រឹមតែ ៣១៤សំឡេង ប៉ុណ្ណេះ ខណៈលោកត្រូវការសំឡេងពីសភាទាំងពីរយ៉ាងតិច ៣៧៥ សំឡេង ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មី៕ ប្រែសម្រួល៖ ហួន ឌីណា