សោម ជាអាហារអ្នកស្រុកចូលចិត្តដើរកាប់តាមព្រៃមកបរិភោគដែលមានរស់ជាតិឆ្ងាញ់ពិសារ

ភ្នំពេញ៖ សោមជារុក្ខជាតិនៅក្នុងអម្បូរជាមួយផ្តៅ មានកម្ពស់ប្រមាណ ៧-១០ម៉ែត្រ ព្រមទាំងមានអង្កត់ផ្ចិត ៤-៥សង់ទីម៉ែត្រ ហើយច្រើនដុះជិតប្រភពទឹកដូចជា៖ ជាប់ស្ទឹង អូរ តាមតំបន់ព្រៃភ្នំ។ ដើមសម្បូរបន្លាធំវែង ដែលនៅខ្នងធាង ឯស្លឹកវិញមើលទៅស្រដៀងស្លឹកដូង ។

សោម ឬ អ្នកស្រុកហៅថា ចុងសោមជារុក្ខជាតិត្រូវបានពលរដ្ឋខ្មែរចេះកែច្នៃមកធ្វើម្ហួបអាហារបរិភោគ និងខ្លះទៀតគេបានកែច្នៃមកធ្វើជាសម្ភារប្រើប្រាស់ទៀតផង ។

ទាក់ទិនក្នុងរឿងនេះលោក ប្រាក់ សុផាត រស់នៅភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារដែលបាន មកកាប់សោមនៅលើកំពូលភ្នំត្បែងបានប្រាប់ឱ្យដឹងថា៖លោកតែងនាំកូនមករកកាប់សោមនេះទៅធ្វើម្ហូបនៅពេលណាដែលគ្រួសាររបស់លោកចង់បរិភោគ។សម្លដែលលោកតែងយកស្នូល សោមមកបរិភោគនោះគឺធ្វើសម្ល កកូរ សម្លប្រហើរ ធ្វើអន្លក់ និងធ្វើជាបន្លែផ្សេងៗទៀតដែលមានរស់ជាតិឆ្ងាញ់គួរជាគាប់ចិត្ត។សម្រាប់បណ្តូលសោមដែលគេយកមកស្លជាមួយសម្លកកូរវិញមានរស់ជាតិឆ្ងាញ់ជាងគេបំផុត។

បុរសវ័យ ៥៩ឆ្នាំជាអ្នកស្រុកតែងតែដើររកសោមទុកសម្រាប់បរិភោគតាំងតែពីវ័យក្មេងដល់ចាស់រូបនេះបានប្រាប់ដែរថា៖ជាធម្មតាសោមតែងដុះតាមមាត់អូរ។ទោះវាមានបន្លាពិបាកក្នុងការកាប់បន្តិចក្តីតែនៅពេលយកទៅធ្វើម្ហូបមានរស់ជាតិឆ្ងាញ់ពិសារធ្វើឱ្យអ្នកស្រុកតែងតែនឹកចង់បរិភោគវាជាញឹកញាប់។

គួរបញ្ជាក់ថាបើយោងតាមឯកសារស្រាវជ្រាវវិញបានឱ្យដឹងថាគេអាចប្រើសោមជាប្រយោជន៍ច្រើនយ៉ាង ដូចជាច្រៀកដើមចាស់យកមកចាក់សង្រែក,ចងកណ្តាប់ចង្អេរ ល្អី កញ្ជើ ធ្វើដងកណ្តបស្លឹកឃុនមាប្រក់ផ្ទះ ឬធ្វើសង្ហារិមខ្លះដូចជាផ្តៅផ្សេងៗទៀតផង។ ក្រៅពីដើម ស្លឹកក៏មានប្រយោជន៍ដែរ គឺគេកាត់យកទាំងធាង ហើយតម្រៀបគ្នា ដោយយកចម្រៀកដើមរបស់វាមកក្រងដើម្បីប្រក់ផ្ទះដ៏សក្តិសម ។
ក្នុងការយកមកធ្វើម្ហូបនេះគេសកសម្បកក្រៅចោលទាំងអស់ ហើយយកតែបណ្តូលខ្ចីខាងក្នុង ។

សម្រាប់ បណ្តូលខ្ចីៗរបស់វានេះដែរអាចយកមកបុកជាមួយអំបិលលាយម្ទេសនិងល្ង ហូប, ស្រុះឬដុត ប្រើជាអន្លក់ជ្រលក់ប្រហុកឬទឹកគ្រឿង ឬទុកជ្រក់ក្រៅឆ្នាំង។ បើពុំនោះទេ គេបុកជាមួយសាច់មាន់ ហៅថា “បុកមាន់ចុងសោម”។ បើស្លវិញ គេច្រើនចិតបណ្តូលនោះឲ្យស្តើងៗយកមកស្លម្ជូរ តែម្ហូបមួយមុខទៀតដែលគេយល់ថាពិសេសនោះ គឺសម្លកកូរចុងសោម ។ ក្រៅពីនេះផ្លែសោមក៏មានប្រយោជន៍ដែរ ព្រោះគេអាចយកមកហូបជាមួយម្លូជំនួសស្លាបាន ដោយសារមានជាតិចត់។

គួរបញ្ជាក់ថា សោមក្រៅពីគេប្រើបរិភោគតាមផ្ទះសម្បែងហើយ គេនៅប្រើធ្វើជាសម្លក្នុងពិធីធំៗដូចជាបុណ្យទានឬក្នុងពិធីអាពាហ៍ពិពាហ៍ទៀតផង ៕ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner