លោក ស៊ី៖ ចិន និងអាហ្វ្រិកខាងត្បូងឈរនៅចំណុចចាប់ផ្តើមប្រវត្តិសាស្រ្តថ្មី
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបជាមួយសមភាគីអាហ្រ្វិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា នៅមុនពេលចូលរួមកិច្ចប្រជុំកំពូល BRICS។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃទី២២ ខែសីហានេះ បានគូសបញ្ជាក់ថា ប្រទេសចិន និងអាហ្រ្វិកខាងត្បូងកំពុងឈរនៅចំណុចចាប់ផ្តើមប្រវត្តិសាស្ត្រថ្មីមួយ នៅពេលដែលលោកបានជួបសមភាគីអាហ្វ្រិកខាងត្បូងលោក ស៊ីរីល រ៉ាម៉ាហ្វូសា នៅទីក្រុងព្រីតូរៀ នៅក្នុងដំណើរទស្សនកិច្ចដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS។
ទូរទស្សន៍រដ្ឋចិន CCTV បានដកស្រង់សម្តីរបស់លោក ស៊ី ដែលបានបញ្ជាក់យ៉ាងដូច្នេះថា ថ្ងៃនេះ ចិន និងអាហ្វ្រិកខាងត្បូងកំពុងឈរនៅចំណុចចាប់ផ្តើមប្រវត្តិសាស្ត្រថ្មី, ការបន្តមិត្តភាព, ការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងការពង្រឹងការសម្របសម្រួល ដែលជាសេចក្តីប្រាថ្នារួមរបស់ប្រទេសទាំងពីរ។
មេដឹកនាំសំខាន់ៗនៃប្រទេសជាសមាជិក BRICS ដែលមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង បានធ្វើដំណើរទៅកាន់ប្រទេសអាហ្រ្វិកខាងត្បូង ដែលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលលើកទី១៥ របស់ក្រុមប្រទេស BRICS ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែសីហានេះ។
ប្រទេសសរុបចំនួន ៦៩ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ រួមទាំងរដ្ឋអាហ្វ្រិកទាំងអស់ ហើយការពង្រីកសមាជិកភាព ត្រូវបានគេរំពឹងថា ជារបៀបវារៈកំពូល។ ប្រទេសជាច្រើនរួមមាន អាល់ហ្សេរី អារ៉ាប៊ីសាអូឌីត អាហ្សង់ទីន និងអេត្យូពី ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមក្រុមប្រទេស BRICS ជាផ្លូវការ ឬក្រៅផ្លូវការផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


