រុស្ស៊ីព្រមានកាត់តំបន់ផ្ដាច់ខ្លួនរបស់ហ្សកស៊ី រាប់បញ្ជូលជាទឹកដីរបស់ខ្លួន
មូស្គូ៖ អនុលេខាក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីដ៏មានឥទ្ធិពល និងជាអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានថា ទីក្រុងមូស្គូអាចកាត់តំបន់ផ្ដាច់ខ្លួនរបស់ប្រទេសហ្សកហ្ស៊ី រួមមានតំបន់អូសេធៀខាងត្បូង និងតំបន់អាប់ខាហ្សៀ រាប់បញ្ជូលជាទឹកដីរបស់ខ្លួន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក Medvedev ដែលចាត់ទុកខ្លួនឯងថាជាអ្នកពូកែខាងបញ្ចេញវោហាសាស្រ្តនយោបាយរបស់រុស្ស៊ីចាប់តាំងពីការឈ្លានពានអ៊ុយក្រែនទូទាំងប្រទេសចាប់ផ្ដើមកាលពីឆ្នាំមុន បានចោទប្រកាន់លោកខាលិចក្នុងអត្ថបទកាសែតមួយដែលចេញផ្សាយនៅថ្ងៃពុធថា បានបង្កើតភាពតានតឹងលើហ្សកហ្ស៊ី ដោយពិភាក្សាអំពីការផ្ដល់សមាជិកភាពណាតូឱ្យប្រទេសនេះ។
លោកសរសេរក្នុងអត្ថបទ ដែលចុះផ្សាយដោយកាសែត Argumenty I Fakty ថា៖ «គំនិតនៃការចូលរួមជាមួយរុស្ស៊ី នៅតែមានប្រជាប្រិយភាពនៅតំបន់អូសេធៀខាងត្បូង (South Ossetia) និងតំបន់អាប់ខាហ្សៀ (Abkhazia)។ លោកបន្តថា៖ «វាអាចនឹងត្រូវធ្វើឡើង ប្រសិនបើមានហេតុផលល្អសម្រាប់រឿងនោះ»។
គួរបញ្ជាក់ថា ទំនាក់ទំនងរុស្ស៊ីជាមួយហ្សកហ្ស៊ីបានប្រសើរឡើងនាពេលនេះ បន្ទាប់ពីមានភាពតានតឹងក្នុងឆ្នាំ ២០០៨ ជុំវិញការធ្វើសង្គ្រាមដ៏បង្ហូរឈាមក្នុងរយៈពេលខ្លីរបស់ប្រទេសទាំង២ ដើម្បីការបំបែកតំបន់អាប់ខាហ្សៀ និងអូសេទៀខាងត្បូង។
ប៉ុន្តែលោក Medvedev បាននិយាយថា ទីក្រុងមូស្គូ នឹងមិនស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាពនោះទេ ប្រសិនបើការព្រួយបារម្ភអំពីលទ្ធភាពនៃការចូលជាសមាជិករបស់សម្ព័ន្ធភាពយោធាណាតូ ជិតក្លាយជាការពិត។
លោកនិយាយក្នុងអត្ថបទកាសែតដដែល ដោយសំដៅលើលទ្ធភាពនៃការកាត់ទឹកដីនៃតំបន់ទាំង២រាប់បញ្ជូលជារបស់រុស្ស៊ីថា ៖ «យើងនឹងមិនរង់ចាំទេ ប្រសិនបើការព្រួយបារម្ភរបស់យើង ខិតទៅជិតការពិតនោះ»។
ជុំវិញបញ្ហានេះ មន្ត្រីហ្សកហ្ស៊ីបាននិយាយម្តងហើយម្តងទៀតថា ពួកគេប្តេជ្ញាចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយចាត់ទុកវាជាមធ្យោបាយមួយ ដើម្បីការពារបូរណភាពទឹកដីនៃប្រទេសរបស់ពួកគេ។
ណាតូបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា៖ «ហ្សកហ្ស៊ីជាដៃគូជិតស្និទ្ធបំផុតមួយរបស់ណាតូ»។ ណាតូបន្តថា ៖ «ប្រទេសនេះប្រាថ្នាចង់ចូលរួមជាមួយសម្ព័ន្ធភាព។ យូរៗទៅ កិច្ចសហប្រតិបត្តិការជាក់ស្តែងជាច្រើនបានបង្កើតឡើងរវាងអង្គការណាតូ និងហ្សកហ្ស៊ី ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់ហ្សកហ្ស៊ី និងគោលដៅនៃការធ្វើសមាហរណកម្មអឺរ៉ុប-អាត្លង់ទិក»។
គួររំឭកថា ហ្សកហ្ស៊ីបានបាត់បង់ការគ្រប់គ្រងលើតំបន់អាប់ខាហ្សៀ និងតំបន់អូសេទៀខាងត្បូង បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ ១៩៩១។
ទីក្រុងមូស្គូបានទទួលស្គាល់ឯករាជ្យនៃតំបន់ទាំង២ក្នុងឆ្នាំ ២០០៨ បន្ទាប់ពីហ្សកហ្ស៊ីប៉ុនប៉ងដណ្តើមការគ្រប់គ្រងតំបន់អូសេទៀខាងត្បូងមកវិញដោយកម្លាំង ដែលនាំឱ្យមានការវាយឈ្លានពានពីរុស្ស៊ី ហើយកងទ័ពរុស្ស៊ីគ្រប់គ្រងតំបន់របស់ហ្សកហ្ស៊ីមួយក្នុងមួយរយៈពេលខ្លី។
អត្ថបទរបស់លោក Medvedev ត្រូវបានចេញផ្សាយ ដើម្បីប្រារព្ធខួបលើកទី ១៥ នៃការទទួលស្គាល់ឯករាជ្យនៃតំបន់ទាំងនេះរបស់រុស្ស៊ី បន្ទាប់ពីជម្លោះឆ្នាំ ២០០៨។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលរុស្ស៊ីធ្វើដូច្នេះ។ រុស្ស៊ី ដែលកាត់ទឹកដីគ្រីមៀរបស់អ៊ុយក្រែនរាប់បញ្ជូលជារបស់ខ្លួន ក៏ធ្វើការគំរាមកំហែងអ៊ុយក្រែនផងដែរ ពីការចូលរួមជាមួយអង្គការណាតូដោយសម្អាងថា ប្លុកនេះគំរាមកំហែងដល់សន្ដិសុខជាតិរបស់ខ្លួន។
ការព្រួយបារម្ភបែបនេះ ត្រូវបានរុស្ស៊ីប្រើធ្វើជាលេសមួយ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការឈ្លានពានអ៊ុយក្រែនទូទាំងប្រទេស ដែលចាប់ផ្ដើមកាលពីចុងខែកុម្ភៈឆ្នាំមុន ហើយបន្តអូសបន្លាយមកទល់ពេលនេះ។ នៅចុងខែកញ្ញាឆ្នាំមុនដូចគ្នា រុស្ស៊ីបានកាត់ទឹកដីអ៊ុយក្រែនថាជារបស់ខ្លួន ចំនួន៤តំបន់ធំខាងពីឆ្នាំមុនផងដែរ ដែលរួមមានតំបន់ឃើរសុន ហ្សាប៉ូរីចា ដុនណិតស្ក៍ និងលូហានស្ក៍៕ ប្រែសម្រួល៖ ហួន ឌីណា