បារាំងបដិសេធថាខ្លួនមិនបានស្នើសុំអាល់ហ្សេរី ប្រើប្រាស់ដែនអាកាសសម្រាប់ប្រតិបត្តិការយោធានៅនីហ្សេនោះទេ
ប៉ារីស៖ កងទ័ពបារាំងបានបដិសេធការអះអាងរបស់វិទ្យុរដ្ឋអាល់ហ្សេរី ដែលថាពួកគេបានស្នើសុំប្រើប្រាស់ដែនអាកាសរបស់អាល់ហ្សេរីសម្រាប់ប្រតិបត្តិការយោធានៅក្នុងប្រទេសនីហ្សេ។ របាយការណ៍វិទ្យុនេះបានបញ្ជាក់ថា អាល់ហ្សេរីបានបដិសេធមិនផ្តល់ការអនុញ្ញាតជុំវិញរឿងនេះនោះទេ។
កាលពីថ្ងៃអង្គារកន្លងទៅ កងទ័ពរបស់ប្រទេសបារាំងបានបដិសេធថា ខ្លួនមិនបានស្នើសុំប្រទេសអាល់ហ្សេរីប្រើប្រាស់ដែនអាកាសសម្រាប់ប្រតិបត្តិការយោធាក្នុងប្រទេសនីហ្សេនោះទេ។ ការលើកឡើងនេះ គឺបន្ទាប់ពីមានការរាយការណ៍ចេញពីវិទ្យុរដ្ឋអាល់ហ្សេរីកាលពីល្ងាចថ្ងៃចន្ទ ដែលបានចេញផ្សាយថា ពួកគេបានបដិសេធសំណើរបស់បារាំង។
វិទ្យុរដ្ឋអាល់ហ្សេរី ដែលជាធម្មតាតំណាងឱ្យទស្សនៈរបស់មន្ត្រីសាធារណៈ បានរាយការណ៍ថា បណ្ដាប្រទេសនៅអាហ្រ្វ៊ិកខាងជើងបានប្រឆាំងនឹងការប្រើប្រាស់កម្លាំងយោធាឈ្លានពានប្រទេសនីហ្សេដើម្បីនាំមកនូវស្ថេរភាពឡើងវិញបន្ទាប់ពីមានរដ្ឋប្រហារកាលពីថ្ងៃទី២៦ ខែកក្កដា។ ផ្ទុយទៅវិញ ពួកគេចង់ឱ្យមានដំណោះស្រាយតាមផ្លូវការទូតជំនួសវិញ។
ប្រភពចេញពីកងទ័ពបារាំងបានឱ្យដឹងថា ៖ «បុគ្គលិកការពារជាតិរបស់បារាំង បានបដិសេធមិនស្នើសុំហោះហើរលើទឹកដីអាល់ហ្សេរីនោះទេ»។ គួរដឹងដែរថា បារាំងមានទាហានប្រមាណជា ១៥ ០០០ នាក់ក្នុងប្រទេសនីហ្សេ ដែលឈរជើងនៅទីនោះតាំងពីមុនថ្ងៃរដ្ឋប្រហារកាលពីខែមុនមកម្ល៉េះ។ យ៉ាងណាក៏ដោយ បារាំងមិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេថា ខ្លួននឹងធ្វើអន្តរាគមន៍យោធាដើម្បីផ្ដួលរំលំការកាន់កាប់របស់យោធា ឬក៏យ៉ាងណានោះទេ។
កាលពីសប្តាហ៍មុន សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច ឬហៅកាត់ថា ECOWAS បានប្រកាសថា ពួកគេបានកំណត់កាលបរិច្ឆេទសម្ងាត់មួយ សម្រាប់ចាត់វិធានការចុះអន្តរាគមន៍យោធា ប្រសិនបើកិច្ចខិតខំប្រឹងប្រែងការទូតត្រូវបានបរាជ័យ។
ប្រធានាធិបតីអាល់ហ្សេរី លោក អាដេម៉ាជីដ តេបូន (Abdelmadjid Tebboune) បានសម្តែងការភ័យខ្លាចអំពីការឆ្លើយតបដោយប្រើប្រាស់ប្រដាប់អាវុធនៅដើមខែនេះ ដោយលោកបានមានប្រសាសន៍ថា «អន្តរាគមន៍យោធាអាចនឹងបញ្ឆេះតំបន់សាហែល (Sahel) ទាំងមូល ដូច្នេះហើយអាល់ហ្សេរីនឹងមិនចូលរួមប្រើប្រាស់កម្លាំងយោធាជាមួយប្រទេសជិតខាងរបស់ខ្លួននោះទេ»។
វត្តមានយោធារបស់បារាំងនៅអាហ្វ្រ៊ិកខាងលិច កាន់តែបង្កឱ្យមានភាពតានតឹង ចំពេលដែលរដ្ឋប្រហារបានកើតមាននៅតំបន់សាហែលចាប់តាំងពីឆ្នាំ២០២០ មក។ គួររំឭកថា កងកម្លាំងរបស់បារាំងត្រូវបានបណ្តេញចេញពីប្រទេសម៉ាលី និងបួគីណាហ្វាសូ ហើយចលនាប្រឆាំងបារាំងបានកើតមានឡើងនៅតាមដងផ្លូវនៅរដ្ឋធានី នាម៉ី (Niamey) នៃប្រទេសនីហ្សេរីយ៉ា ចាប់តាំងពីរដ្ឋប្រហារនៅថ្ងៃទី២៦ ខែកក្កដា។ ទន្ទឹមនឹងនេះ ឥទ្ធិពលរុស្ស៊ីនៅក្នុងតំបន់ក៏កាន់តែមានការកើនឡើងផងដែរ។
កន្លងមក អាល់ហ្សេរីមានទំនាក់ទំនងមិនចុះសម្រុងគ្នាជាមួយបារាំងនោះទេ ដោយសារតែបារាំងគឺជាអតីតប្រទេសដែលបានដាក់អាណានិគមទៅលើខ្លួន និងមានការខ្វែងគំនិតគ្នាលើបញ្ហាសន្តិសុខនៅតំបន់សាហែល បញ្ហានៅក្នុងតំបន់ ជម្លោះប្រវត្តិសាស្ត្រ ការផ្សព្វផ្សាយមិនល្អអំពីអាល់ហ្សេរី និងបញ្ហាសិទ្ធិមនុស្សជាដើម។
ទន្ទឹមនឹងនេះ ប្រទេសអាល់ហ្សេរីក៏កំពុងមានគោលបំណងចង់ក្លាយជាផ្នែកមួយនៃក្រុមប្រទេស BRICS ដែលមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រ៊ិកខាងត្បូង ដែលក្នុងសប្តាហ៍នេះ ពួកគេកំពុងមានកិច្ចប្រជុំកំពូលមួយនៅប្រទេសអាហ្វ្រ៊ិកខាងត្បូង៕ ប្រែសម្រួល៖ ធា សុណា