នាយករដ្ឋមន្ត្រីថៃថ្មីចូលកាន់តំណែង សន្យាផ្លាស់ប្តូររយៈពេលបួនឆ្នាំ
បាងកក៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក Srettha Thavisin ប្តេជ្ញានាំមកនូវការផ្លាស់ប្តូររយៈពេល ៤ឆ្នាំ ដល់ប្រទេសថៃ ក្នុងពេលលោកចូលកាន់តំណែងជាប្រធានក្រុមចម្រុះដ៏ចម្រូងចម្រាស រួមទាំងគណបក្សគាំទ្រយោធា ដែលមានទំនាក់ទំនងជាមួយអតីតអ្នកធ្វើរដ្ឋប្រហារ។
លោក Srettha បានទទួលបញ្ជាជាលាយលក្ខណ៍អក្សរផ្លូវការ របស់ព្រះមហាក្សត្រ Maha Vajiralongkorn ដើម្បីបង្កើតរដ្ឋាភិបាលនៅក្នុងពិធីមួយ នៅទីស្នាក់ការកណ្តាលរបស់ភឿថៃ នាវេលាម៉ោង ៦:០០ ល្ងាច ថ្ងៃទី២៣ ខែសីហា។ លោក Srettha បានសន្យាក្នុងពិធីនោះថា នឹងធ្វើការដោយមិននឿយហត់។
លោក Srettha បានបន្តថា «ភាពល្អរបស់ប្រទេសគឺជាអាទិភាពខ្ពស់បំផុតរបស់ខ្ញុំ។ ខ្ញុំមានទំនុកចិត្តថា បួនឆ្នាំខាងមុខ នឹងមានការផ្លាស់ប្តូរ …រដ្ឋាភិបាលក្រោមការដឹកនាំរបស់បក្សភឿថៃនឹងខិតខំបង្កើតសុភមង្គលសម្រាប់ប្រជាជនទាំងអស់ដោយស្មើភាព និងធ្វើឱ្យប្រទេសថៃក្លាយជាទឹកដីនៃក្តីសង្ឃឹមសម្រាប់យុវជនជំនាន់ក្រោយ»។
លោក Srettha ត្រូវដឹកនាំក្រុមចម្រុះ ដោយបានបើកផ្លូវសម្រាប់គណបក្សភឿថៃ កសាងសម្ព័ន្ធភាពមួយ ដែលរួមមានគណបក្សរបស់លោក Prayut អតីតនាយករដ្ឋមន្ត្រី និងបក្សមួយទៀតដែល មានទំនាក់ទំនងជាមួយឧត្តមសេនីយ៍ ហើយធ្លាប់បានបណ្តេញលោកថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រី ក្នុងឆ្នាំ ២០០៦ និងប្អូនស្រីរបស់លោក គឺលោកស្រី Yingluck អតីតនាយករដ្ឋមន្ត្រី កាលពីឆ្នាំក្នុងឆ្នាំ ២០១៤ ។
សូមបញ្ជាក់ថា សភាថៃបានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ដែលជាមហាសេដ្ឋីអចនលទ្រព្យ ឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បិទបញ្ចប់ភាពជាប់គាំងនយោបាយ ចាប់តាំងពីការបោះឆ្នោតសកល កាលពីខែឧសភាមក៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


