នាយករដ្ឋមន្រ្តីថ្មី ប្រកាសដាក់ឲ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ក្នុងឆ្នាំ២០២៣

(ភ្នំពេញ)៖ មានប្រសាសន៍ នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសកម្មវិធីគោលនយោបាយអាទិភាព ចំនួន៦ ដែលត្រូវអនុវត្តភ្លាមៗ ក្នុងឆ្នាំ២០២៣។

ឯកឧត្តម នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងតួនាទីជារបៀបវារៈ គោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នឹងជំរុញការអនុវត្តកម្មវិធី គោលនយោបាយអាទិភាពទាំង៦ ដែលត្រូវចាប់ផ្តើមអនុវត្ត ក្នុងឆ្នាំ២០២៣នេះតែម្តង រួមមាន៖

១.ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ។

២.ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។

៣.ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ, និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ។

៤.ការដាក់ចេញយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។

៥.ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួលផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខនា់ៗ ក្នុងកម្រិតសមរម្យ ។

ទី៦.ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឲ្យមានសមាគមកសិករ នៅតាមទីជនបទ។

ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាល ក៏បានកំណត់បញ្ហាប្រឈមជាអាទិភាពមួយចំនួន ដែលទាមទារការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលរួមមាន៖ ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មរបស់មន្ត្រី និងស្ថាប័ន , ការលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មតេ្តយ្យ ដល់មធ្យមសិក្សា , ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពមឋមនៅមូលដ្ឋាន, ការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅក្នុងសហគមន៍ និងការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner