បេសកកម្មចម្បងចំនួន ២ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺ រក្សា និងថែបំប៉នសុខសន្តិភាព, កសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះ នៃការអភិវឌ្ឍជាតិ
(ភ្នំពេញ)៖ មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា យុទ្ធសាស្រ្ដបញ្ចកោណដំណាកកាលទី១ មានបេសកកម្មជាប្រវត្តិសាស្រ្ដច សំដៅរក្សា និងថែបំប៉នសុខសន្តិភាព និងការកសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះ នៃការអភិវឌ្ឍជាតិ។
ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត បានមានប្រសាសន៍បន្តថា៖ យុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី ១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព មានបេសកកម្មជាប្រវត្តិសាស្រ្ដចម្បងចំនួនពីរគឺ៖

ទី១. រក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រុំចលនានៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម។
ទី២.កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះ នៃការអភិវឌ្ឍជាតិ ដោយឆ្លងកាត់បង្គោលចរនៃការប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈការកសាងភាពធន់ រឹងមាំនៃវិស័យទាំង៥ ពោលគឺ៖ ភាពធន់នៃវិស័យសាធារណៈ, ភាពធន់នៃវិស័យសេដ្ឋកិច្ច, ភាពធន់នៃវិស័យហិរញ្ញវត្ថុ, ភាពធន់នៃវិស័យមូលធនមនុស្ស និងសង្គម និងភាពធន់វិស័យបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ។
ឯកឧត្តម នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា យុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ ត្រូវបានដាក់ឲ្យអនុវត្តស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដែលក្រសួង-ស្ថាប័នទាំងអស់ នៅក្រោមរចនាសម្ព័ន្ធរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើការនៅក្នុងកិច្ចសហការ និងការសម្របសម្រួលរស់រវើក ប្រកបដោយថាមពល និងបំពេញគ្នាទៅវិញទៅមក ព្រមទាំងបត់បែនតាមការប្រែប្រួល នៃបរិការណ៍ជាក់ស្ដែង ដើម្បីសម្រេចបាននូវគោលដៅអាទិភាព ដែលត្រូវបានដាក់ចេញ ៕

ដោយ ៖ វណ្ណលុក
រូបភាព ៖ ហួត ,សិដ្ឋ