ទូតអាមេរិក៖ វិនិយោគិនអាមេរិក ចង់ឱ្យកម្ពុជាកែលម្អបរិយាកាសវិនិយោគបន្ថែមទៀត ដើម្បីជំរុញការប្រកួតប្រជែងឱ្យកាន់តែប្រសើរ
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក ផាទ្រិក មូផៃ( W. Patrick Murphy) បានលើកឡើងថា កន្លងទៅមានក្រុមហ៊ុនអាមេរិកកាន់តែច្រើន ដែលបានចូលមកបោះទុនវិនិយោគនៅកម្ពុជា ប៉ុន្តែអ្វីពួកគេចង់ឃើញមានការកែលម្អបរិយាកាសវិនិយោគតាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគ្រប់ផ្នែកពាក់ព័ន្ធបន្ថែមទៀត ដើម្បីជំរុញឱ្យអាជីវកម្មរបស់ពួកគេមានការប្រកួតប្រជែងកាន់តែល្អប្រសើរ។
លោក Murphy បានថ្លែងប្រាប់បែបនេះនាសន្និសីទជាមួយអ្នកសារព័ត៌មានមួយបន្ទាប់ពីលោកបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចឌីជីថល នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។
លោកបាននិយាយថា៖«ជារឿយៗ ខ្ញុំតែងតែឮពីពលរដ្ឋកម្ពុជាថា ពួកគេចង់ឃើញក្រុមហ៊ុនរបស់អាមេរិកមកវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ដូចជាក្រុមហ៊ុនផលិតទំនិញ ឬសេវាកម្ម ឬការវិនិយោគផ្សេងទៀតជាដើម»។
លោកបានបន្ថែមថា អ្វីដែលលោកនិងអ្នកវិនិយោគអាមេរិកចង់បានបន្ថែមនោះ គឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ ដែលអាចធ្វើឱ្យផលិតផល ឬសេវាកម្ម របស់ពួកគេអាចដឹកជញ្ជូនបានងាយស្រួល និងទាន់ពេលវេលា ដោយក្នុងនោះរួមបញ្ចូលទាំងផ្លូវថ្នល់ ស្ពាន និងកំពង់ផែ។
លោកបញ្ជាក់ថា៖ «ជាការពិតណាស់ តម្លៃនៃកម្លាំងពលកម្មមានការប្រកួតប្រជែងខ្លាំងហើយនៅកម្ពុជា ប៉ុន្តែអ្វីដែលជាបញ្ហាលរបចែមនោះគឺ ពីខាងអ្នកវិនិយោគ ានោះគឺ តម្លៃអគ្គិសនី នៅខ្ពស់ណាស់នៅឡើយ។ ក្រុមហ៊ុន ក៏មើលទៅលើបញ្ហាច្បាប់ និងចង់បានតុលាការឯករាជ្យដែលអាចការពារការវិនិយោគនៅក្នុងព្រះរាជាណាចក្រផងដែរ។ ដូច្នេះមានការទាមទារនៅពេលមានវិវាទកើតឡើង ហើយត្រូវតាមដាន»។
លោក Murphy បានបន្ថែមថា វិនិយោគិនអាមេរិក ក៏ស្វែងរកបរិយាកាសដែលគ្មានអំពើពុករលួយ ខណៈកម្ពុជាក៏កំពុងធ្វើការកែលម្អបញ្ហានេះផងដែរ ហើយលោកបានបង្ហាញសុទិដ្ឋិនិយមថា វាអាចកើតឡើង ដែលជាផ្នែកមួយនៃទំនាក់ទំនងទ្វេភាគីរបស់អាមេរិកនិងកម្ពុជា។
« រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងនៅតែរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា ទៅលើវិស័យពាណិជ្ជកម្ម ការបណ្តុះបណ្តាល និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម និងស្ត្រី និងពង្រីកកិច្ចសហការស្តារឡើងវិញនូវបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជាផងដែរ»។ នេះបើតាមការបញ្ជាក់បន្ថែម ពីលោក Murphy។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ទំនាក់ទំនងកម្ពុជានិងអាមេរិក នឹងកាន់តែល្អប្រសើរ ក្រោមការដឹកនាំរាជរដ្ឋាភិបាលរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ខណៈដែលកន្លងទៅការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក នៅតែមានទំហំធំដដែល ។
ស្របគ្នានឹងការលើកឡើងរបស់ លោក Murphy ខាងលើ លោក ហុង វណ្ណៈ បានប្រាប់ថា អាមេរិកនៅតែជាទីផ្សារដ៏ធំសម្រាប់កម្ពុជា ក្នុងការនាំចេញផលិតផលស្បែកជើង សម្លៀកបំពាក់ កាបូប ផលិតផលធ្វើដំណើរនិងកង់ជាដើម ដែលបានឱ្យកម្ពុជានាំចូលទំហំទឹកប្រាក់ពីអាមេរិកចាក់ចូលមកសេដ្ឋកិច្ចកម្ពុជាក៏មិនតិចដែរ។
លោកបានបញ្ជាកថា៖« នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា ជាអ្នកដែលទទួលបានការបណ្តុះបណ្តាលយ៉ាងពេញលេញ និងបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក ខណៈដែលកិច្ចប្រជុំអាស៊ានកន្លងទៅ រាជរដ្ឋាភិបាលចាស់ក៏បានបង្ហាញពីឥរិយាបថទំនាក់ទំនងល្អជាមួយអាមេរិកផងដែរ។ ដូច្នេះខ្ញុំយល់ឃើញថា ក្នុងអាណត្តិទី៧ ទំនាក់រវាងកម្ពុជា និងអាមេរិក នឹងមានលក្ខណៈល្អប្រសើរ»។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣នេះ សម្រេចបានក្នុងទំហំទឹកប្រាក់ ៥៣១៩ លានដុល្លារ ថយចុះជិត១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕ ដោយ៖ វណ្ណ សុជាតា