អាជ្ញាធរស្រុកកៀនស្វាយ ឱ្យពលរដ្ឋស្នើសុំច្បាប់អនុញ្ញាតចាក់បំពេញអាចម៍ដីកម្មសិទ្ធិឯកជនរបស់ខ្លួន
កណ្ដាល៖ រដ្ឋបាលស្រុកកៀនស្វាយខេត្តកណ្តាល បានប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដីលំនៅដ្ឋាន ដីកសិកម្ម ឬដីកម្មសិទ្ធិផ្ទាល់ខ្លួន ឱ្យមកស្នើសុំច្បាប់អនុញ្ញាតចាក់បំពេញអាចម៍ដីកម្មសិទ្ធិរបស់ខ្លួនជាមុនសិន មុននឹងធ្វើការចាក់បំពេញអាចម៍ដីដើម្បីជៀសវាងការចាក់អាចម៍ដីប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធទឹកនានា។
យោងតាមសេចក្តីជូនដំណឹងរបស់អភិបាលស្រុកកៀនស្វាយ លោក ឡូវ សុខសាន ចុះថ្ងៃទី២៣ខែសីហា បានឱ្យដឹងថា កន្លងមក រដ្ឋបាលស្រុកពិនិត្យឃើញថាបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ ដីលំនៅដ្ឋាន ម្ចាស់ដីកសិកម្ម ម្ចាស់សំណង់មួយចំនួន បានចាក់បំពេញអាចម៍ដីលើដីកម្មសិទ្ធិរបស់ខ្លួនដោយគ្មានការសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។សកម្មភាពទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធទឹក អូរ ប្រឡាយទឹក ដីចំណីស្ទឹង ដីចំណីផ្លូវ ចាក់ដីហៀរលើ ឬខ្ពស់ជាងផ្លូវសាធារណៈ និងដីកម្មសិទ្ធិរបស់អ្នកដទៃជាដើម។
រដ្ឋបាលស្រុកគូសបញ្ជាក់ថា ជាពិសេសធ្វើឱ្យបាត់បង់ សោភ័ណភាព របៀបរៀបរយសាធារណៈ និងបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរដល់ផ្លូវសាធារណៈ ក៏ដូចជាបង្កឱ្យមាន ទំនាស់ព្រំដី ទំនាស់ដីធ្លី និងបញ្ហាសុខសុវត្ថិភាពការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋថែមទៀតផង។
ហេតុនេះ ដើម្បីជៀសវាងផលប៉ះពាល់ខាងលើ និងលើកកម្ពស់សោភ័ណភាព សុវត្ថិភាព របៀបរៀបរយសាធារណៈ រដ្ឋបាលស្រុក បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ដីលំនៅឋាន ដីកសិកម្ម និងម្ចាស់សំណង់ ដែលមានបំណងចាក់បំពេញអាចម៍ដីលើដីកម្មសិទ្ធិឯកជនរបស់ខ្លួន ត្រូវមកស្នើសុំច្បាប់អនុញ្ញាតពីរដ្ឋបាលស្រុក តាមរយៈ ការិយាល័យច្រកចេញចូលតែមួយ ឱ្យបានមុន១៥ថ្ងៃ ដើម្បីក្រុមការងារស្រុក ចុះពិនិត្យដល់ទីតាំងជាក់ស្ដែងមុន នឹងចេញលិខិតអនុញ្ញាតជូន។
នៅក្នុងសេចក្តីជូនដំណឹងខាងលើ លោក ឡូវ សុខសាន ក៏បានស្នើឱ្យអាជ្ញាធរឃុំទាំងប្រាំី នៃស្រុកកៀនស្វាយទាំងអស់ ផ្សព្វផ្សាយបន្តជូនមេភូមិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានបំណងចាក់បំពេញអាចម៍ដី ត្រូវស្នើសុំលិខិតអនុញ្ញាតពីរដ្ឋបាលស្រុក ដើម្បីជៀសវាងការចាក់អាចម៍ដីប៉ះពាល់ដល់ប្រព័ន្ធទឹក។ លោកបញ្ជាក់ថា៖« ក្នុងករណីបងប្អូនប្រជាពលរដ្ឋចាក់បំពេញអាចម៍ដីលើដីកម្មសិទ្ធិឯកជនរបស់ខ្លួន ដោយពុំមានលិខិតអនុញ្ញាត ពីរដ្ឋបាលស្រុក និងបណ្តាលឱ្យប៉ះពាល់លើដីសាធារណៈ ឬប៉ះពាល់ដល់ដីកម្មសិទ្ធិអ្នកដ៏ទៃ ត្រូវទទួលខុសត្រូវ ចំពោះអាជ្ញាធរមានសមត្ថកិច្ច និងច្បាប់ជាធរមាន»។
អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋបាលស្រុក ក៏សូមសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋម្ចាស់ដីកម្មសិទ្ធិទាំងអស់ជ្រាប និងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីពេលនេះតទៅ៕
ដោយ៖ បូរ ពេជ្យហ្សាលីន