ជប៉ុន នឹងរងផលប៉ះពាល់ខ្លាំង ដោយសារហុងកុងបិទការនាំចូលអាហារសមុទ្រមួយចំនួន

តូក្យូ៖ មន្ត្រីជប៉ុនម្នាក់មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានលើកឡើងថា ប្រទេសជប៉ុននឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការហាមឃាត់ការនាំចូលអាហារសមុទ្រទៅកាន់ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ ដោយសារតែជប៉ុននឹងបញ្ចេញទឹកដែលបានកែច្នៃពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា (Fukushima) ទៅក្នុងសមុទ្រនាពេលខាងមុខឆាប់ៗនេះ។

ប្រទេសជប៉ុននឹងចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មនោះ ដែលមានចំនួនប្រមាណជាងមួយលានតោន ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រនៅថ្ងៃព្រហស្បតិ៍នេះ ដោយទឹកសំណល់នេះផងដែរ វាមានអាយុកាលជាងមួយទសវត្សរ៍មកហើយ។ យ៉ាងណាក៏ដោយ ជប៉ុនបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន។

កាលពីថ្ងៃពុធ ក្រសួងការបរទេសចិនបានឱ្យដឹងថា ប្រទេសចិនដែលជាប្រទេសនាំចូលគ្រឿងសមុទ្រដ៏ធំបំផុតរបស់ជប៉ុន នឹងចាត់វិធានការដើម្បីការពារបរិស្ថានសមុទ្រ សុវត្ថិភាពចំណីអាហារ និងសុខភាពសាធារណៈរបស់ខ្លួន។ រហូតមកដល់ពេលនេះ ទីក្រុងប៉េកាំងបានហាមឃាត់ការនាំចូលអាហារសមុទ្រពីតំបន់មួយចំនួនរបស់ជប៉ុនរួចទៅហើយ។

ទីក្រុងហុងកុង និងម៉ាកាវ ដែលជាតំបន់ដ៏ពិសេសចំនួនពីររបស់ប្រទេសចិន ក៏នឹងបញ្ឈប់ការនាំចូលអាហារសមុទ្រពីតំបន់ចំនួន ១០ របស់ប្រទេសជប៉ុន ក្នុងនោះរួមមានទាំងទីក្រុងតូក្យូ និងទីក្រុងហ្វូគូស៊ីម៉ា ពោលគឺចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ។

មន្ត្រីក្រសួងកសិកម្មបាននិយាយថា «ផលប៉ះពាល់នៃការហាមឃាត់ការនាំចូលអាហារសមុទ្រទៅកាន់ហុងកុង និងម៉ាកាវ មិនអាចគណនាបានភ្លាមៗនោះទេ ប៉ុន្តែវានឹងមានផលប៉ះពាល់ច្រើន» នេះបើយោងតាមមន្ត្រីរូបនោះ ដោយបានបដិសេធមិនបង្ហាញអត្តសញ្ញាណ ដោយសារតែរូបគេត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង។

យោងតាមទិន្នន័យរបស់មន្ត្រីក្រសួងកសិកម្មជប៉ុនបានឱ្យដឹងថា ប្រទេសចិនដែលជាប្រទេសដែលបានបញ្ជាទិញខ្យងសមុទ្រ និងត្រសក់សមុទ្រដ៏ច្រើនជាងគេបង្អស់ពីជប៉ុន បាននាំចូលអាហារសមុទ្រជប៉ុនចំនួនប្រមាណ ៦០០ លានដុល្លារកាលពីឆ្នាំមុន ឬស្មើនឹងមួយភាគប្រាំនៃការនាំចេញអាហារសមុទ្រសរុបរបស់ជប៉ុន។

ទិន្នន័យបានបង្ហាញបន្ថែមថា ទីក្រុងហុងកុងដែលជាទីផ្សារអាហារសមុទ្រដ៏ធំទីពីររបស់ជប៉ុន បន្ទាប់ពីចិនដីគោក និងដែលក្រសួងបានគណនាដាច់ដោយឡែក ក៏បាននាំចូលអាហារសមុទ្រក្នុងទំហំទឹកប្រាក់ ៥២២ លានដុល្លារពីប្រទេសជប៉ុនផងដែរ។ គួរបញ្ជាក់ថា ទិន្នន័យនាំចេញអាហារសមុទ្ររបស់ប្រទេសជប៉ុននេះ ក៏បានបូករួមទាំងការនាំចេញគុជខ្យងផងដែរ។

ខណៈដែលកំពុង​រិះគន់​ការ​បញ្ចេញ​ទឹកសំណល់របស់ប្រទេសជប៉ុន ចិនក៏បានអនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​រុស្ស៊ី​ចំនួន ៩ ក្រុមហ៊ុន នាំ​ចេញ​អាហារ​សមុទ្រផងដែរ។ ការណ៍នេះ​បាន​បង្កើន​ចំនួន​ក្រុមហ៊ុន​នាំ​ចេញអាហារសមុទ្រ​ដែលចិន​បាន​អនុញ្ញាត​ មានសរុប​រហូតដល់ទៅ ៨៩៤​ ក្រុមហ៊ុន នេះ​បើ​យោង​តាម​អង្គការ​ឃ្លាំ​មើល​សុវត្ថិភាព​ម្ហូប​អាហារ​របស់​រុស្ស៊ី​ ចេញផ្សាយនៅ​ថ្ងៃ​ទី៣១ ខែ​កក្កដា។

កន្លងមក រុស្ស៊ី​ និង​ចិនតែងតែ​បាន​ចោទសួរអំ​ពី​ផែនការ​បញ្ចេញ​ទឹកសំណល់​នៅ​ហ្វូគូស៊ីម៉ា ប៉ុន្តែប្រទេសជប៉ុនបានឆ្លើយតបថា មតិរិះគន់ពីប្រទេសទាំងពីរ គឺគ្មានការគាំទ្រពីភស្តុតាងវិទ្យាសាស្ត្រណាមួយនោះទេ។

រីឯក្រុមអ្នក​នេសាទ​​របស់​ជប៉ុនវិញ ពួកគេមានការ​ព្រួយ​បារម្ភ​អំពី​ការ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់ពួកគេ ដោយសារតែ​ការ​បញ្ចេញ​ទឹកសំណល់ទាំងនោះ។ ប៉ុន្តែជប៉ុនបានអះអាងថា វាមានសុវត្ថិភាព ហើយប្រទេសដទៃទៀតក៏គេធ្លាប់ធ្វើដូច្នេះផងដែរ។ ជប៉ុនក៏បានរំលេចថា ប្រសិន​បើ​រក​ឃើញ​សារធាតុ​វិទ្យុសកម្ម​កម្រិត​ខ្ពស់ រដ្ឋាភិបាល​នឹង​បញ្ឈប់​ការ​បញ្ចេញ​នេះភ្លាម៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖​ Channel NewsAsia Japan expects big hit from Hong Kong ban on most of its seafood

ads banner