គ.ជ.ប បន្តបើកវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ជូន លធ.ខប គណបក្សនយោបាយសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល
(ភ្នំពេញ)៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣» ជូនដល់ប្រធាន អនុប្រធាន អ្នកបច្ចេកទេសកុំព្យូទ័រ លធ.ខប តំណាងគណបក្សនយោបាយ សមាគម និងអង្គ ការមិនមែនរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០២៣នៅទីស្តីការគជប។
ឯកឧត្តម ម៉ុក ដារ៉ាអគ្គលេខាធិការរងគ ជ.បបញ្ជាក់ថា៖ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក អ្នកដែលទើបគ្រប់អាយុ១៨ឆ្នាំ គិតមកដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុង ឃុំ-សង្កាត់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះ ឬទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវ មានសិទ្ធិស្នើសុំចុះឈ្មោះបោះ ឆ្នោត ឬកែតម្រូវឈ្មោះ និងទិន្នន័យនៅក្នុងឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ ឬស្នាក់ អាស្រ័យនៅជាក់ស្ដែង។
ក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោត ក្រុម ប្រឹក្សាឃុំ-សង្កាត់ ត្រូវបិទការិយាល័យចុះ ឈ្មោះបោះឆ្នោត ១ ថ្ងៃ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដើម្បីបើកកិច្ចប្រជុំជា មួយក្រុមចុះឈ្មោះបោះឆ្នោតត្រួត ពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ គ.ជ.ប មានបំណងធ្វើយ៉ាងណាធានាឱ្យបញ្ជីបោះ ឆ្នោតមានភាពពេញលេញ មានភាពត្រឹមត្រួវ និងមានបច្ចុប្បន្នភាពបញ្ជីបោះ ឆ្នោត ប្រកបដោយសុវត្ថិភាពតាមរយៈ ៖
អ្នកមកសុំចុះឈ្មោះបោះឆ្នោតគឺជា ៖
១-ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះ ឆ្នោតក្នុងឃុំ-សង្កាត់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ។
២-ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ-សង្កាត់ ដែលមានអាយុ១៨ឆ្នាំឡើងទៅគិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
៣-ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅ ឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។

អ្នកមកស្នើសុំធ្វើបច្ចុប្បន្នភាពគឺជា ៖
១-ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២២ រួចហើយប៉ុន្តែឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះ ឆ្នោត កត់ត្រាមិនត្រឹមត្រូវ។
២-ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២២ រួចហើយប៉ុន្តែស្នើសុំប្តូរការិយាល័យពីភូមិមួយទៅភូមិមួយទៀតក្នុងឃុំ-សង្កាត់ដដែល ឬសុំប្តូរពីការិយាល័យមួយទៅការិយាល័យមួយទៀតក្នុងភូមិតែមួយ។
៣-ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២២ ដែលបានទទួលមរណភាព ហើយត្រូវបានសមា ជិកគ្រួសាររាយការណ៍ផ្ទាល់ជូនក្រុមចុះ ឈ្មោះបោះឆ្នោត (ក.ច.ប)ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
៤-ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២២ ដែលបានប្រើប្រាស់ អ.ខ ប្រភេទចាស់ដែលហួសសុពលភាព ឬ/និង ឯ.អ ក្នុងការសុំចុះឈ្មោះបោះឆ្នោតនាឆ្នាំកន្លងទៅ បានមកស្នើសុំធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរប្រភេទថ្មីរបស់គាត់។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវធ្វើតាមប្រព័ន្ធកុំព្យូទ័រ និងការបញ្ជូនទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិត មកនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះ ឆ្នោត និងបញ្ជីបោះឆ្នោតជាប្រចាំ ដើម្បីរៀបចំបញ្ជីបោះឆ្នោតដំបូង សម្រាប់បិទ ផ្សាយបម្រើឱ្យគោលដៅនៃការប្តឹងតវ៉ាឬនិងការប្តឹងជំទាស់ មុននឹង គ.ជ.ប ផ្តល់ សុពលភាពជាបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២៣ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោតនាឆ្នាំបន្តបន្ទាប់ទៀត៕

ដោយ-រ៉ាវុធ