ថៃ​៖ ឈៀងម៉ៃ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​អ៊ុតស្វា​ថ្មី​២​ករណីលើបុរសស្រឡាញ់ភេទដូចគ្នា ខណៈ​ផ្ទុះ​​ជំងឺ​គ្រុន​ឈាម

ថៃ៖ ការិយាល័យ​សុខភាព​សាធារណៈ​ខេត្ត​ឈៀងម៉ៃ​នៃ​ប្រទេស​ថៃ​បាន​ឱ្យ​ដឹង​ថា​ ទីក្រុង​ឈៀងម៉ៃ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​អ៊ុត​ស្វា​ថ្មី​ចំនួន​២​ករណី​ ខណៈ​​ព្រមាន​ពី​ការ​ផ្ទុះ​បែក​នៃ​ជំងឺ​គ្រុន​ឈាម​ ដោយ​មាន​ប្រជាជន​ជាង​ ៥ ០០០នាក់​បាន​​ឆ្លង​ជំងឺ​នេះ​​ក្នុង​ឆ្នាំ​​នេះ​។នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​​​។ ​

​ប្រធាន​​អង្គភាព​​គ្រប់​គ្រង​​ជំងឺ​​ឆ្លង​​នៅ​​ការិយាល័យ​​សុខភាព​​សាធារណៈ​​ខេត្ត​​ឈៀងម៉ៃ​ លោក​ Songyot Khamchai​​បាន​​និយា​យ​​កាល​ពី​​ថ្ងៃ​ពុធ​ថា​ ករណី​ជំងឺ​អ៊ុតស្វា​ទាំង​ពីរត្រូវ​បាន​រក​ឃើញ​លើ​​បុរស​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ទាំង​ពីរ​អ្នក​។

​​ចំពោះ​ករណី​ទី ១​ បុរស​វ័យ​ ៣១ ឆ្នាំ​ម្នាក់​ ដែល​កំពុង​ជាប់​ក្នុង​ចត្តាឡីស័ក​នា​ពេល​នេះ​ បាន​​និយាយ​ថា​ លោក​បាន​រួម​ភេទ​ជាមួយ​ដៃគូ​នៅ​តៃវ៉ាន់​​ ហើយ​បាន​ឆ្លង​ជំងឺ​អ៊ុត​ស្វា​។ លោក​ Songyot អះ​អាង​ថា​ ស្ថាន​ភាព​ជំងឺ​របស់​បុរសដដែល​ ​បាន​ផុត​​ដំណាក់​កាល​​បង្ក​រោគ​ ដូច្នេះ​លោក​មិន​អាច​ចម្លង​ជំងឺ​នេះ​ទៅ​អ្នក​ដទៃ​បាន​ទេ​។ ​​

​ករណី​ទី​ ២​ បាន​​កើត​ឡើង​លើ​បុរស​វ័យ​ ៤០ ឆ្នាំ​ម្នាក់​ ​ដែល​​ឆ្លង​ជំងឺ​អ៊ុតស្វា​ពី​​ខេត្ត​​ផ្សេង​ទៀត​ ប៉ុន្តែ​ទើប​ចាប់​ផ្ដើម​ចេញ​​​រោគ​សញ្ញា​​​ ពេល​លោក​ធ្វើ​ដំណើរ​នៅ​ឈៀងម៉ៃ​។​ លោក​ Songyot បាន​បន្ថែម​ថា​ បុរស​រូប​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្រុក​កំណើត​ដើម្បី​ឱ្យ​ធ្វើ​ចត្តាឡីស័ក​។

គួរ​គូស​បញ្ជាក់​ថា​ រហូត​មក​ទល់​ពេល​នេះ​ ថៃ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​អ៊ុតស្វា​ចំនួន​ ២១៧ ករណី​ ទូទាំង​ប្រទេស​ ដែល​ស្ទើរ​តែ​ទាំង​អស់​គឺ​ជា​បុរស​។ ​បើ​តាម​បាងកកប៉ុស្តិ៍​ដដែល​ គិត​​ត្រឹ​ម​​ថ្ងៃ​​ទី​​១៥ ​ខែ​​សីហា ​មាន​​ជន​ជាតិ​​ថៃ​ ១៨៧​​ នាក់​ បាន​ឆ្លង​ជំងឺ​នេះ​។ ​

យោង​តាម​នាយក​ដ្ឋាន​គ្រប់​គ្រង​ជំងឺ​ឆ្លង​របស់​ថៃ​ អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​អ៊ុតស្វា​មាន​១​ករណី​ លើ​​​បុរស​ម្នាក់​ ​ដែល​​​​មាន​​ផ្ទុក​​មេរោគ​​អេដស៍​ និង​​មាន​​រោគ​​ស្វាយ​ ប៉ុន្តែ​​មិន​​​​ទទួល​​ការ​​ព្យាបាល​​​។ លោក​បាន​ចេញ​រោគ​សញ្ញា​ជំងឺ​ស្វាយ​​នៅ​ថ្ងៃ​ទី​ ៣​ ខែ​កក្កដា​ ហើយ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១១​ ខែ​សីហា​ កន្លង​ទៅ​។

​ទន្ទឹម​​នឹង​បញ្ហា​នេះ​​​ លោក​  Songyot បាន​ឱ្យ​ដឹង​ថា​ ចំនួន​​ករណី​នៃ​​ជំងឺ​​គ្រុន​​ឈាម​​កំពុង​​កើន​​ឡើង​​ ដោយ​​ទីក្រុង​ឈៀងម៉ៃ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​នេះ​រហូត​ដល់​ ៥ ០០០ ករណី​ ក្នុង​ឆ្នាំ​ ២០២៣ ខណៈ​ឆ្នាំ​ ២០២២ ទាំង​មូល​មាន​ត្រឹម​តែ​ ១ ០០០ ករណី​ប៉ុណ្ណោះ​។ ​​លោក​បាន​និយាយ​ថា​ ប្រសិន​បើ​ករណី​ជំងឺ​គ្រុន​ឈាម​នៅ​ខណ្ឌ​​ Muang ​នៃ​ទីក្រុង​មិន​ធ្លាក់​ចុះ​នៅ​ចុង​ខែ​នេះ​ទេ​ រដ្ឋបាល​ខេត្ត​ឈៀងម៉ៃ​ នឹង​ដាក់​ស្លាក​វា​ថា​ជា​តំបន់​ផ្ទុះ​ជំងឺ​គ្រុន​ឈាម​ ដែល​ទាមទារ​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ជំងឺ​ឆ្លង​៕​

ប្រែសម្រូលដោយ៖ ហួន ឌីណា

ប្រភព​៖ Chiang Mai finds 2 mpox cases, dengue ‘outbreak’  

ads banner