ក្រសួងមហាផ្ទៃ និងអង្គការ ផ្តល់ការបណ្តុះបណ្តាលដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានសហការគ្នារៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ទៅដល់អាជ្ញាធរថ្នាក់ក្រោមជាតិក្នុងខេត្តព្រៃវែង និងខេត្តកំពង់ធំ ដើម្បីឱ្យមន្ត្រីទាំងនោះផ្តល់សេវាគាំពារសមស្របបានទាន់ពេលវេលា។

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែសីហានេះ ក្រោមអធិបតីលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងលោកស្រី គ្រីស្ទីន ផាកូ ប្រធានបេសកកម្មអង្គការ IOM ប្រចាំកម្ពុជា រួមជាមួយនិងមន្ត្រីក្រសួងសង្គមកិច្ចផងដែរ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោកស្រី ជូ ប៊ុនអេង។

ប្រភពដដែលបានឱ្យដឹងទៀតថា សិក្ខាកាមដែលអញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានលោក លោកស្រី ជាមន្រ្តីថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី អភិបាល អភិបាលរងស្រុក ស្នងការរង អធិការ អធិការរង និងមន្រ្តីនគរបាលដែលអញ្ជើញមកពីខេត្តព្រៃវែង និងកំពង់ធំ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ការបើកវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពមន្រ្តីអ្នកអនុវត្តការងារ ថ្នាក់ក្រោមជាតិ ឱ្យទទួលបាននូវចំណេះដឹង ក្នុងការសង្កេត សាកសួរ ប្រមូលព័ត៌មាន ស្វែងរកភាពរងគ្រោះរបស់បុគ្គលណាម្នាក់ដែលសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្ស ឱ្យអាចសន្និដ្ឋានឈានទៅធ្វើការសន្មត់ជាបណ្តោះអាសន្នថា «ជាជនរងគ្រោះ» ដើម្បីផ្តល់កិច្ចការពារ ការគាំពារ និងសេវាសមស្របជួយជនរងគ្រោះបានទាន់ពេលវេលា ប្រកបដោយមនុស្សធម៌ មិនរើសអើង ដោយមិនទាន់គិតអំពីការសង្កេត ស្រាវជ្រាវផ្សេងទៀតតាមនីតិវិធីតុលាការដែលចាំបាច់។

ជុំវិញរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានឱ្យដឹងថា ការរៀបចំរបស់ក្រសួងក្នុងការពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងទៅដល់អាជ្ញាធរថ្នាក់ក្រោមជាតិទាក់ទងនឹងការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស គឺជារឿងចាំបាច់។ លោកថា៖« ពីព្រោះមិនថានៅកម្ពុជា ឫបណ្ដាប្រទេសផ្សេងនោះទេ អំពើជួញដូរមនុស្សនៅតែជាក្ដីបារម្ភ ខណៈដែលរាជរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅតែដាក់ចំណាត់ថ្នាក់កម្ពុជាចូលទៅក្នុងបញ្ជីខ្មៅនៃអំពើជួញដូរមនុស្ស»។ លោកបន្តថា ដូច្នេះហើយកម្ពុជា ត្រូវតែមានយន្តការ និងការរៀបចំឱ្យបានត្រឹមត្រូវនៅក្នុងការជួយលើកកម្ពស់ទៅលើជនរងគ្រោះដោយអំពើជួញដូរមនុស្ស ជាពិសេសគឺការស្ដារនីតិសម្បទាជនរងគ្រោះទាំងនោះឡើងវិញ៕ ដោយ៖ ជា សុខនី

ads banner