ប្រមុខរាជរដ្ឋាភិបាល និងឧបនាយករដ្ឋមន្រ្តី ស សុខា កោតសរសើរដល់សមត្ថកិច្ចដែលរកឃើញក្រុមឧក្រិដ្ឋជនរំដោះអ្នកទោសគ្រឿងញឿនជាបន្តបន្ទាប់
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីថ្មីវ័យក្មេងនៃកម្ពុជាឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃឯកឧត្តម ស សុខា ដែលទើបចូលកាន់តំណែងថ្មីៗនេះ បានកោតសរសើរដល់កម្លាំងចម្រុះគ្រប់លំដាប់ថ្នាក់ដែលបានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតចាប់បានជាបន្តបន្ទាប់នូវក្រុមឧក្រិដ្ឋជនរំដោះអ្នកទោសគ្រឿងញឿន ដោយគូសបញ្ជាក់ថាជោគជ័យនៃបេសកកម្មនេះ គឺជាការចូលរួមចំណែកធានាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៤ ខែ សីហា ដោយបានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងចម្រុះគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតអាចស្វែងរកឃើញ និងចាប់បានជាបន្តបន្ទាប់នូវក្រុមឧក្រិដ្ឋជនរំដោះអ្នកទោស ដែលជាមេក្លោងគ្រឿងញៀន កាលពីថ្ងៃទី១៧ សីហា ២០២៣ កន្លងទៅ នៅក្នុងខេត្តសៀមរាប ។ ឯកឧត្តមបន្តថា ជាលទ្ធផល ទាំងក្រុមឧក្រិដ្ឋជន និងទាំងពិរុទ្ធជនគ្រឿងញៀន ដែលត្រូវបានរំដោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញ នាថ្ងៃទី២៣ សីហា ២០២៣ នេះ ។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថា៖«ជោគជ័យនៃបេសកកម្មដ៏មានសារៈសំខាន់នេះ គឺជាការអនុវត្តភារកិច្ច និងការចូលរួមចំណែកធានាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជា “កិច្ចការអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល សំដៅថែរក្សាសុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្តក្នុងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ»។

ជាមួយគ្នាដែរឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកដូចគ្នា កាលពីថ្ងៃទី២៣ ខែសីហា ដោយបានកោតសរសើរ និងសាទរចំពោះប្រតិបត្តិការ និងការបង្ក្រាបឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោសដែលជាមេខ្លោងគ្រឿងញៀន ពីសំណាក់អាជ្ញាធរ កងកម្លាំងពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រហូតឈានដល់ចាប់ខ្លួនឧក្រិដ្ឋជនបានជាបន្តបន្ទាប់ រួមទាំងអ្នកទោសដែលត្រូវបានរំដោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញបានដែរ។
ឯកឧត្តមបន្តថា៖«ជោគជ័យនៅក្នុងបេសកកម្មដ៏មានសារៈសំខាន់មួយនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែង និងរួមសហការគ្នាយ៉ាងល្អពីសំណាក់អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយមិនគិតពីពេលវេលា ការនឿយហត់ និងគ្រោះថ្នាក់ជាយថាហេតុ»។

ជាមួយគ្នានេះឯកឧត្តម ស សុខា លើកទឹកចិត្តដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបន្តបេសកកម្មស្វែងរកចាប់ខ្លួនឧក្រិដ្ឋជនដែលនៅសេសសល់ ក៏ដូចជាឧក្រិដ្ឋជនក្នុងបទល្មើសផ្សេងៗទៀត មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដើម្បីរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ប្រកបដោយភាពសុខសាន្ត។
ជុំវិញការប្លន់អ្នកទោសនេះអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា មេខ្លោងជាអ្នកទោសគ្រឿងញៀន ដែលត្រូវបានខ្មាន់កាំភ្លើងមានអង្គការចាត់តាំងច្បាស់លាស់សម្រុកចូលរំដោះ នៅគ្លីនិកធ្មេញ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ត្រូវបានកម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវតាមចាប់ខ្លួនរួមជាមួយបក្ខពួកត្រឡប់មកវិញបានហើយ សរុបចំនួន១១នាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្តម ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ។
ឯកឧត្តមបានឱ្យដឹងថា ៖« មេខ្លោងដែលជាអ្នកទោសគ្រឿងញៀន និងបក្ខពួកផ្សេងទៀត ចំនួនបីនាក់ ត្រូវចាប់ខ្លួនបាននៅថ្ងៃទី២២ ខែសីហា នៅរាជធានីភ្នំពេញ ។សរុបទាំងមេខ្លោង និងបក្ខពួកទាំងអស់១១នាក់ ត្រូវបានចាប់ខ្លួន៕ ដោយ៖ សុខ រក្សា