ក្រសួងអប់រំ និងសាកលវិទ្យាល័យថៃ បានចុះកិច្ចព្រមព្រៀងគ្នាលើគោលដៅលើកកម្ពស់វិស័យអប់រំទ្វេភាគី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យថៃ បានចុះកិច្ចព្រមព្រៀងគ្នាលើគោលដៅលើកកម្ពស់វិស័យអប់រំទ្វេភាគី តាមរយៈសកម្មភាព ផ្លាស់ប្ដូរការសិក្សា ការផ្ដល់អាហារូបករណ៍ និងការគាំទ្រផ្សេងៗ ជាពិសេសផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នានេះ ធ្វើឡើងក្រោមអធិបតីឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយសាកលវិទ្យាល័យ Prince of Songkla University នៃព្រះរាជាណាចក្រថៃ ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យអប់រំរវាងភាគីទាំងពីរ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ បានឱ្យដឹងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ។

ប្រភពដដែលបានឱ្យដឹងទៀតថា គណៈប្រតិភូសាកលវិទ្យាល័យថៃ បានសម្ដែងនូវអំណរសាទរ និងសេចក្ដីរីករាយបំផុតដែលនិស្សិតកម្ពុជាគ្រប់រូបមានអាកប្បកិរិយាល្អ ក្នុងអំឡុងពេលសិក្សា ហើយបានខិតខំសិក្សារៀនសូត្រអស់ពីកម្លាំងកាយចិត្តរហូតទទួលបានជោគជ័យគួរជាទីមោទនសម្រាប់ជាទុន ត្រឡប់មកចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

ក្រសួងអប់រំបញ្ជាក់ថា៖ «សាកលវិទ្យាល័យថៃ នឹងបន្តកិច្ចខិតខំពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជាមួយនឹងកម្ពុជា តាមរយៈសកម្មភាព ផ្លាស់ប្ដូរការសិក្សា ការផ្ដល់អាហារូបករណ៍ និងការគាំទ្រផ្សេងៗ ជាពិសេសផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាតាមរយៈការចុះកិច្ចព្រមព្រៀងលើវិស័យអប់រំ ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងជាមួយបណ្ដាសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា»។

ប្រភពដដែលបន្តទៀតថា សាកលវិទ្យាល័យ Prince of Songkla University បានចូលរួមចំណែកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដល់និស្សិតកម្ពុជា តាមរយៈគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ ចាប់តាំងពីឆ្នាំ២០១២ មកទល់បច្ចុប្បន្ននេះ។

ក្រសួងអប់រំបន្ថែមថា ក្រៅពីនេះ សាកលវិទ្យាល័យ Prince of Songkla University បាននិងកំពុងកៀរគរអតីតនិស្សិតកម្ពុជា ដើម្បីបង្កើតសមាគមអតីតនិស្សិតកម្ពុជា ក្នុងគោលបំណងរក្សាទំនាក់ទំនង សម្ព័ន្ធភាព សាមគ្គីភាព ក្នុងចំណោមអតីតនិស្សិត ក៏ដូចជាជាមួយសាកលវិទ្យាល័យ និងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានពាក់ព័ន្ធនឹងអាហារូបករណ៍។ ការសិក្សានៅ Prince of Songkla University កម្មវិធីផ្សេងៗរបស់សាកលវិទ្យាល័យ ព័ត៌មានបច្ចុប្បន្នអំពីភាពជោគជ័យរបស់និស្សិត ក្រោយបញ្ចប់ការសិក្សា និងដើម្បីរៀបចំការជួបជុំជាមួយតំណាងសាកលវិទ្យាល័យជាប្រចាំក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលបន្តបន្ទាប់។

ជុំវិញកិច្ចសហការនេះ បណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ជារួមកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ ជាមួយសាកលវិទ្យាល័យថៃ គឺជាកិច្ចសហការដែលតម្រង់ទិសទៅលើវិស័យអប់រំជាន់ខ្ពស់ និងការផ្លាស់ប្ដូរបរិបទក្នុងការសិក្សារបស់សិស្ស ជាពិសេសគឺគាំទ្រគ្នាទៅវិញទៅមកលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោកបន្តថា តាមរយៈសកម្មភាព ផ្លាស់ប្ដូរការសិក្សាទាំងអស់នេះ វាគឺរឿងល្អ ពីព្រោះដោយសារតែរាជរដ្ឋាភិបាលកម្ពុជានៅនីតិកាលទី៧នេះ បានកំណត់យកទស្សនទាន និងគោលនយោបាយរបស់ខ្លួន គឺអភិវឌ្ឍន៍បច្ចេកវិទ្យា និងគាំទ្របច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍នេះឯង។

លោក យង់ ពៅ ថ្លែងថា៖ «ប្រសិនបើកិច្ចព្រមព្រៀងនេះ បានផ្ដោតលើចំណុចទាំងអស់ហ្នឹង គឺវាស្របទៅនឹងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល ហើយយើងសង្ឃឹមថា ក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធ នឹងស្វែងរកដៃគូអភិវឌ្ឍន៍ និងដៃគូផ្សេងៗទៀត ទៅលើការគាំទ្រផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍»។

តាមរយៈគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ មាននិស្សិតកម្ពុជាសរុបចំនួន ១៥២នាក់ បានសិក្សានៅព្រះរាជាណាចក្រថៃ ក្នុងនោះបានបញ្ចប់ការសិក្សាចំនួន ១១៧នាក់។ ចំនួននិស្សិតកម្ពុជាសរុបដែលបានបញ្ចប់ការសិក្សាទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមរយៈគម្រោងផ្ដល់អាហារូបករណ៍នេះ មានសរុបចំនួន ១៦៩នាក់៕ ដោយ៖ ជា សុខនី

ads banner