កូរ៉េខាងជើងបរាជ័យជាលើកទី២ ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្ម ខណៈប្ដេជ្ញានឹងធ្វើជាថ្មីម្ដងទៀត

ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង(KCNA) បានរាយការណ៍ថា កូរ៉េខាងជើងបានបរាជ័យជាលើកទី២ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មនៅក្នុងគន្លងតារាវិថីនាថ្ងៃព្រហស្បតិ៍នេះបន្ទាប់ពីម៉ាស៊ីនជំរុញគ្រាប់រ៉ុក្កែតបានជួបប្រទះបញ្ហាក្នុងកំលុងពេលប្រតិបត្តិការបាញ់បង្ហោះ។

ការបរាជ័យលើកនេះ កើតមានបន្តពីការបរាជ័យកាលពីខែឧសភា នៅពេលរ៉ុក្កែតបាញ់បង្ហោះផ្កាយរណបធ្លាក់ចូលសមុទ្រ។ ប៉ុន្តែទីភ្នាក់ងារអវកាសកូរ៉េខាងជើងទទូចថា ខ្លួននឹងធ្វើការបាញ់បង្ហោះម្ដងទៀត នៅខែតុលាខាងមុខ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានផ្សាយពីការបាញ់បង្ហោះចុងក្រោយនៅថ្ងៃព្រហស្បតិ៍ថា៖ «ការបង្ហោះក្នុងដំណាក់កាលទី ១ និងទី ២ នៃគ្រាប់រ៉ុក្កែត គឺមានលក្ខណៈធម្មតា ប៉ុន្តែការបាញ់បង្ហោះបានបរាជ័យ ដោយសារតែបញ្ហាប្រព័ន្ធបំផ្ទុះបន្ទាន់ក្នុងកំលុងដំណាក់កាលទី៣»។

រដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិកូរ៉េខាងជើង (NADA) បាននិយាយថា ខ្លួននឹងស៊ើបអង្កេត និងចាត់វិធានការដើម្បីជួសជុល រកមូលហេតុនៃការបរាជ័យកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែថាវា «មិនមែនជាបញ្ហាធំទេ» ទាក់ទងនឹងប្រព័ន្ធរ៉ុក្កែត។

KCNA បានរាយការណ៍បន្តថា៖ «NADA បានសម្តែងជំហរថា ខ្លួននឹងធ្វើការបាញ់បង្ហោះផ្កាយរណបចារកម្មទីបីនៅខែតុលា បន្ទាប់ពីបានស៊ើបអង្កេតយ៉ាងហ្មត់ចត់នូវហេតុផល ហើយចេញវិធានការ»។
ជុំវិញការណ៍នេះផងដែរ យោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានតាមដានការបាញ់បង្ហោះរបស់កូរ៉េខាងជើង ដែលធ្វើឡើងនៅមូលដ្ឋានបាញ់បង្ហោះផ្កាយរណប Sohae ហើយក៏បានសន្និដ្ឋានថា វាជាការបរាជ័យ។

គួរបញ្ជាក់ថា កូរ៉េខាងជើងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បាននិងកំពុងព្យាយាមបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនទៅកាន់គន្លងតារាវិថីរបស់ផែនដី ដោយអ្នកវិភាគមើលឃើញថា វានឹងមានសារៈសំខាន់ដើម្បីតាមដានចលនារបស់ទាហានអាមេរិក និងកូរ៉េខាងត្បូង។

ការបាញ់បង្ហោះចុងក្រោយនេះ បង្កជាការព្រមានឱ្យប្រជាជននៅបណ្ដុំកោះ Okinawa ជប៉ុន មានការប្រុងប្រយ័ត្ន មុនពេលការព្រមាននេះដកចេញវិញប្រហែល ២០ នាទីក្រោយមក បន្ទាប់ពីរដ្ឋាភិបាលជប៉ុនឃើញថា រ៉ុក្កែតបង្ហោះផ្កាយរណបរបស់កូរ៉េខាងជើងហោះហួសចូលទៅមហាសមុទ្រប៉ាស៊ីហ្វិក។

ទោះយ៉ាងណាក៏ដោយ ការបាញ់បង្ហោះលើកនេះ ក៏រងការថ្កោលទោសដូចលើកមុនដែរ។ ប្រធានខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno បាននិយាយថា ការបាញ់មីស៊ីលម្តងហើយម្តងទៀត គឺជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។ លោកបន្តថា៖ «យើងតវ៉ាខ្លាំងប្រឆាំងនឹងកូរ៉េខាងជើង ហើយថ្កោលទោសប្រទេសនេះក្នុងលក្ខខណ្ឌខ្លាំងបំផុត ដែលអាចធ្វើទៅបាន»។

ចំណែកឯក្រុមប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូងវិញ បានថ្កោលទោសការបាញ់បង្ហោះនេះ ដោយលើកឡើងថា វាជាការញុះញង់ និងរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។

ជាមួយគ្នានេះផងដែរ អាមេរិកបានថ្កោលការណ៍នេះដូចគ្នា ដោយសម្អាងថា វារំលោភលើសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈក្រសួងការបរទេសអាមេរិក បានជំរុញឱ្យកូរ៉េខាងជើងឈប់ធ្វើសកម្មភាពគំរាមកំហែងបន្ថែមទៀត៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner