ប្រធានាធិបតីគុយបា អញ្ជើញឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំក្រុមប្រទេស G-77 បូកចិន នៅគុយបានាខែកញ្ញាខាងមុខ
ភ្នំពេញ៖ ប្រធានាធិបតីគុយបាឯកឧត្តម Miguel Díaz-Canel បានអញ្ជើ្ញញប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្មីឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ទៅចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេស G-77 បូកចិននៅប្រទេសគុយបា នាខែកញ្ញាខាងមុខ ដែលមានការចូលរួមពីប្រមុខរដ្ឋ និងរដ្ឋាភិបាលជាច្រើន លើកឡើងពីបញ្ហាប្រឈមនៃការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន។
ការអញ្ជើញរបស់មេដឹកនាំគុយបានេះធ្វើឡើងតាមរយៈសារលិខិតអបអរសាទរដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានក្លាយជានាយករដ្ឋមន្ត្រីជាផ្លូវការនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ពីសំណាក់លោក Miguel Díaz-Canel។
ក្នុងសារលិខិតនោះ ប្រធានាធិបតីគុយបា បានថ្លែងអបអរសារទរ និងជូនពរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឱ្យទទួលបានជោគជ័យក្នុងការដឹកនាំប្រទេសកម្ពុជា ហើយឯកឧត្តមក៏បង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងមិត្តភាព និងសហប្រតិបត្តិការ សាមគ្គីភាព រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង២ ផងដែរ ជាពិសេសការលើកកម្ពស់កិច្ចសន្ទនានយោបាយ។
ឯកឧត្តមក៏អញ្ជើញនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាឱ្យចូលរួមកិច្ចប្រជុំកំពូលប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋនៃក្រុមប្រទេស G-77 បូកចិន ដែលប្រព្រឹត្តទៅនៅខែកញ្ញាខាងមុខនៅប្រទេសគុយបាសំដៅពិភាក្សាពីវិបត្តិប្រឈមនានាជុំវិញការអភិវឌ្ឍក្នុងគ្រាបច្ចុប្បន្ន។
ឯកឧត្តមបានលើកឡើងនៅក្នុងលិខិតអបអរថា៖« ខ្ញុំសង្ឃឹមថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅប្រទេសគុយបា ដើម្បីចូលរួមកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ ។
គួរជម្រាបជូនថា កិច្ចប្រជុំកំពូលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃក្រុមប្រទេស G-77 បូកចិន នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ ១៦ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ នៅរដ្ឋធានីហាវ៉ាណា ប្រទេសគុយបា ក្រោមប្រធានបទ «តួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស៊ឺន សម អ្នកជំនាញទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថាការអញ្ជើញរបស់គុយបានេះ ពិតជាមានតម្លៃខ្លាំងណាស់ ខណៈប្រទេសទាំងពីរ ធ្លាប់ជាមិត្តចាស់ ជាពិសេសក្នុងរបបរដ្ឋាភិបាលកម្ពុជាក្រោយរបបខ្មែរក្រហម។
លោកបន្តថា៖« ខ្ញុំគិតថា បើឯកឧត្តមហ៊ុន ម៉ាណែត ទទួលយកការអញ្ជើញនេះ ជារឿងចំណេញសម្រាប់កម្ពុជា គឺចំណេញក្នុងវិស័យការទូត ព្រោះក្រុមប្រទេស G-77 ជាបណ្តុំប្រទេសកំពុងអភិវឌ្ឍន៍ហើយបូករួមវត្តមានចិន។ បើកម្ពុជាតាមរយៈនាយករដ្ឋមន្ត្រីថ្មីចូលរួម ជាការបង្ហាញវត្តមានលើឆាកអន្តរជាតិផង និងអាចបង្កើនភាពស្និទ្ធស្នាលជាមួយថ្នាក់ដឹកនាំទាំងនោះផង»។
សម្រាប់ លោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ លើកឡើងថា កិច្ចប្រជុំនៃក្រុមប្រទេស G-77 ជាកិច្ចប្រជុំរបស់ក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធដែលចងក្រងឡើងជាយូរលង់ណាស់មកហើយ ជាពិសេសក្នុងបរិបទសង្គ្រាមត្រជាក់ ឬត្រូវបានគេស្គាល់ថាជាក្រុមប្រទេសលោកខាងត្បូង(Global South) ដែលមានធ្លាប់ភាពស្ងប់ស្ងាត់ក្រោយសហភាពសូវៀតដួលរលំ ប៉ុន្តែបច្ចុប្បន្នមានភាពសកម្មឡើងវិញក្នុងបរិបទប្រកួតប្រជែងឥទ្ធិពលរវាងសហរដ្ឋអាមេរិកនិងចិន។
លោកលើកឡើងពីផលចំណេញដែលកម្ពុជាចូលរួមថា៖«កិច្ចប្រជុំ G-77 យើងអាចចាត់ទុកថាជាវេទិកាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានតួនាទីកំណត់របៀបវារៈនយោបាយសាកលទៅលើវិស័យអភិវឌ្ឍន៍ជាមួយក្រុមមហាអំណាច ព្រោះសមាជិកខ្លះជាប្រទេសសំខាន់តួយ៉ាង ចិន ឥណ្ឌា និងរុស្ស៊ី ជាដើម» ។
សម្រាប់ទំនាក់ទំនងទ្វេកម្ពុជា-គុយបា វិញ លោកសេង វណ្ណលី បញ្ជាក់ថា ប្រទេសទាំង២ មិនទាន់មានកិច្ចសហប្រតិបត្តិការជាដុំកំភួននៅឡើយទេ ដោយកន្លងមកច្រើនតែជាកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងការបណ្តុះបណ្តាលធនធានមនុស្ស ដោយគុយបា បានទទួលយកនិស្សិតកម្ពុជាជាច្រើននាក់។ ក្រៅពីនោះ គឺគ្រាន់តែជាធ្វើពិពិធកម្មការទូតនឹងគ្នា និងការគាំទ្រគ្នាលើឆាកអន្តរជាតិប៉ុណ្ណោះ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា