វចនានុក្រមខ្មែរថ្មីរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរគ្រោងបោះពុម្ពផ្សាយនៅដើមខែកញ្ញា បន្ទាប់ពីចំណាយពេលជិតបួនឆ្នាំ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ វចនានុក្រមខ្មែរថ្មីរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា គ្រោងបោះពុម្ពផ្សាយជាផ្លូវការនៅដើមខែកញ្ញា បន្ទាប់ពីចំណាយពេលអស់ជិតបួនឆ្នាំក្នុងការចងក្រងដោយមានការចូលរួមពីអ្នកជំនាញអក្សរសាស្រ្តខ្មែរ និងភាសាវិទ្យាជាច្រើនរូបទូទាំងប្រទេសក្រោមការគាំទ្រដោយរដ្ឋាភិបាលផ្ទាល់។

បើយោងតាមការឱ្យដឹងនៅថ្ងៃទី២១ ខែសីហា ពីលោក សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ វចនានុក្រុមថ្មីដែលមានពាក្យសរុប ៤ ៤៦៩៧ ពាក្យ និងមេពាក្យចំនួន ៣១ ០៧៣ ពាក្យ គ្រោងនឹងបោះពុម្ពផ្សាយជាផ្លូវការនៅដើមខែកញ្ញា ខណៈវចនានុក្រមថ្មីនេះ បានដំណើការតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈប្រព័ន្ធទូរស័ព្ទឆ្លាតវៃ រួចជាស្រេចទៅហើយ។

តាមការបញ្ជាក់ពីលោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងដែរថា រាជបណ្ឌិត្យសភាកម្ពុជាធ្លាប់បានបញ្ជាក់កាលពីឆ្នាំ២០២០ រួចហើយថា នៅឆ្នាំ២០២៣នេះនឹងបញ្ចេញវចនានុក្រមថ្មីមួយដែលជាការធ្វើពិពិធកម្មជាមួយវចនានុក្រមចាស់របស់សម្តេចសង្ឃរាជ ជួន ណាត បូកផ្សំពាក្យថ្មីក្នុងសម័យទំនើបដើម្បីឱ្យស្របតាមការវិវត្តរបស់សង្គមនៅឆ្នាំ២០២៣ដែលមានក្រុមប្រឹក្សាជាតិភាសាខ្មែរជាសេនាធិការ។

លោកបានថ្លែងថា កន្លងមក យើងប្រើប្រាស់វចនានុក្រមសម្តេចព្រះសង្ឃរាជជួន ណាត រាប់សិបឆ្នាំមកហើយ ខណៈសង្គមជាតិមានការរីកចម្រើនពាក្យថ្មីបានកើតមានឡើង ហើយយើងមិនបានចងក្រងជាវចនានុក្រម ។ពេលនេះយើងចងក្រងបានហើយសម្រាប់ប្រើប្រាស់ថ្នាក់ជាតិ ដែលរដ្ឋាភិបាលបានជួយគាំទ្រផងដែរ»។

លោក យង់ ពៅ បានលើកឡើងទៀតថា វចនានុក្រមថ្មីនេះ ចងក្រងឡើងអស់រយៈពេលជិតបួនឆ្នាំដោយមានការចូលរួមពីអ្នកជំនាញពីគ្រប់ទិសទីនៅទូទាំងប្រទេស សហការជាមួយក្រសួង មន្ទីរ ស្ថាប័ននានា ដើម្បីបំពេញពាក្យពេចន៍ថ្មីៗដែលបានប្រើប្រាស់ក្នុងសង្គមខ្មែរចូលផ្សំជាមួយវចនានុក្រមចាស់របស់សម្តេចសង្ឃរាជជួន ណាត។

លោកបន្តថាសម្តេចព្រះសង្ឃជូន ណាត បានបញ្ជាក់ក្នុងមុខកថាហើយថា ព្រះអង្គចងក្រងឡើងគ្រាន់តែជាការត្រួសត្រាយផ្លូវក្រួសក្រហមប៉ុណ្ណោះ ដែលទាមទារអ្នកជំនាន់ក្រោយបំពេញបន្ថែម។

លោក យង់ ពៅ បានបញ្ជាក់ទៀតថា វចនានុក្រមនេះជាការជួយដល់ការប្រើប្រាស់ភាសាខ្មែរសម្រាប់សាធារណជនអាចផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធ អត្ថន័យ នៅជីវភាពប្រចាំថ្ងៃ។រាជបណ្ឌិត្យសភាបានចេញផ្សាយជាកម្មវិធីអេឡិចត្រូនិករួចស្រេចកាលពីឆ្នាំ២០២២ ដើម្បីបង្កើតភាពងាយស្រួលដល់ការប្រើប្រាស់ និងការធ្វើបច្ចុប្បន្នភាពបន្ថែមពាក្យថ្មីផង។

លោកបន្តថា ៖ «រាជបណ្ឌិត្យសភាកម្ពុជាដែលមានក្រុមប្រឹក្សាជាតិភាសាខ្មែរជាសេនាធិការ នឹងមានបេសកកម្មថ្មីៗបន្ថែមទៀតដើម្បីលើកកម្ពស់វិស័យអក្សរសាស្ត្រខ្មែរ ដែលខ្លួនគ្រោងចងក្រងសទ្ទានុក្រមខ្មែរទៅលើ ១៧ ជំនាញ ខណៈក្រុមការងារកំពុងធ្វើការងារយ៉ាងសស្រាក់សស្រាំជារៀងរាល់ថ្ងៃ ហើយក្រុមការងារបានចងក្រងវចនានុក្រមពាក្យបុរាណខ្មែររួចស្រេចហើយ»។

សូមបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជាធ្លាប់ចេញផ្សាយកម្មវិធីសុសវែរ (Software) វចនានុក្រមខ្មែររបស់ខ្លួនកាលពីឆ្នាំ២០២២ ដែលអាចប្រតិបត្តិការបានទាំងប្រព័ន្ធ Android និងIOSផងដែរ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner