អគ្គលេខាធិការដ្ឋានភូមិមួយផលិតផលមួយ បានប្រកាសទទួលស្គាល់ផលិតផល “ភូមិមួយផលិតផលមួយ” ប្រាំបួនទីតាំងនៅខេត្តរតនគិរី

អត្ថបទដោយ៖
CPA

រតនគិរី៖ អគ្គលេខាធិការដ្ឋានភូមិមួយផលិតផលមួយបានប្រកាសទទួលស្គាល់ផលិតផល “ភូមិមួយផលិតផលមួយ” ដល់ម្ចាស់មូលដ្ឋានចំនួនប្រាំបួនទីតាំងក្នុងខេត្តរតនគិរី និងបន្តជំរុញឱ្យម្ចាស់មូលដ្ឋានដែលមិនទាន់ទទួលស្គាល់ផ្សេងទៀត ចូលរួមជាសមាជិកចលនាភូមិមួយផលិតផលមួយ។

អគ្គលេខាធិការដ្ឋានភូមិមួយផលិតផលមួយរួមជាមួយនិងអាជ្ញាធរខេត្តរតនគិរី កាលពីថ្ងៃទី២៣ ខែសីហា បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០២៣ និងប្រកាសទទួលស្គាល់ផលិតផលភូមិមួយផលិតមួយនៅខេត្តរតនគិរី។ នេះបើតាមមន្ទីរព័ត៌មានខេត្តរតនគិរី ។

លោក ជា ថាវរិទ្ធ អភិបាលរងខេត្តរតនគិរី បានលើកឡើងក្នុងសិក្ខាសាលាថា ក្នុងរយៈពេលកន្លងមកនេះ ក្រុមការងារនៃលេខាធិការដ្ឋានបានរួមសហការជាមួយនិងរដ្ឋបាលគ្រប់ថ្នាក់ចុះសិក្សា ស្រាវជ្រាវដល់គោលដៅ និងទីកន្លែងសិប្បកម្ម ផលិតកម្មវត្ថុធាតុដើម ផលិតផលកែច្នៃនិងផលិតកម្ម សេវាកម្ម ដោយអនុវត្តវិធីសាស្ត្រ អង្កេត សម្ភាសន៍ និងមានកិច្ចប្រជុំវាយតម្លៃដាក់ពិន្ទុយ៉ាងត្រឹមត្រូវជាអាទិ៍។ ក្នុងនោះមាន ផ្នែកផលិតកម្ម ចំនួនប្រាំបីទីតាំង និងផ្នែកសេវាកម្ម មានចំនួនបួនទីតាំង ដើម្បីលើកសំណើទៅគណៈកម្មាធិការជាតិ ស្នើសុំចុះបញ្ជីចូលជាសមាជិកភូមិមួយផលិតផលមួយនៅខេត្តរតនគិរី។ ជាលទ្ធផលសម្រាប់ខេត្តរតនគិរីសម្រេចបានការគាំទ្រចុះបញ្ជី ផលិតផលខ្មែរដែលទទួលស្គាល់ជាផលិតផលភូមិមួយផលិតផលមួយរបស់ខេត្តពីគណៈកម្មាធិការជាតិក្នុងនោះមាន វិស័យឧស្សាហកម្មមានចំនួន ៦ទីតាំង និងវិស័យសេវាកម្មមានចំនួន ៣ទីតាំង ព្រមទាំងប្រគល់វិញ្ញាបនបត្រ ទទួលស្គាល់ផលិតផលភូមិមួយ ផលិតផលមួយ ដល់ម្ចាស់មូលដ្ឋានទាំងប្រាំបួនទីតាំងផងដែរ។

លោក ផល សុជាតិ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ក៏បានថ្លែងថា ការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយមានសារៈប្រយោជន៍សំខាន់ដល់ការអនុវត្តគោលនយោបាយជាតិជំរុញចលនាភូមិមួយផលិតផលមួយ ព្រោះវានឹងផ្ដល់លទ្ធភាពឱ្យអាជ្ញាធរអាចប្រមូលផ្តុំផលិតករ ប្រមូលចងក្រងនូវព័ត៌មាន និងបញ្ហានានា ដើម្បីរៀបចំផែនការ និងដាក់ចេញសកម្មភាពអន្តរាគមន៍ឱ្យមានប្រសិទ្ធភាព។

លោក ផល សុជាតិ បានឱ្យដឹងថា៖ «យើងនឹងជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងការអនុវត្តធ្វើការណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមការដ្ឋានឱ្យបានយល់ច្បាស់ថែមទៀតអំពីសារៈសំខាន់ និងផលប្រយោជន៍សំខាន់ៗ ក្នុងការចូលរួមជំរុញចលនាភូមិមួយផលិតផលមួយ»៕ ដោយ៖ ជា សុខនី

ads banner