លោក Trump ត្រូវបានចាប់ខ្លួនក្នុងសំណុំរឿងបោះឆ្នោត ហើយត្រូវបានដោះលែង
វ៉ាស៊ីងតោន ឌីស៊ី៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានចាប់ខ្លួននៅពន្ធនាគារ ក្នុងរដ្ឋហ្សកហ្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ពីបទសមគំនិត ហើយត្រូវបានដោះលែងវិញ បន្ទាប់ពីបង់ប្រាក់ធានា ២០ម៉ឺនដុល្លារ។
លោក Trump ដែលត្រូវបានចោទប្រកាន់ពីបទឃុបឃិតជាមួយជនជាប់ចោទ ១៨នាក់ផ្សេងទៀត ដើម្បីព្យាយាមកែប្រែលទ្ធផលបោះឆ្នោតឆ្នាំ ២០២០ នៅរដ្ឋហ្សកហ្ស៊ី ភាគខាងត្បូងសហរដ្ឋអាមេរិក ។ ប៉ុន្តែ លោកបានចំណាយពេល តិចជាង ៣០ នាទីនៅក្នុងគុក Fulton County របស់ទីក្រុង Atlanta មុនពេលចាកចេញទៅកាន់អាកាសយានដ្ឋាន បន្ទាប់ពីបង់ប្រាក់ធានាក្រៅឃុំ ២សែនដុល្លារ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីការចាប់ខ្លួន លោក Trump ដែលជាអ្នកនាំមុខគេសម្រាប់ការតែងតាំងប្រធានាធិបតីពីគណបក្សសាធារណរដ្ឋឆ្នាំ ២០២៤ បាននិយាយថា «វាជាថ្ងៃដ៏សោកសៅបំផុតសម្រាប់សហរដ្ឋអាមេរិក»។ លោកបានមានប្រសាសន៍ទៀតថា “អ្វីដែលបានកើតឡើងនៅទីនេះគឺជាការកាត់ទោសដោយអយុត្តិធម៌..ខ្ញុំមិនបានធ្វើអីខុសទេ»។
លោក Trump ក៏បានបង្ហោះរូបចម្លាក់នៅលើវេទិកាសង្គម Truth Social ផ្ទាល់ខ្លួនរបស់លោក ជាមួយនឹងចំណងជើងថា “ការជ្រៀតជ្រែកការបោះឆ្នោត” ជាមួយនឹងតំណភ្ជាប់ទៅកាន់គេហទំព័រយុទ្ធនាការរបស់លោក។
ក្នុងពេលចូលពន្ធនាគារ លោក ត្រាំ ត្រូវបានគេផ្តល់លេខសម្គាល់ P01135809 មានកម្ពស់ ១.៩០ម៉ែត្រ និងមានទម្ងន់ ជាង៩៧គីឡូក្រាម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


