ឯកឧត្តម ហេង សួរ៖ បើទោះបីអ្វីៗមិនទាន់ដល់ក្ដីប្រាថ្នារបស់កម្មករនិយោជិត ១០០ភាគរយ តែប្រសើរជាង៤-៥ឆ្នាំមុនច្រើន

ភ្នំពេញ៖ ក្រោយពីពេលដែលចុះជួបកម្មករនិយោជិតនៅតាមបន្ទប់ជួល ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកថាទោះបីអ្វីៗទទួលបានមិនទាន់ដល់នូវក្ដីប្រាថ្នារបស់កម្មករនិយោជិត១០០ភាគរយក៏ពិតមែន ប៉ុន្តែបានប្រសើរជាងស្ថានភាព៤ទៅ៥ឆ្នាំមុនច្រើន។

ការលើកឡើងពីសំណាក់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារថ្មីបែបនេះធ្វើឡើងនាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ពេលដែល ឯកឧត្តម បានចុះជួបកម្មករនិយោជិតជាលើកទី២ នៅតាមបន្ទប់ជួល ម្ដុំផ្សារ សាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ។

ការចុះជួបកម្មករនិយោជិតនេះដែរធ្វើឡើងបន្ទាប់ពី ឯកឧត្តម ហេង សួរ បានចូលកាន់តំណែងផ្លូវការជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៣រួចមក។

ឯកឧត្តម បានចុះជួបកម្មករនិយោជិត២ថ្ងៃជាប់ៗគ្នាពោលគឺក្រោយមួយថ្ងៃបន្ទាប់ពីចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការងារ។ការចុះជួបកម្មករនេះដែរត្រូវបាន ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារថ្មីលើកឡើងថាដើម្បីទទួលបានព័ត៌មាន ទិន្នន័យ និងសំណូមពរដែលពាក់ព័ន្ធនឹងស្ថានភាពរស់នៅ ស្ថានភាពនៅកន្លែងបំពេញការងារ រាប់ទាំងបញ្ហាអាហារហូបចុក អនាម័យ បរិយាកាសការងាររបស់កម្មករនិយោជិត។

ឯកឧត្តម ហេង សួរ បានបន្តថា «ជាការពិតអ្វីៗ ដែលមានចំពោះមុខគឺមិនទាន់ដល់ក្តីប្រាថ្នា១០០ភាគរយ របស់បងប្អូននៅឡើយ ប៉ុន្តែបងប្អូនប្រៀបធៀបអតីតកាល៤ទៅ៥ឆ្នាំមុន និងបច្ចុប្បន្នគឺល្អជាងមុនច្រើន ជាក់ស្តែងគឺបងប្អូនដឹងច្បាស់ថាតម្លៃភ្លើង និងទឹកស្អាតឥឡូវ គឺថោកជាងកាលពីឆ្នាំ២០១៨។ ឥឡូវនេះពេលបងប្អូនឈឺថ្កាត់គឺមិនខ្លាចនឹងទៅពេទ្យ ដោយសារមានបណ្ណ ប.ស.ស និងមន្ទីរពេទ្យនៅក្បែរផ្ទះជួល ឬរោងចក្រ»។

ឯកឧត្តមបានបញ្ជាក់ប្រាប់កម្មករនិយោជិតថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងបន្តខិតខំដោះស្រាយ គាំពារជូនកម្មករ-កម្មករិនីឱ្យកាន់តែប្រសើរថែមទៀត ដើម្បីជំរុញជីវភាពការរស់នៅ និងសុខុមាលភាពរបស់កម្មករនិយោជិត។

ជាមួយគ្នានេះឯកឧត្តម រដ្ឋមន្ត្រីមានសុទិដ្ឋិនិយមថា ឈរលើមរតកសុខសន្តិភាពដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងក្រោមការងារដឹកនាំប្រកបដោយថាមពលក្លៀវក្លាស្វាហាប់មោះមុតមិនខ្លាចនឿយហត់របស់ លោកបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តបោះជំហានទៅមុខដោយមិនថយក្រោយឡើយ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner