គណបក្សប្រឆាំងកូរ៉េខាងត្បូងតវ៉ាប្រឆាំងនឹងការបញ្ចេញទឹកសំណល់ នៅហ្វូគូស៊ីម៉ា
សេអ៊ូល៖ ថ្នាក់ដឹកនាំនិងសមាជិកគណបក្សប្រឆាំងដ៏មានឥទ្ធិពល នៅកូរ៉េខាងត្បូងបានដើរដង្ហែតាមដងផ្លូវក្នុងទីក្រុងសេអ៊ូល ប្រមូលផ្តុំគ្នាប្រឆាំងនឹងការបញ្ចេញទឹកសំណល់ ដែលបញ្ចេញពីពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា (Fukushima) ដែលខូច។
លោក Lee Jae-myung មេដឹកនាំគណបក្សប្រឆាំង គឺគណបក្សប្រជាធិបតេយ្យកូរ៉េ និងសមាជិកបក្ស បាននាំគ្នាដើរដង្ហែពីច្រក Gwanghwamun ទៅកាន់ការិយាល័យប្រធានាធិបតី នៅ Yongsan ។
ក្រុមមនុស្សរាប់រយនាក់ដែលបានដើរតាមដងផ្លូវកាន់បដាទាំងនោះបាននាំគ្នាស្រែកថា «ឈប់ចោលសំរាមក្នុងសមុទ្រ»។
គូរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ប្រទេសជប៉ុនផ្តើមបញ្ចេញទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ Fukushima-Daiichi ជារោងចក្រដែលរងការខូចខាតអំលុងមហន្តរាយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ឆ្នាំ២០១១។
យ៉ាងណាក្តី ប្រទេសជិតខាងមួយចំនួនរបស់ជប៉ុន ក៏បានបង្ហាញក្តីបារម្ភនិងបញ្ចេញមតិរិះគន់ ជុំវិញសុវត្ថិភាពនៃការបញ្ចេញទឹកសំណល់វិទ្យុសកម្មរបស់ទីក្រុងតូក្យូផងដែរ ក្នុងនោះ រួមមានកូរ៉េខាងត្បូង និងចិន ជាដើម។ ក្រៅពីនេះ ក៏មានសកម្មជនធ្វើបាតុកម្មតវ៉ា ចំពោះសកម្មភាពនេះផងដែរ ដោយបារម្ភពីផលនេសាទ និងបរិស្ថាន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


