មូលនិធិកូកា-កូឡាសហការជាមួយអង្គការកម្ចីខ្នាតតូច Kiva ជួយគាំទ្រដល់សហគ្រិនប្រមាណ ៤៥.០០០នាក់ជុំវិញពិភពលោក រួមទាំងកម្ពុជា

ទីក្រុងស៊ីដនី៖ មូលនិធិ កូកា-កូឡា ប្រកាសគាំទ្រយុទ្ធនាការ “Change Make Her” ដែលជាភាពជាដៃគូរយៈពេល៥ឆ្នាំថ្មីមួយ ជាមួយ Kiva ដែលជាអង្គការមិនរកប្រាក់ចំណេញផ្នែកផ្ដល់កម្ចីខ្នាតតូច។ ការគាំទ្រនេះ គឺដើម្បីជួយសហគ្រិននៅជុំវិញពិភពលោក ដែលពិបាកស្វែងរកសេវាហិរញ្ញវត្ថុ ឱ្យមានលទ្ធភាពកាន់តែច្រើន ក្នុងការទទួលបានសេវានេះ។

ការប្រកាសនេះធ្វើឡើងនៅឯកិច្ចប្រជុំកំពូលភាពចម្រុះ សមភាព និងបរិយាបន្ន ស្ដីអំពីប្រធានបទ «Level the Playing Field» របស់ Coca-Cola នៅឯទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ជាការខិតខំមួយទៀតបន្ថែមពីលើការគាំទ្ររបស់ក្រុមហ៊ុនជាយូរមកហើយ សម្រាប់ការប្រកួត FIFA Women’s World CupTM។

លោកស្រី Saadia Madsbjerg ប្រធានមូលនិធិ កូកា-កូឡា បាននិយាយថា យើងរីករាយក្នុងការប្រកាសពីភាពជាដៃគូថ្មីរបស់យើងជាមួយ Kiva។ តាមរយៈការចូលរួមជាមួយអ្នកផ្តល់ប្រាក់កម្ចី និងដៃគូដែលមានទស្សនៈដូចគ្នាមកពីជុំវិញពិភពលោក កម្មវិធី Change Make Her នឹងអនុញ្ញាតឱ្យយើងផ្តល់ប្រាក់កម្ចីម្ដងហើយម្ដងទៀត ទន្ទឹមគ្នានឹងអ្នកផ្ដល់កម្ចីរាប់ពាន់ស្ថាប័នផ្សេងទៀត។ ការសហការណ៍នេះគឺជាភាពជាដៃគូដែលផ្អែកលើជំនឿដូចគ្នាមួយ ដែលជឿថា លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ មានឥទ្ធិពលជួយលើកកម្ពស់សហគមន៍បាន។

យើងសង្ឃឹមថា បន្ថែមពីលើការគាំទ្រដោយផ្ទាល់ដល់សហគ្រិន កម្មវិធី Change Make Her នឹងបង្កើតឥទ្ធិពលដ៏ប្រសើរជាបន្តបន្ទាប់សម្រាប់មនុស្សជំនាន់ក្រោយ នៅពេលដែលសហគ្រិនទាំងនោះ បន្តបង្កើតការងារថ្មី និងជំរុញឱ្យមានភាពរីកចម្រើននៅក្នុងសហគមន៍របស់ពួកគេ។ អ្នកនាង ស្ដើង ភារ៉ុង នាយិកាប្រតិបត្តិអង្គការបន្ទាយស្រី បាននិយាយថា ឥទ្ធិពលដែល Kiva មានចំពោះខ្ញុំ គឺមិនត្រឹមតែជួយឲ្យខ្ញុំអាចក្លាយជានាយិកាអង្គការម្នាក់ប៉ុណ្ណោះទេ តែថែមទាំងលើកទឹកចិត្តនារីនៅក្នុងគ្រួសារខ្ញុំ ដូចជាក្មួយស្រី និងក្មួយប្រុសរបស់ខ្ញុំផងដែរ ឲ្យតាំងចិត្តសិក្សា។

ដូច្នេះ ឥទ្ធិពលនេះ មិនមែនមានចំពោះតែខ្ញុំម្នាក់ឯងទេ គឺចំពោះមនុស្សរាប់សិប រាប់ពាន់នាក់ឯណោះ។ លោក Vishal Ghotge នាយកប្រតិបត្តិ Kiva បានបញ្ជាក់ថា Kiva មានកិត្តិយសក្នុងការចាប់ដៃគូជាមួយមូលនិធិ កូកា-កូឡា ក្នុងការពង្រីកការងារផ្ដល់សេវាហិរញ្ញវត្ថុរបស់យើង តាមរយៈប្រាក់កម្ចីដែលអាចផ្លាស់ប្តូរជីវិតមនុស្សបាន។ បើប្រៀបធៀបនឹងការធ្វើតែឯកឯង ភាពជាដៃគូនេះជួយឲ្យយើង អាចផ្តល់ឱកាសដល់មនុស្សបានច្រើនជាង ដល់ទៅរាប់ពាន់នាក់ឯណោះ។

កត្តានេះ សបញ្ជាក់ឲ្យឃើញនូវឥទ្ធិពលនៃភាពជាដៃគូ ដែលមានគុណតម្លៃដូចគ្នា។ យើងសូមថ្លែងអំណរគុណចំពោះមូលនិធិ កូកា-កូឡា ដែលមានការប្តេជ្ញាចិត្តបែបនេះ ហើយយើងទន្ទឹងរង់ចាំធ្វើការជាមួយគ្នាលើការងារជំរុញសមភាពយេនឌ័រ ការផ្ដល់សេវាហិរញ្ញវត្ថុជូនជនភៀសខ្លួន និងសេវាកម្មដែលជួយបង្កើនភាពធន់នឹងអាកាសធាតុ នៅក្នុងសហគមន៍នានាជុំវិញពិភពលោក។

សូមបញ្ជាក់ថា កូកា-កូឡាកំពុងបន្តធ្វើការជាមួយដៃគូដ៏មានឥទ្ធិពលជុំវិញពិភពលោក ក្នុងការជំរុញឱ្យការងារលើកកម្ពស់ស្ត្រី និងក្រុមដែលមិនមានតំណាងនៅក្នុងវិស័យអាជីវកម្មនិងសង្គម កាន់តែអភិវឌ្ឍឲ្យបានទូលំទូលាយជាងមុន។ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ កម្មវិធី Change Make Her នឹងដើរតួជាមូលនិធិកម្ចីដែលវិលទៅវិលមក សម្រាប់ជួយគាំទ្រដល់សហគ្រិននៅអាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិកខាងត្បូង អាហ្រ្វិក អាមេរិកឡាទីន និងអឺរ៉ុប ដែលធ្វើអាជីវកម្មលើវិស័យសំខាន់ៗ រួមមានដូចជាវិស័យកសិកម្មបែបចីរភាព, ភាពធន់នឹងអាកាសធាតុ ទឹក និងវិស័យលក់រាយ៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner