ឯកឧត្តម កើត ឆែ ៖ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ អង្គភាពជំនាញ ត្រូវផ្តល់កិច្ចសហការល្អ ជាមួយសហគ្រាសធុនតូច និងមធ្យម (SMEs)
ភ្នំពេញ៖ ឯកឧត្តម កើត ឆែ បានអំពាវនាវដល់រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តផ្តល់កិច្ចសហការល្អ និងបង្កលក្ខណៈងាយស្រួលជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ក៏ដូចជាបណ្តាអាជីវកម្មដ្ឋានស្របច្បាប់នានា ដើម្បីបង្កើននូវទំនុកចិត្ត និងបរិយាកាសវិនិយោគក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើង ។
ឯកឧត្តម កើត ឆែ អភិបាល រងរាជធានីភ្នំពេញ បានអំពាវនាវបែបនេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការអភិវឌ្ឍអាជីវកម្មក្រោយបរិបទកូវីដ-១៩ ដែលរៀបចំឡើង ដោយសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តម កើត ឆែ បញ្ជាក់ថា ក្នុងករណីមានសំណួរ សំណើ និងសំណូមពរណាមួយពាក់ព័ន្ធនឹងសមត្ថកិច្ចគ្រប់គ្រងរបស់មន្ទីរ-អង្គភាពវិស័យជំនាញ ឬអាជ្ញាធរមូលដ្ឋាននៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញនឹងពិនិត្យលទ្ធភាពដោះស្រាយ និងសម្របសម្រួលជូនក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
ក្នុងឱកាសនោះដែរលោក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា ដោយមើលឃើញពីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានច្រើនណាស់ដែលកំពុងត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការជួយជ្រោមជ្រែងបន្ថែមទៀត ទាំងផ្នែកបច្ចេកទេស ការជំរុញទីផ្សារក្នុងស្រុក និងការជំរុញទីផ្សារទៅក្រៅប្រទេស ក៏ដូចជាធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្មរបស់គាត់។ ដូច្នេះទើបសមាគមសហគ្រាសធុនតូច និងមធ្យម សហការសម្របសម្រួលរៀបចំ សិក្ខាសាលានេះឡើង ៕ដោយ ហេង សម្បត្តិ


