ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ បន្តបំពេញភារកិច្ចរៀងៗខ្លួន ជាប្រក្រតី

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ បន្តបំពេញភារកិច្ចរៀងៗខ្លួនជាប្រក្រតី ដោយជ្រោងទង់សាមគ្គី ឯកភាពគ្នាផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងរក្សាពូនជ្រំមរតកដ៏មានតម្លៃ ដែលថ្នាក់ដឹកនាំជំនាន់មុនបន្សល់ទុកឱ្យ ដើម្បីចូលរួមគាំទ្រសម្រេចឱ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំដំបូងជាមួយថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាអាទិភាពមួយខ្ពស់ នៅក្នុងរបៀបវារៈសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល ដែលត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលជាគោលការណ៍គ្រឹះរបស់រាជរដ្ឋាភិបាលថ្មី ក្នុងការបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខកាន់តែស្វាហាប់ និងរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលថ្មីបានប្តេជ្ញា ធានាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរស់នៅដោយសុខសាន្តជូនប្រជាជនកម្ពុជាទាំងមូល ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner