អគ្គនាយករងនៃអគ្គនាយកកីឡា រំពឹងថា គុណភាពអប់រំ និងប្រព័ន្ធគ្រប់គ្រង ក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាកាន់តែល្អ

(ភ្នំពេញ)៖ លោក ស្រី ហ៊ូសិទ្ធិសោភាល័យ អគ្គនាយករងនៃអគ្គនាយកកីឡា មានប្រសាសន៍ថា តំណាងឲ្យអគ្គនាយកកីឡា លោកស្រី រំពឹងជឿជាក់ថា សិក្ខាកាម ដែលមានសមាសភាពចូលរួមដូចជាគណៈគ្រប់គ្រងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ប្រធានការិយាល័យ អនុប្រធានមជ្ឈមណ្ឌល ក្រុមការងារចំពោះកិច្ចផ្នែកបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ និងគ្រូឧទ្ទេសទាំងអស់ ដែលទទួលបានការបណ្តុះបណ្តាលរយៈពេល៣ថ្ងៃពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ពាក់ព័ន្ធនិងការប្រើប្រាស់បច្ចេកវិទ្យានិងសារគមនាគមន៍ នឹងទទួលបានចំណេះដឹងថ្មីបន្ថែមទៀត ជាទុនសម្រាប់ប្រើប្រាស់និងអនវត្តន៍នៅក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ដើម្បីកែលម្អនៃគុណភាពអប់រំ និងការគ្រប់គ្រងឲ្យកាន់តែល្អប្រសើរឈានក្លាយជាគ្រឹះស្ថានឧត្តមសិក្សាប្រកបដោយស្តង់ដារល្អមួយនៅកម្ពុជា។

លោក ស្រី អគ្គនាយករង បានមានប្រសាសន៍ទៀតថា បច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ ពិតជាមានសារៈសំខាន់និងចាំបាច់ណាស់ ព្រោះវាជាផែនទីបង្ហាញផ្លូវមួយច្បាស់លាស់ដល់បុគ្គលិកអប់រំនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ដើម្បីរួមគ្នាបង្កើតស្ថាប័នមួយនេះឲ្យក្លាយទៅជាគ្រឹះស្ថានគ្រូបង្រៀនកម្រិតឧត្តមសិក្សាពេញលេញមួយ ដែលមានប្រព័ន្ធគ្រប់គ្រងមួយរឹងមាំច្បាស់លាស់អាចរក្សាបាននូវរាល់ទិន្ន័យទាំងអស់មានសុវត្ថិភាព និងប្រសិទ្ធភាព។ លោក ស្រី អគ្គនាយករង បានគូសបញ្ជាក់ទៀតថា ការអភិវឌ្ឍន៍វិទ្យាស្ថានជាតិអប់រំកាយនិងកីឡាទៅជាគ្រឹះស្ថានឧត្តមសិក្សាដែលមានគុណភាព នឹងផ្តល់នូវធនធានមនុស្សជាគ្រូអប់រំកាយដែលមានសមត្ថភាពអាចបង្រៀនមុខវិទ្យាអប់រំកាយនៅតាមសាលាអប់រំកាយកាយបឋមភូមិ និងទុតិយភូមិ ប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យកុមារនៅកម្ពុជាអាចចូលរួមក្នុងសកម្មភាពអប់រំកាយបានគ្រប់ៗគ្នាមានកាយសម្បទារឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្ត មានប្រាជ្ញាស្មាតីល្អប្រសើរ រៀនពូកែក្លាយជាធនធានមនុស្សល្អនៅក្នុងសង្គមកម្ពុជា។

លោក ស្រី បានថ្លែងអំណរគុណដល់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសដែលបានគាំទ្រឧបត្ថម្ភដល់គម្រោងអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាអប់រំសម្រាប់គ្រូបង្រៀនអប់រំកាយពំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ ដែលមានរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០២៣នេះទៅ។

ដោយឡែក កញ្ញា វណ្ណផន សុជាតា គ្រូបង្រៀនអប់រំកាយ បានថ្លែងលើកឡើងដែរថា បច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់គ្រូៗ ព្រោះវាអាចបង្កើនចងក្រងជាឯកសារ ឬទិន្ន័យសម្រាប់បង្រៀនសិស្ស្ និងអាចចងអត្តលេខរបស់សិស្ស និទ្ទេសសិស្ស ដែលអាចឲ្យសិស្សចូលទៅពិនិត្យមើលបាន។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ រៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដើម្បីពង្រឹងការយល់ដឹងដល់គ្រប់គ្រងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ប្រធានការិយាល័យ អនុប្រធានមជ្ឈមណ្ឌល ក្រុមការងារចំពោះកិច្ចផ្នែកបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ និងគ្រូឧទ្ទេសទាំងអស់ អំពីបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ ឈនទៅបង្កើតផែនការសកម្មភាពសម្រាប់ការិយាល័យ និងមជ្ឈមណ្ឌលនីមួយៗ ដើម្បីកែលម្អគុណភាពអប់រំ និងប្រព័ន្ធគ្រប់គ្រងនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាកាន់តែល្អឆ្លើយតបការវិឌ្ឍពីវិទ្យាស្ថានអប់រំកាយនិងកីឡាក្លាយទៅជាគ្រឹះស្ថានឧត្តមសិក្សាអប់រំកាយនិងកីឡាដែលមានគុណភាពអប់រំកម្រិតស្តង់ដារនៅកម្ពុជា៕

រូបភាព ងីម ឆៃហួត អត្ថបទៈជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner