ប្រតិភូអប់រំកម្ពុជា ចុះសិក្សាពីការអភិវឌ្ឍកម្មវិធីសិក្សាភាសាចិន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនៅប្រទេសចិន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡាដែលដឹកនាំដោយឯកឧត្តម ពុត សាមិត្ត អនុរដ្ឋលេខាធិការបានធ្វើទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្វែងយល់ពីការអភិវឌ្ឍកម្មវិធីសិក្សាភាសាចិន នៅគ្រឹះស្ថានមធ្យមសិក្សាសាធារណៈរបស់ប្រទេសនេះ។

ប្រភពក្រសួងអប់រំ យុវជននិងកីឡាបានឱ្យដឹងថា ទស្សនកិច្ចសិក្សានេះធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្នុងគោលបំណងធ្វើការផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅពាក់ព័ន្ធនឹងការអនុវត្ត «អនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំប្រទេសចិន ស្តីពីការអភិវឌ្ឍកម្មវិធីសិក្សាភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា។

នាឱកាសនោះ លោក ហ៊ូ ជឺពីង (HU ZHIPING) អគ្គនាយករងនៃមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិនភាសាបរទេស របស់ប្រទេសចិន បានថ្លែងថា មិត្តភាពរវាងកម្ពុជា-ចិនមានភាពជិតស្និទ្ធ និងមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ។ បច្ចុប្បន្នកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងគ្រប់វិស័យក៏កាន់តែស៊ីជម្រៅជាងមុន ដែលញ៉ាំងឱ្យតម្រូវការធនធានមនុស្សផ្នែកភាសាកើនឡើងគួរឱ្យកត់សម្គាល់។

លោកបន្តថា៖«ឆ្នាំនេះជាខួបទី៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និងជា “ឆ្នាំមិត្តភាពកម្ពុជា-ចិន” ក្នុងឱកាសដ៏ពិសេសនេះមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិនភាសាបរទេសមានបំណងផ្តល់ការគាំទ្រយ៉ាងសកម្មដល់ការអប់រំភាសាចិននៅកម្ពុជាឱ្យប្រព្រឹត្តទៅប្រកបដោយគុណភាពខ្ពស់។ តាមរយៈការបញ្ជូនអ្នកឯកទេសដើម្បីជ្រោមជ្រែងភាគីកម្ពុជាក្នុងការបង្កើតកម្មវិធីសិក្សា តាក់តែងសៀវភៅសិក្សាគោល និងបណ្តុះបណ្តាលគ្រូបង្រៀនក្នុងស្រុក ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ភាគីកម្ពុជា»។

ជាការឆ្លើយតប ឯកឧត្តម ពុត សាមិត្ត អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ កម្ពុជា-ចិនបានបង្កើតចំណងមិត្តភាពដែកថែប ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះបានជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យអប់រំកាន់តែស៊ីជម្រៅជាងមុន។ លោកបន្តថា៖« ហេតុនេះ ដើម្បីជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រសួងអប់រំ បានបង្កើតគណៈកម្មាធិការសម្របសម្រួល សម្រាប់ការអប់រំភាសាចិន ដែលដឹកនាំដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ដើម្បីអភិវឌ្ឍន៍ការអប់រំភាសាចិននៅកម្ពុជាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ខណៈសកម្មភាពដែលដាក់ចេញក្នុងដំណាក់កាលដំបូងគឺធ្វើការសាកល្បងបង្រៀនភាសាចិននៅតាមសាលាមធ្យមសិក្សាសាធារណៈចំនួន ២០ សាលាផងដែរ»។

បើតាមក្រសួងអប់រំ បច្ចុប្បន្ននេះ មានគ្រឹះស្ថានអប់រំចំនួនលើសពី១០០ ដែលមានបើកវគ្គបណ្តុះបណ្តាលភាសាចិននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានចំនួនសិស្ស-និស្សិតលើសពី ១០ ម៉ឺននាក់ដែលកំពុងសិក្សាភាសាចិន។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិនភាសាបរទេស បានផ្តល់ជំនួយដល់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការបង្កើតវគ្គបណ្តុះបណ្តាលជំនាញគរុកោសល្យភាសាចិនថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ព្រមទាំងផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិននៅកម្ពុជា៕
ដោយ៖ បូរ ពេជ្យហ្សាលីន

ads banner