យោធភូមិភាគទី៥កម្ពុជា និងកងទ័ពភូមិភាគទី១ ថៃ ធ្វើជាសហប្រធានដាំដើមឈើអាស៊ាននៅតាមបន្ទាត់ព្រំដែន
ភ្នំពេញ៖ យោធភូមិភាគទី៥ (កម្ពុជា) និងកងទ័ពភូមិភាគទី១ (ថៃ) បានចូលរួមធ្វើជាសហប្រធាន ជាអធិបតីក្នុងពិធីដាំដើមឈើអាស៊ាននៅតាមខ្សែបន្ទាត់ព្រំដែននៅក្នុងគម្រោងការពារព្រៃឈើអាស៊ាន ប្រចាំឆ្នាំ២០២៣ ដើម្បីអភិរក្សធនធានព្រៃឈើធម្មជាតិឱ្យមានចីរភាព និងការពារគម្របព្រៃឈើ។

យោងតាមហ្វេសប៊ុករបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា ឯកឧត្តមឧត្តមសេនីយ៍ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ (កម្ពុជា) បានជួបជាមួយ លោកផាក់ណា ខ្លែវប្លតធុក មេបញ្ជាការកងទ័ពភូមិភាគទី១ (ថៃ) ជាសហប្រធាន បានអញ្ជើញជាអធិបតីក្នុងពិធីដាំដើមឈើអាស៊ាន ដែលពិធីដាំនេះ ធ្វើឡើងនៅទីធ្លាសាធារណៈចំណុចកណ្តាលរបស់ភូមិខៅចុងខាប ក្រុមទី១២ ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ។

នាឱកាសនោះឯកឧត្តម សេង ធារិន បានថ្លែងថា ពិធីដាំដើមឈើអាស៊ាន តាមបន្ទាត់ព្រំដែននៅក្នុងគម្រោងការពារព្រៃឈើអាស៊ានប្រចាំឆ្នាំ២០២៣ គឺដើម្បីជាការរអភិរក្សធនធានព្រៃឈើធម្មជាតិ ឱ្យមានចីរភាព ក៏ដូចជាការតភ្ជាប់ព្រៃឈើរបស់ព្រះរាជាណាចក្រថៃ ជាមួយព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយទៅជាព្រៃឈើតែមួយជាមួយគ្នា។ការដាំដើមឈើរួមគ្នា គឺជាសក្ខីភាពមួយបង្ហាញនូវការវិវឌ្ឍ ជាវិជ្ជមានក្នុងភាពជាដៃគូ និងចំណងមិត្តភាពដ៏ល្អប្រពៃណីរវាងប្រទេសយើងទាំងពីរ ស្របតាមមាគ៌ាជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏ដូចជាតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគកម្ពុជា-ថៃ លើកទី២៩កន្លងមកថ្មីៗនេះគឺការដាំដើមឈើអាស៊ានតាមបន្ទាត់ព្រំដែន។

«ការដាំដើមឈើនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតនូវការការពារ ជីវិតមនុស្ស ជីវិតសត្វ និងបង្កើតនូវអេកូឡូស៊ី ព្រមទាំងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិផ្សេងៗដែលកើតនៅតាមបរិវេណព្រំដែនរបស់ប្រទេសទាំងពីរ ក៏ដូចជាការឆ្លើយតបទៅនឹងកាប្រឈមជាមួយគ្រោះមហន្តរាយដោយការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះ។ នេះបើតាម ឯកឧត្តម សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បញ្ជាក់បន្ថែម៕ ដោយ៖ សុខ រក្សា

